(សៀមរាប)៖ អង្គការរ៉ាក់ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ លទ្ធផលបឋមនៃការសិក្សាស្វែងយល់អំពីការប្រើប្រាស់ថ្នាំអរម៉ូនក្នុងចំណោមបុគ្គលប្លែងភេទក្នុងប្រទេសកម្ពុជា និងការប៉ាន់ប្រមាណកិច្ចអន្តរាគមន៍ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ ទៅលើអាកប្បកិរិយាផ្លូវភេទ ក្នុងចំណោមយុវវ័យកម្ពុជា។

សិក្ខាសាលានៅពេលនេះធ្វើឡើងក្នុងបំណងដើម្បី ផ្សព្វផ្សាយពីលទ្ធផលដែលបានស្រាវជ្រាវ និងប្រមូលទិន្នន័យ ឬភស្ដុតាងជាក់លាក់ សម្រាប់ជាគោលក្នុងការសិក្សានាពេលអនាគត។ គម្រោងនេះក៏មានបំណងដើម្បី ឱ្យភាគីពាក់ព័ន្ធ មានអ្នកផ្តល់សេវា ឬក្រសួងសុខាភិបាល អាចកែលម្អ និងរៀបចំសេវាអរម៉ូនឱ្យមានភាពល្អប្រសើរ និងប្រកបដោយសុវត្ថិភាព។

លោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន នាយកប្រតិបត្តិអង្គការរ៉ាក់ បានថ្លែងថា «ឯកសារនេះបង្កើតឡើងសម្រាប់អ្នកបង្កើតគោលនយោបាយ អ្នកដឹកនាំកម្មវិធី និងអ្នកផ្តល់សេវាថែទាំសុខភាព ដើម្បីប្រើប្រាស់ជាភស្ដុតាងសម្រាប់កែលម្អគោលនយោបាយ និងការអនុវត្តផ្នែកថែទាំសុខភាពបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់អ្នកប្តូរភេទ ឬយេនឌ័រនៅកម្ពុជា»។

លោក វ៉ា ជីវ័ន បន្ថែមថា ការស្រាវជ្រាវនេះមានសារៈសំខាន់ណាស់ ដើម្បីឱ្យយុវវ័យមានចំណេះដឹងគ្រប់គ្រាន់ នៅពេលពួកគេដល់វ័យមួយដែលមានការប្រែប្រួល ទាំងរាងកាយ និងអារម្មណ៍។ ការអប់រំទាំងនោះដូចជា ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ សុខភាពផ្លូវភេទ សុខភាពបន្តពូជ ជំងឺកាមរោគ ការពន្យារកំណើតជាដើម។ ចំណេះដឹងទាំងនេះ នឹងជួយឱ្យពួកគេអាចបង្ការពីជំងឺឆ្លង ការមានកូននៅវ័យក្មេង និងការឆ្លងជំងឺកាមរោគផ្សេងៗជាដើម។

លោកស្រីបណ្ឌិត សាផន សុមោលីរស្មី នាយិការងប្រតិបត្តិនៃអង្គការរ៉ាក់ ថ្លែងថា អង្គការបានធ្វើការសិក្សាស្តីពីការ ស្វែងយល់អំពីការប្រើប្រាស់ថ្នាំអរម៉ូនក្នុងចំណោមបុគ្គលបំឡែងភេទក្នុងប្រទេសកម្ពុជា៖ ការសិក្សាពហុទីតាំង នៅពាក់កណ្ដាលឆ្នាំ ២០២៤។ ការសិក្សាធ្វើឡើងនៅរាជធានីភ្នំពេញ បាត់ដំបង និងសៀមរាប ដោយប្រើវិធីសាស្រ្ត បែបគុណវិស័យចំនួន៤៧ នាក់ និងបែបបរិមាណវិស័យចំនួន ៧៥នាក់។ អ្នកឆ្លើយតប គឺជាអ្នកប្ដូរភេទ ឬយេនឌ័រ ដែលបានប្រើអរម៉ូន ឬចាប់អារម្មណ៍នឹងការប្រើប្រាស់អរម៉ូន។ ក្នុងចំណោមអ្នកឆ្លើយតបបែបរិមាណ ៧៥នាក់ មាន៦៧នាក់ បានប្រើប្រាស់អរម៉ូន និង៨នាក់ ចាប់អារម្មណ៍លើការប្រើប្រាស់។ ការសិក្សានេះដែរ ត្រូវបានអនុម័តដោយគណៈកម្មាធិការជាតិក្រមសីលធម៌ សម្រាប់ការស្រាវជ្រាវសុខភាព ដែលទាក់ទងនឹងមនុស្ស នៃក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។

