(កណ្ដាល)៖ លោក ហាក់ ប៊ុនធឿន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានថ្លែងថា វិស័យព្រះពុទ្ធសាសនានាពេលបច្ចុប្បន្ន ពោរពេញទៅដោយសុខសន្តិភាព និងការអភិវឌ្ឍន៍ ខណៈដែលវិស័យព្រះពុទ្ធសាសនានេះទៀតសោត ក៏បានបង្ហាញផ្លូវឲ្យពុទ្ធសាសនិកគ្រប់ស្រទាប់វណ្ណៈ គ្រប់មជ្ឈដ្ឋាន ទូទៅ បានរួមសាមគ្គីភាពទាំងបញ្ញាស្មារតី ទ្រព្យធន ធ្វើបុណ្យទាន ប្រព្រឹត្តអំពើល្អ ស្គាល់បាបបុណ្យ គុណ ទោសគ្រប់បែបយ៉ាង។
លោករដ្ឋលេខាធិការបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីបិទការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ របស់សាលាគណខេត្តកណ្តាល ស្ថិតនៅ វត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ស្រុកពញាឮ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ពិធីនេះស្ថិតក្រោមអធិបតីភាពសម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ និងជាព្រះមេគណគណៈធម្មយុត្តិ ខេត្តកណ្តាល, សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល និងលោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល តំណាង លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានថ្លែងថា ពិធីផ្សព្វផ្សាយអនុសំវច្ឆរមហា សន្និបាតមន្ត្រីសង្ឃទូទាំងខេត្ត លើកទី៣២ នាឱកាសនេះ គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញច្បាស់ ពីការយកចិត្ត ទុកដាក់ខ្ពស់បំផុត ចំពោះវិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បានចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ និងបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបញ្ញាស្មារតី ចំណេះដឹងទូទៅ ក្នុងការអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈទូទាំងខេត្ត។
លោកបានបន្តទៀតថា វិស័យព្រះពុទ្ធសាសនា កាន់តែមានការ រីកចម្រើនបន្ថែមទៀត លើការពង្រឹងរចនាសម្ព័ន្ធដឹកនាំ ព្រះសង្ឃ ការគ្រប់គ្រងវត្តអារាម ពុទ្ធិកសិក្សា ការផ្សព្វផ្សាយ ព្រះធម៌វិន័យ ក៏ដូចជាការចូលរួមចំណែក អនុវត្ត គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាស្ថិរភាព សន្តិភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះ លោក ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានថ្លែងថា អនុសំវច្ឆរមហាសន្តិបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២នេះ បានដាក់ចេញនូវសង្ឃប្រកាស រួមគ្នាតែមួយ ទាំងគណៈមហានិកាយ ទាំងគណៈធម្មយុត្តិកនិកាយ ក្នុងទិសដៅពង្រឹងប្រសិទ្ធភាព នៃការ គ្រប់គ្រង ការប្រត្តិបត្តិព្រះធម៌វិន័យ ពង្រឹងវិស័យពុទ្ធិកសិក្សា ឲ្យកាន់តែមានប្រសិទ្ធភាព តាមស្មារតី អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២នេះ និងបានជាឧត្តមប្រយោជន៍សម្រាប់ ជាមគ្គុទ្ទេសដឹកនាំឆ្ពោះទៅរកសេចក្តីថ្លៃថ្នូរជូនជាតិមាតុភូមិ ប្រជាពុទ្ធបរិស័ទ ដោយឆន្ទៈប្តេជ្ញាអនុវត្ត យ៉ាងម៉ឺងម៉ាត់ នូវសង្ឃប្រកាសដែលបានដាក់ចេញ ដោយគណៈសង្ឃទាំងពីរគណៈ រួមទាំងលិខិតបទ ដ្ឋានដែលមានស្រាប់៕