(កំពង់ធំ)៖ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច មានរៀបចំកម្មវិធីប្រគល់-ទទួលអំណោយកាតាប ចំនួន១២០០០កញ្ចប់ និងកង់ចំនួន២០០០គ្រឿង ពីមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ (CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ ថ្លែងទៅកាន់អង្គពិធី ដែលមានអ្នកចូលរួមប្រមាណ២៥០នាក់ លោក អ៊ឹម វ៉ាន់នី អនុប្រធាន មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ បានរំលេចថា រយៈពេលពីរឆ្នាំនេះ (ឆ្នាំ២០២៣ និង ឆ្នាំ២០២៤) ដោយមានការគាំទ្រពី វេទិកាសម្ព័ន្ធសង្គមស៊ីវិល ខេត្តកំពង់ធំទទួលបានអំណោយពី CFRD នូវកាតាបចំនួន ២០៤៤២កញ្ចប់ និងកង់ចំនួន១២៩៦គ្រឿង។
អំណោយទាំងនេះ បានរួមចំណែកយ៉ាងសកម្មដល់ការសិក្សារបស់សិស្សានុសិស្ស ព្រមទាំងបានរួមចំណែកដល់ ការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនក្នុងខេត្តកំពង់ធំថែមទៀតផង។ ក្នុងនាមម្ចាស់អំណោយកង់និងកាតាប លោក Zhang Shenyue ប្រធានកម្មវិធីគម្រោងរបស់ CFRD បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការពីអង្គពាក់ព័ន្ធនានា ក្រោមទម្រដ៏រឹងមាំនៃកិច្ចគាំទ្រពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានជួយសម្របសម្រួលដល់ បេសកកម្មការងាររបស់ CFRD ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង កាន់តែជិតស្និទ្ធរវាងប្រជាជននិងប្រជាជន។
តំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំលើកទឹកចិត្ត សិស្សដែលទទួលអំណោយកាតាបនិងកង់ពីCFRDតាមរយៈវេទិកាសម្ព័ន្ធសង្គស៊ីវិល សូមជួយថែរក្សា និងប្រើប្រាស់ឱ្យបានយូរអង្វែង និងបង្កើនការរួមចំណែកពន្លាតស្មារតី នៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន។ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានថ្លែងថា ចាប់ពីឆ្នាំ២០១៨មក CFRD គឺជាដៃគូដ៏សំខាន់របស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងការផ្តល់អំណោយកាតាប១៦៧៥៣៤កញ្ចប់ និងកង់ចំនួន៥០២៦គ្រឿង ជូនដល់សិស្សានុសិស្សនៅជនបទចំនួន២២ខេត្ត។
បេសកកម្មនេះមិនត្រឹមរួមចំណែករឹតបន្តឹងចំណងមេត្រីភាព នៃទំនាក់ទំនងប្រជាជន និងប្រជាជនកម្ពុជានិងចិនប៉ុណ្ណោះទេ ថែមទាំងផ្តល់ការលើកទឹកចិត្តដល់ ការសិក្សារបស់សិស្សានុសិស្ស ស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ប្រកបដោយភាពវាងវៃរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីទៀតផង។
ឯកឧត្តមក៏បានបន្ថែមថា សមិទ្ធផលដែលផ្តល់បច្ច័យល្អដល់ការរៀបចំពិធីនាថ្ងៃនេះ គឺកើតឡើងពីហេតុផលសំខាន់ចំនួន៣រួមមាន៖ ១-កត្តាសន្តិភាពពេញបរិបូរណ៍ ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចដែលសម្រេចបាន ដោយការលះបង់សាច់ស្រស់ ឈាមស្រស់ ទាំងកម្លាំងកាយ កម្លាំងចិត្តរបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ ព្រមទាំងការដឹកនាំប្រកបដោយគតិបណ្ឌិត ដោយមានគោលនយោបាយដឹកនាំប្រទេសដ៏ត្រឹមត្រូវ គ្រប់អាណត្តិដោយតម្កល់ ផលប្រយោជន៍ប្រជាជនជាស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។
២-ទំនាក់ទំនងជាប្រពៃណីល្អរវាងកម្ពុជានិងចិន ឈានដល់កម្រិតមិត្តភាពដែកថែបដែលជាកិច្ចខិតខំប្រឹងប្រែងពូនជ្រុំ ដោយថ្នាក់ដឹកនាំតាំងពីជំនាន់មុនៗរហូតដល់ពេលបច្ចុប្បន្ន ដែលបានបង្កបរិយាកាសដល់វិស័យឯកជន ក៏ដូចជាសង្គមស៊ីវិល បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ និង៣-ការចូលរួមអនុវត្ត ប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីអាណាព្យាបាល លោកគ្រូ-អ្នកគ្រូ ដែលបានចិញ្ចឹមបីបាច់ និងបង្ហាត់បង្រៀនដល់សិស្សានុសិស្ស៕
វិទ្យុមិត្តភាពកម្ពុជាចិន