(ភ្នំពេញ)៖ សាធារណរដ្ឋប្រជាមានិតចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដោយបន្តផ្តល់ជំនួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ ការផ្គត់ផ្គង់ទឹកស្អាតជនបទ និងជួយក្នុងការអភិវឌ្ឍភូមិគំរូនៅកម្ពុជាផងដែរ។

ការបញ្ជាក់នេះធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយលោក វ័ង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

លោករដ្ឋមន្ត្រីបានជម្រាបជូនលោកអគ្គរដ្ឋទូតអំពីគុណបំណាច់នៃកត្តាសុខសន្តិភាព ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិនិងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញនៅទូទាំងប្រទេស ព្រមទាំងដំណើរការ និងសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លោករដ្ឋមន្ត្រីក៏បានបន្តលើកឡើងអំពីចក្ខុវិស័យ និងទិសដៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយទីជនបទឱ្យមានភាពរីកចម្រើន មានកំណើនប្រាក់ចំណូលក្នុងគ្រួសារ និងប្រជាជនជនបទមានសុខភាពល្អ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅជនបទ និងកាត់បន្ថយគម្លាតសង្គម តាមរយៈការកំណត់យកចក្ខុវិស័យ «ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌» និងបានបន្តដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៤ រួមមាន៖ ទី១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ទី២-ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ ទី៣-ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងទី៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។

បន្ថែមពីនេះទៀត លោករដ្ឋមន្ត្រីក៏បានលើកអំពីទិសដៅយុទ្ធសាស្រ្តមួយទៀត ដែលក្រសួងកំពុងយកចិត្តទុកដាក់ និងអនុវត្តនោះគឺការរៀបចំភូមិគំរូ ដោយកម្មវិធីនេះក៏ស្ថិតក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោក វ័ង វិនពីន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ដែលប្រែក្លាយតំបន់ជនបទឱ្យមានភាពរីកចម្រើន តាមរយៈការកាត់បន្ថយភាពក្រីក្រ។

លោកបានបន្ថែមថា តាមរយៈចំណងមិត្តភាពដ៏យូរអង្វែងជាមួយកម្ពុជា ភាគីចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដោយបន្តផ្តល់ជំនួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ ការផ្គត់ផ្គង់ទឹកស្អាតជនបទ និងជួយក្នុងការអភិវឌ្ឍភូមិគំរូនៅកម្ពុជាផងដែរ។

លោករដ្ឋមន្ត្រី ឆាយ ឫទ្ធីសែន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលតែងតែជួយគាំទ្រដល់កម្ពុជា និងជាដៃគូសហការយ៉ាងស្អិតល្មួតជាមួយក្រសួងអភិវឌ្ឍន៍ជនបទ លើផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ការគាំទ្រលើសេវាទឹកស្អាត និងអនាម័យផងដែរ៕