(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានប្រគល់កុំព្យូទ័រ ជូនក្រសួងបរិស្ថាន សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន។
ពិធីប្រគល់ និងទទួលកុំព្យុទ័របានប្រព្រឹត្តទៅនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងទាំង២។
ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងរយៈពេលជាង១ឆ្នាំមកនេះ និងបានខិតខំលើក កម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការដាក់ចេញនូវរដ្ឋបាលទំនើប ប្រើប្រាស់បច្ចេកវិទ្យាថ្មី និងកែលម្អនូវក្របខណ្ឌច្បាប់ និងគោលនយោបាយជាបន្តបន្ទាប់ដើម្បីពង្រឹងភាពជាដៃគូកាន់តែប្រសើរ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ក្នុងការលើកកម្ពស់ គុណភាពបរិស្ថាន សំដៅរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ឱ្យទទួលបានភាពស្អាត ភាពបៃតង និងចីរភាព និងដើម្បីប្រែក្លាយសក្តានុពលវិស័យបរិស្ថានឱ្យក្លាយទៅជាឧត្តមប្រយោជន៍បម្រើជូនប្រជាជនកម្ពុជាគ្រប់ជំនាន់ និងលើកតម្កើងកិត្យានុភាពប្រទេសកម្ពុជាលើឆាកអន្តរជាតិ៕