(កំពង់ធំ)៖ ករណីសហគមន៍ និងអាជ្ញាធរហាមឃាត់ពលរដ្ឋម្នាក់មិនឲ្យធ្វើស្រែ នៅភូមិសាស្ត្រស្រុកតាំងគោក ខេត្តកំពង់ធំ កន្លងទៅថ្មីៗនោះ ឥឡូវនេះមានការបកស្រាយរៀងៗខ្លួន។

តាមការបញ្ជាក់ពីលោក ប៉េង ធារ៉ា បច្ចុប្បន្នរស់នៅភូមិស្រះបន្ទាយ ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ គាត់ត្រូវជាអតីតកូនប្រសារបស់ឈ្មោះ ហេង ចេន ដែលបានឲ្យរូបគាត់អាស្រ័យផលនៅលើដីតំបន់សហគមន៍អុកតាតេង រហូតដល់បច្ចុប្បន្ន ក្នុងនោះដីមានទំហំប្រហែល៥០ហិកតា ដល់ឥឡូវនេះត្រូវបានអាជ្ញាធរឃុំហាមឃាត់មិនឲ្យអាស្រ័យផល។

លោក មុត រិទ្ធ មេឃុំទ្រៀល ស្រុកតាំងគោក បានលើកឡើងថា ដោយមានពាក្យបណ្ដឹងពីសហគមន៍ទាំង២ គឺសហគមន៍ជ្រោយកគោ និងសហគមន៍អូរលួ គាត់ថាដីនេះជាដីរបស់គាត់ ជាដីរបស់សហគមន៍ លោកមេឃុំបានហាមឃាត់ឈ្មោះ ប៉េង ធារ៉ា មិនឱ្យធ្វើ ព្រោះវាជាន់គ្នា ក្នុងនោះលោកមេឃុំបានធ្វើជាលិខិតមួយតាំងពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយហាមឃាត់គាត់មិនឱ្យអាស្រ័យផល តែគាត់នៅតែអាស្រ័យ។

លោក គឹម ហេង ប្រធានសហគមន៍ជ្រោយកគោ បានលើកឡើងថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ លោកបានចុះមកពិនិត្យមើលឃើញគ្រឿងចក្រអេស្កាវ៉ាទ័រកាយនៅខាងត្បូង ហើយលោកបានប្រាប់អ្នកបើកអេស្កាវ៉ាទ័រថា កាយត្រឹមហ្នឹងហើយ អត់ឱ្យមកខាងជើងទៀតទេ។

រហូតមកដល់ថ្ងៃទី៩ ខែមករា ២០២៣ លោកប្រធានសហគមន៍ បានចុះពិនិត្យមើលមួយសាទៀត ក៏អត់ទាន់មានធ្វើអីដែរ។ រហូតដល់ថ្ងៃទី២៣ ខែមករា ២០២៤ យើងនាំប្រជាពលរដ្ឋដល់រាជរដ្ឋាភិបាលកាត់ឆ្វៀលឱ្យ ដល់ថ្ងៃទី៩ ខែមករា ២០២៤ លោកប្រធានសហគមន៍បាននាំសមាជិកចុះវាស់វែងជាមួយមន្ត្រីសូរិយោដីផង បានឈ្មោះ ប៉េង ធារ៉ា គេចេញមកឃាត់ ទើបក្រុមការងារឈប់វាស់វែង ដោយថាដីជាន់គ្នា មិនទាន់បានដោះស្រាយ។

