(ភ្នំពេញ)៖ លោកស្រីសាស្ដ្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញដល់ថ្នាក់ដឹកនាំ មន្ដ្រី បុគ្គល នៅមូលដ្ឋានសុខាភិបាលទាំងអស់ រួមទាំងមណ្ឌលសុខភាព ត្រូវពង្រឹងបន្ថែមនូវធនធានមនុស្ស ពិសេសសមត្ថភាពរបស់ឆ្មប រួមទាំងរៀបចំទុកដាក់នូវសម្ភារៈឱ្យបានត្រឹមត្រូវនិងគ្រប់គ្រាន់ ដើម្បីត្រៀមខ្លួនក្នុងករណីសង្គ្រោះបន្ទាន់ណាមួយ ដែលកើតមានឡើងចំពោះមាតា និងទារក មុនពេល និងកំពុង រួមទាំងក្រោយសម្រាលកូន។

ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រីសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិបតី បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ករណ៍វាយតម្លៃកម្រិតស្រាល នៃសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត» នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ដោយមានការគាំទ្រពីអង្គការ UNFPA, KOFIH, USADI-EQHA2 ។

លោកស្រីសាស្ដ្រាចារ្យបានបន្ដថា គុណភាពមនុស្ស សំខាន់ទៅលើឆ្មប និងគ្រូពេទ្យ ដែលទាមទារត្រូវតែមានសមត្ថភាព និងបន្ដអភិវឌ្ឍចំណេះជំនាញជាប់រហូត ព្រោះថាបើឆ្មបបានយកចិត្ដទុកដាក់ខ្ពស់ ពេលដែលស្ដ្រីមកពិនិត្យផ្ទៃពោះលើកដំបូង ហើយតាមដានជាប់និច្ច និងដឹងពីហានិភ័យ និងរកឃើញសញ្ញាគ្រោះថ្នាក់ទៅលើស្ដ្រីនោះ ហើយយើងយល់ច្បាស់ពីដំណាក់កាលនៃការសង្គ្រោះ និងការបញ្ជូនឱ្យបានត្រឹមត្រូវ និងទាប់ពេលវេលា ដែលនឹងមានសុវត្ថិភាពខ្ពស់ដល់មាតា និងទារក។ «ដូច្នេះសំណូរពរឲ្យពង្រឹងនូវធនធានមនុស្ស និងសម្ភារៈគ្រប់គ្រាន់ សម្រាប់សង្គ្រោះម្ដាយ និងទារក និងសូមឱ្យអនុវត្ដប្រកបដោយប្រសិទ្ធភាព»

លោកស្រីសាស្ដ្រាចារ្យបន្ដថាទៀតថា កម្ពុជាបានកំណត់គោលដៅក្នុងការកាត់បន្ថយអត្រាមរណភាព មាតា មកនៅត្រឹម៧០ក្នុង ១សែនកំណើតរស់ និងកំណត់កាត់បន្ថយអត្រាមរណភាពទារកទើបកើតឲ្យមកនៅត្រឹម១២ ក្នុង១០០០កំណើតរស់។ ដែលលទ្ធផលគិតត្រឹមឆ្នាំ២០២១-២០២២ អត្រាសម្រេចបានចំនួន ១៥៤ ក្នុង១សែនកំណើតរស់ និង៨ក្នុង១០០០កំណើតរស់។ នេះមានន័យថា កម្ពុជាយើងបានសម្រេចដល់គោលដៅ ៨ឆ្នាំមុនកាលកំណត់សម្រាប់អត្រាមរណភាពរបស់ទារកទើបកើតបាន នៅខណៈអត្រាមរណភាពមាតាមានការធ្លាក់ចុះយឺតយ៉ាវ ដែលទាមទារនូវកិច្ចខិតខំប្រឹងប្រឹងបន្ថែមចំនួន២៣ដង។

ទោះបីជារាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលបានសម្រេចបាននូវសូចនាករសំខាន់ៗនៃការថែទាំសុខភាពមាតា និងទារក ដូចសេវាសេវាផែនការគ្រួសារ/ពន្យាកំណើត ការថែទាំមុនពេលសម្រាល ការសម្រាលដោយឆ្មបជំនាញ ការថែទាំក្រោយសម្រាល សេវាសង្រ្គោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត ដែលមានអត្រាប្រើប្រាស់កម្រិតខ្ពស់ក៏ដោយ អត្រាមរណភាពមាតារបស់យើងនៅមានអត្រាខ្ពស់បើប្រៀបធៀបជាមួយប្រទេសក្នុងតំបន់។ ដូច្នេះយើងត្រូវតែពិនិត្យមើលឡើងវិញ និងពង្រឹងប្រព័ន្ធសុខាភិបាល។

ក្នុងនោះសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត (EmONC) ជាអន្តាគមន៍គន្លឹះមួយ ដែលក្រសួងសុខាភិបាលបានដាក់ឱ្យអនុវត្តន៍តាំងពីឆ្នាំ២០០៩ ក្នុងគោលបំណងពន្លឿនការកាត់បន្ថយអត្រាមណភាពមាតា និងទារក។ បន្ថែមលើការងារការតាមដាន និងឆ្លើយតបមរណភាពមាតាទារក (MPDSR) វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារក ការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប ដោយផ្តោតលើជំនាញសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកទើបកើត។

លោកស្រីសាស្ត្រាចារ្យបានបន្ថែមថា «ថ្ងៃនេះយើងនឹងពិភាក្សាការងារសំខាន់មួយទៀត គឺឧបករណ៍វាយតម្លៃកម្រិតស្រាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋក្នុងការមកទទួលសេវាទាន់ពេលវេលា និងមានគុណភាពក្នុងការជួយសង្រ្គោះជីតម្តាយនិងទារក»

កិច្ចពិភាក្សានៅថ្ងៃនេះមានសារៈសំខាន់ណាស់ ដើម្បីឲ្យ អាចយកឧបករណ៍នេះទៅប្រើប្រាស់ ជាស្វ័យវាយតម្លៃ ដោយមូលដ្ឋានសុខាភិបាលខ្លួនឯង ក៏ដូចជាការពង្រឹងការតាមដាន និងវាយតម្លៃ និងធ្វើផែនការកែលម្អរដោយស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាល ដើម្បីបំពេញចន្លោះខ្វះខាត ឲ្យបានទាន់ពេលវេលា ក្នុងការពង្រឹងគុណតាមនៃសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត។

ក្នុងឳកាសនោះ លោកស្រីរដ្ឋលេខាធិការ បានស្នើរសុំផងដែរ ដល់មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក មន្ទីរសុខាភិបាល មូលដ្ឋានសុខាភិបាល អង្គការក្រៅរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធទាំងអស់មេត្តាអនុវត្តការងារនេះឲ្យបានជោគជ័យ និងបន្តសហការណ៍ជាមួយក្រុមការងារបច្ចេកទេសនៃអង្គការ UNFPA ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច និងទីប្រឹក្សានៃផ្នែកស្រាវជ្រាវOxord-Mahidol របស់សាកលវិទ្យាល័យ Mahidol ក្នុងការអនុវត្តនូវឧបករណ៍នេះ ឲ្យចំគោលដៅ និងមានប្រសិទ្ធិភាព ជាពិសេសការប្រើប្រាស់ទិន្នន័យទាំងនេះដើម្បីបង្កើតប្រព័ន្ធGIS សម្រាប់មូលដ្ឋានសុខាភិបាលEmONC សម្រាប់ខេត្តតំបន់ដាច់ស្រយាល។

ទន្ទឹមនឹងនោះ លោកស្រីសាស្ត្រាចារ្យ បានថ្លែងអំណរគុណដល់អង្គការ UNFPA ដែលតែងតែបានផ្តល់នូវការគាំទ្រទាំងបច្ចេកទេសនិង ថវិកាលើ ផ្នែកសុខភាពបន្តពូជ ផ្លូវភេទ និងសិទ្ធិនៅកម្ពុជា៕