(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា រួមជាមួយក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co Ltd (ជាងស៊ូ អៃបឺក អិនវ៉ាយរុនមិនថល ខុនសូលធីសឺវីស) បានប្រគល់ជូនចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថានដល់ប្រជាពលរដ្ឋចំនួន៦ភូមិ ក្នុងឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ពិធីខាងលើមានការចូលរួមពីលោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា តំណាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា លោក សាខុន ប៉ូរិន ប្រធានក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co Ltd លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង រួមជាមួយភ្ញៀវកិត្តិយស និងប្រជាពលរដ្ឋជិត១,០០០គ្រួសារនៅក្នុងឃុំបាគង។
នេះមិនមែនជាលើកទីមួយឡើយ ដែលអាជ្ញាធរជាតិអប្សរាបានសហការជាមួយវិស័យឯកជន ដើម្បីផ្តល់ជូនចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថាន ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ សកម្មភាពទាំងនេះ គឺមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយការបំពុលបរិស្ថានក្នុងសហគមន៍ផងដែរ ព្រោះថាចង្រ្កានដែលមានមាកសញ្ញាព្រៃមាន់ គឺមានលក្ខណៈបច្ចេកទេសក្នុងការកាត់បន្ថយដល់ការប្រើប្រាស់បរិមាណអុស និងការបំភាយកាបូនក្នុងកំរិតមួយទាបចូលទៅក្នុងបរិយាកាសជាដើម៕