លោក គឹម ហេង បញ្ជាក់ថា លោក ហេង ចេន មានតែដីក្នុងសហគមន៍អុកតាតេងប៉ុណ្ណោះ គ្មានដីនៅជ្រោយកគោទេ ដោយលោកមានឯកសារបញ្ជាក់ច្បាស់លាស់ ចំណែកឈ្មោះ ម៉ៅ ពុតហ៊ីម ដែលជាមន្ត្រីសុរិយោដីមកវាស់ដីឱ្យឈ្មោះ ប៉េង ធារ៉ា នៅសហគមន៍ជ្រោយកគោនោះ ក៏មិនដឹងរឿងទេ នោះជាការលួចមកវាស់ដោយមិនឱ្យខាងលោកដឹង ដូច្នេះហើយទើបលោកប្ដឹងទៅសាលាឃុំឱ្យធ្វើការហាមឃាត់ឈ្មោះ ប៉េង ធារ៉ា ធ្វើស្រែលើដីក្នុងជ្រោយកគោ ព្រោះជាដីមានទំនាស់ មិនទាន់មានការដោះស្រាយ និងដាក់ពាក្យបណ្ដឹងទៅមន្ទីររៀបចំដែនដី។

លោក ដាម ដឿង តំណាងសហគមន៍អូរលួ បានបញ្ជាក់ថា លោក ហេង ចេន មិនមានតែដីក្នុងសហគមន៍អូរលួរទេ។

លោក ឈ្វា ខឿន អនុប្រធានក្រុមចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធក្រុម១ ស្រុកតាំងគោក បានដឹកនាំក្រុមការងារដែលមានសមាជិក២នាក់ មកចុះវាស់វែងដី ជាមួយលោក គឹម ហេង តែត្រូវឈ្មោះ ប៉េង ធារ៉ា ឃាត់មិនឱ្យវាស់វែង ដោយប្រាប់ថាដីនោះជាដីរបស់គាត់ ទើបលោកឈប់វាស់នាំសម្ភារឧបករណ៍នាំគ្នាចេញឱ្យផុតពីដីដែលមានវិវាទ រង់ចាំអាជ្ញាធរដោះស្រាយរួចរាល់សិន ចំណែកករណីដែលលោក ម៉ៅ ពុតហ៊ីម ដែលជាមន្ត្រីក្រុម១ នៃក្រុមចុះបញ្ជីដីធ្លី ស្រុកតាំងគោក ចេញបង្កាន់ដៃឱ្យលោក ហេង ចេន នេះ លោកមិនបានដឹងរឿងនេះទេ លោកមិនមានពាក់ព័ន្ធនឹងការចុះមកវាស់វែងឱ្យបង្កាន់ដៃនេះទេ នោះជារឿងបុគ្គលរបស់ ម៉ៅ ពុតហ៊ីម រីឯបង្កាន់ដៃដែលចេញនោះមិនយកជាផ្លូវការទេ គ្រាន់តែសម្គាល់ក្បាលដី និងពេលចេញប័ណ្ណអាចយកបង្កាន់ដៃនេះទៅបើកប័ណ្ណបាន។

លោក ហេង ចេន បានប្រាប់ថា គាត់បានឱ្យដីដែលទិញពីឈ្មោះ ជា ឡា នៅសហគមន៍អុកតាតេង ទៅអតីតកូនប្រសាឈ្មោះ ប៉េង ធារ៉ា ធ្វើស្រែបណ្ដោះអាសន្ន ដោយធ្វើបាន២ឆ្នាំហើយ  តែកាលពីថ្មីៗនេះ បន្ទាប់ពីឈ្មោះ ប៉េង ធារ៉ា បានលែងលះកូនស្រីគាត់មក  គឺមិនបានឱ្យធ្វើទៀតទេ ចំណែករឿងដែលឈ្មោះ ប៉េង ធារ៉ា ទៅធ្វើស្រែកបន្តនៅលើដីនោះ គាត់មិនបានដឹងរឿងនេះ រីឯរឿងដែលខាងសុរិយោដីចុះមកវាស់វែង គឺចុះមកមែន និងបានឱ្យបង្កាន់ដៃ តែក្រោយមកបានដកហូតយកបង្កាន់នៃនោះហើយ បន្ទាប់ពីមានជម្លោះជាមួយឈ្មោះ តា ហេង រឿងដីនោះ៕