(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាសហប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺ បានលើកឡើងថា ភាសាគឺជាស្ពានចម្លងវប្បធម៌មួយទៅវប្បធម៌មួយ និងអាចធ្វើឱ្យដឹងរាក់ជ្រៅពីជាតិសាសន៍មួយទៅជាតិសាសន៍មួយ ដូច្នេះចិនចាក់ភាសាចូលមកក្នុងប្រទេសកម្ពុជា មានន័យថាចិន បានផ្សារភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជា យ៉ាងស្អិតរមួត។
ការថ្លែងរបស់លោកបណ្ឌិត្យសភាចារ្យបែបនេះ ធ្វើឡើងនៅក្នុងឱកាសអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតវិទ្យាស្ថានខុងជឺ និងខួប១៥ឆ្នាំ នៃការបង្កើត «វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា» នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។
លោកបណ្ឌិត្យសភាចារ្យ សុខ ទូច បានថ្លែងបែបនេះថា៖ «ភាសា មិនត្រឹមតែជាស្ពាននោះទេ ប៉ុន្តែភាសា ក៏ជាកញ្ចក់ឆ្លុះបេះដូង ភាសាអាចធ្វើឱ្យមនុស្សរន្ធត់ ភាសាអាចធ្វើឱ្យមនុស្សស្រក់ទឹកភ្នែក ភាសាក៏អាចធ្វើឱ្យមនុស្សក្លាហាន ហើយភាសាក៏អាចធ្វើឱ្យមនុស្សរីករាយ ដូច្នេះនេះភាសាសំខាន់ខ្លាំងណាស់»។
ដោយឈរលើចំណុចចាប់ផ្ដើមក្នុងប្រវត្តិសាស្រ្តថ្មី វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជានឹងនៅតែបន្ដខិតខំ ចាក់បញ្ចូលកម្លាំងរស់រវើកជាច្រើនបន្ថែមទៀត ដល់ការអភិវឌ្ឍវិស័យអប់រំភាសាចិននៅក្នុងប្រទេសកម្ពុជា និងធ្វើជា «ស្ពាន» ដ៏រឹងមាំ សម្រាប់តភ្ជាប់ការផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន។ នាពេលអនាគត វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងខិតខំអភិវឌ្ឍប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត តាមរយៈការនិពន្ធសៀវភៅសិក្សាភាសាចិន ដែលសមស្របទៅនឹងទិដ្ឋភាពរបស់ប្រទេសកម្ពុជា ស្របពេលដែលពង្រឹងការអភិវឌ្ឍធនធានគ្រូបង្រៀន និងទំនាក់ទំនងជាមួយសាកលវិទ្យាល័យជីវជាំង ព្រមទាំងស្ថាប័នដៃគូផ្សេងៗទៀតផងដែរ សំដៅរួមគ្នាជំរុញកិច្ចអភិវឌ្ឍក្នុងវិស័យអប់រំភាសាចិន ប្រកបដោយគុណភាព។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
សូមជម្រាបថា កាលពី១៥ឆ្នាំមុន លោក ស៊ី ជីនភីង ក្នុងតំណែងជាអនុប្រធានាធិបតីនៃប្រទេសចិន និងសម្ដេចវិបុលបញ្ហា សុខ អាន ដែលពេលនោះជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី
បានអញ្ជើញមករាជបណ្ឌិត្យសភាកម្ពុជា ដើម្បីសម្ពោធផ្លាក «វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា» ដោយផ្ទាល់ ដែលជាការសម្ពោធវិទ្យាស្ថានខុងជឺទី១ នៅក្នុងប្រទេសកម្ពុជា បានបើកទំព័រថ្មី នៃការផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា និងប្រជាជនចិន៕