លទ្ធផលនៃការសិក្សាបែបបរិមាណវិស័យ បានបង្ហាញថា ៣៤% នៃអ្នកឆ្លើយតបគឺចាប់ផ្តើមប្រើអរម៉ូននៅ អាយុ១៨ឆ្នាំ។ ៨៩.៩% ប្រើអរម៉ូនបានស្វែងរកដំបូន្មានពីមិត្តភក្តិដែលប្តូរភេទ ឬយេនឌ័រ ឬអ្នកដែលមានបទពិសោធន៍ប្រើមុន។ ពុំមានអ្នកណាដែលមុនប្រើបានប្រឹក្សាជាមួយគ្រូពេទ្យជំនាញទេ។ ការប្រើប្រាស់មិនទៀងទាត់ ៨៦% នៃអ្នកប្រើមិនដែលតេស្តឈាម ឬវាយតម្លៃសុខភាពផ្សេងៗ ដើម្បីតាមដានសុខភាពរបស់ពួកគេឡើយ។ ៩៧% នៃអ្នកប្រើប្រាស់បានទិញថ្នាំអរម៉ូនពីឱសថស្ថាន មិត្តភក្តិប្ដូរភេទ ឬយេនឌ័រ តាមអ៊ីនធឺណិត ឬដោយផ្ទាល់ និងហាងលក់ឱសថបុរាណចិន។

បើតាមការបញ្ជាក់ពីអ្នកជំនាញ ជាទូទៅអ្នកបំឡែងភេទប្រើប្រាស់ថ្នាំអរម៉ូន ដើម្បីចង់បានរូបរាងដូចក្តីប្រាថ្នារបស់ពួកគេ ដូចជាបុរសចង់ធ្វើស្រី ឬស្រីចង់ធ្វើប្រុសជាដើម ដោយសារការប្រើថ្នាំប្រភេទនេះ នឹងជួយឱ្យឡើងដើមទ្រូង ជម្រុះរោម ធ្វើឱ្យដៃជើងរលូនជាដើម។

កញ្ញា ហៃ រ៉ាស៊ី អ្នកស្រាវជ្រាវពីការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយនៃអង្គការរ៉ាក់ បានឲ្យដឹងថា គោលបំណងនៃការស្រាវជ្រាវនេះសម្រាប់អ្នកបង្កើតគោលនយោបាយ ប្រធានកម្មវិធី គ្រូបង្រៀន និងសិស្សានុសិស្សដើម្បីប្រើប្រាស់ទិន្នន័យពីការសិក្សាជាភស្តុតាងក្នុងការកែលម្អបន្ថែមទៀត នូវគោលនយោបាយ និងការបង្រៀនរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយដើម្បីបំពេញតម្រូវការរបស់យុវវ័យ នៅកម្ពុជា។ លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា ប្រហែល៥១% នៃអ្នកចូលរួមការសិក្សាពីការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយនៅតាមសាលារៀន គឺបានទទួលការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ។ ភាគច្រើននៃអ្នកចូលសិក្សា ប្រមាណ ៧៨% បានទទួលការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ នៅក្នុងសាលារៀនជាមួយគ្រូបង្រៀន។ ប្រហែល ១៥% បានទទួលការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ ជាមួយបុគ្គលិករបស់អង្គការរ៉ាក់។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៦ ក្រសួងអប់រំ យុវជន និងកីឡា យោងតាមក្របខណ្ឌកម្មវិធីសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស ២០១៦-២០២៥ ការអប់រំសុខភាពបានប្រែក្លាយពីមុខវិជ្ជាដែលបញ្រ្ជាប ទៅក្នុងមុខវិជ្ជាពាក់ព័ន្ធមានសិក្សាសង្គម ជីវវិទ្យា និងសីលធម៌ពលរដ្ឋ ទៅជាមុខវិជ្ជាអប់រំសុខភាព ដាច់ដោយឡែកដែលមានរយៈពេល១ម៉ោង ក្នុង១សប្ដាហ៍ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។ មុខវិជ្ជានេះគ្របដណ្ដប់លើសមាសភាពចំនួន៦ រួមមាន៖ ១.សុខភាពបឋម ២. សុខភាពផ្លូវចិត្ត ៣. សុខភាពផ្លូវភេទ សុខភាពបន្តពូជ ៤.សុខភាពនិងជំនឿ ៥. សុខភាព និងបរិស្ថាន ៦.សុខភាពនិងសេដ្ឋកិច្ច៕