(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ និងជាសមាជិកអចិន្ត្រៃយ៍ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា កម្លាំងឆ្លើយតបចម្រុះ ផ្នែកគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ (CBRN) នៃព្រះរាជាណាចក្រកម្ពុជា នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីបន្តចូលរួមថែរក្សាសន្តិភាព សុខសុវត្ថិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។
ការលើកឡើងនេះបានធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ អញ្ជើញជាតំណាង នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី បិទសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី «CBRN Table top and field Exercises, Simulations, Training (TEST) to mitigate risks» នៃគម្រោងលេខ១០៦ របស់មជ្ឈមណ្ឌលឧត្តមភាព ផ្នែកគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ របស់សហភាពអឺរ៉ុប (EU CBRN CoE) កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។
សិក្ខាសាលានេះ បានធ្វើឡើងចាប់ថ្ងៃទី០២-១៣ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុអាវុធគីមី (លង្វែក) ដើម្បីពង្រឹងជំនាញក្នុងការប្រមូលភស្តុតាង និងការចាត់វិធានការ នៅកន្លែងមានឧប្បត្តិហេតុដោយសារធាតុគីមី។ ពិធីបិទសិក្ខាសាលានេះ ក៏មានចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាមដែលបានចូលរួមផងដែរ។
ពិធីបិទសិក្ខាសាលាមានការចូលរួមជាគណៈអធិបតីពីសំណាក់ លោក Andreas Berg អនុប្រធានបេសកកម្មនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងតំណាងក្រសួង-ស្ថាប័ន ជាអនុប្រធាន និងជាសមាជិករបស់អាជ្ញាធរជាតិអាវុធគីមី រួមទាំងអ្នកឯកទេស និងគ្រូជំនាញបរទេសផងដែរជាច្រើនរូបផងដែរ។
សិក្ខាសាលាបណ្តុះបណ្តាលនេះ ត្រូវបានអនុវត្តដោយកិច្ចសហការរវាងអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមីកម្ពុជា ជាមួយមជ្ឈមណ្ឌលឧត្តមភាព CBRN របស់សហភាពអឺរ៉ុប (EU CBRN CoE) ដោយផ្តោតសំខាន់លើការពង្រឹងជំនាញ និងចំណេះដឹងក្នុងការយកសំណាកគំរូ ការប្រមូលភស្តុតាង ការគ្រប់គ្រង និងការចាត់វិធានការនៅកន្លែងមានឧប្បត្តិហេតុដោយសារធាតុគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ (CBRN) និងការដឹកជញ្ជូន ការទុកដាក់សំណាកសារធាតុគីមីគ្រោះថ្នាក់។ សិក្ខាកាមចូលរួមហ្វឹកហ្វឺនបណ្តុះបណ្តាលសរុបមានចំនួន ១៧៥នាក់ មកពី ០៥អង្គភាពមានដូចជា អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, កងពលតូចលេខ៧០, មន្ទីរពេទ្យព្រះកេតុលាមា និងកងពលតូចដឹកជញ្ជូន៩៩ និងគ្រូអ្នកជំនាញបរទេស ១៤រូប។
នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក John Jones ប្រធានគម្រោងលេខ១០៦ នៃមជ្ឈមណ្ឌលឧត្តមភាព ផ្នែកគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ របស់សហភាពអឺរ៉ុប (EU CBRN CoE) និងសហការីដែលបានជួយឧបត្ថម្ភគាំទ្រ ក្នុងការរៀបចំកម្មវិធីហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញដល់កម្លាំងឆ្លើយតបចម្រុះ ផ្នែកគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ (CBRN) នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តជំនាញលើវិស័យគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ (CBRN)ក្នុងព្រះរាជាណាចក្រកម្ពុជា និងស្នើសុំមជ្ឈមណ្ឌលឧត្តមភាព CBRN របស់សហភាពអឺរ៉ុប (EU CBRN CoE) បន្តគាំទ្ររៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលបន្តទៀតដើម្បីពង្រឹងជំនាញ និងសមត្ថភាពដល់មន្រ្តីជំនាញរបស់ព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។
លោកក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះសិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការហ្វឹកហាត់ក្នុងរយៈពេលកន្លងមកនេះ ដោយពុំគិតពីភាពលំបាកនឿយហត់គ្រប់បែបយ៉ាង ធ្វើឱ្យកម្មវិធីហ្វឹកហ្វឺនបណ្តុះបណ្តាល នៅក្នុងគម្រោងលេខ១០៦នេះ ដំណើរការដោយរលូនពីដើមរហូតបញ្ចប់វគ្គ និងទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទន។
បន្ថែមពីនេះ លោកក៏បានបញ្ជាក់បន្ថែមដែរថា ចំពោះវិញ្ញាបនបត្រវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនេះ គឺជាវិញ្ញាបនបត្រការបណ្ដុះបណ្ដាលគំរូពិសេស ដែលត្រូវបានទទួលស្គាល់ដោយអាជ្ញាធរអប់រំជាតិស្លូវ៉ាគី ក្របខ័ណ្ឌនៃស្តង់ដារសិក្សាពេញមួយជីវិតរបស់សហភាពអឺរ៉ុប និងត្រូវបានទទួលស្គាល់ដោយប្រទេសសហភាពអឺរ៉ុប និងNATOទាំងអស់ផងដែរ។
អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម នឹងបន្តសហការគាំទ្រចំពោះ មជ្ឈមណ្ឌលឧត្តមភាព CBRN របស់សហភាពអឺរ៉ុប (EU CBRN CoE) ក្នុងការរៀបចំសិក្ខាសាលាហ្វឹកហ្វឺនបណ្តុះបណ្តាល ក្នុងគោលដៅបង្កើនសមត្ថភាពជំនាញ CBRN នាពេលខាងមុខបន្តទៀត។
លោក Andreas Berg អនុប្រធានបេសកកម្មនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី ដែលបានសហការ និងសម្របសម្រួលក្នុងការរៀបចំសិក្ខាសាលាហ្វឹកហ្វឺនបណ្តុះបណ្តាលនេះឡើងដោយរលូន និងជោគជ័យប្រកបដោយផ្លែផ្កាគួរជាទីមោទនបំផុត។ លោក បានសំណូមពរដល់ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី បន្តកិច្ចសហការជាមួយមជ្ឈមណ្ឌលឧត្តមភាព CBRN ក្នុងការអនុវត្តគម្រោងលេខ១០៦ និងគម្រោងផ្សេងៗទៀតរបស់សហភាពអឺរ៉ុបនាពេលអនាគតផងដែរ។
ក្នុងនោះផងដែរ លោក John Jones ប្រធានគម្រោងលេខ១០៦ នៃមជ្ឈមណ្ឌលឧត្តមភាព CBRN របស់សហភាពអឺរ៉ុប (EU CBRN CoE) បានថ្លែងអំណរគុណចំពោះ នាយឧត្តមសេនីយ៍ ទៀ សីហា និង នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា ដែលបានជួយគាំទ្រដល់ការអនុវត្តគម្រោងលេខ១០៦នេះ ក៏ដូចជាគម្រោងផ្សេងៗទៀតរបស់សភាពអឺរ៉ុបកន្លងមក ប្រកបដោយភាពរលូន និងទទួលបានជោគជ័យគួរជាទីមោទនបំផុត ហើយលោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្មបំផុត រហូតទទួលបានជោគជ័យនៅពេលនេះ។
លោក John Jones ក៏បានមានប្រសាសន៍ដែរថា នឹងបន្តកិច្ចសហការជាមួយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី ក្នុងការរៀបចំសិក្ខាសាលាហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញ CBRN ក្នុងគោលដៅបង្កើនសមត្ថភាពដល់មន្ត្រីជំនាញ របស់ព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខបន្តទៀត។
កម្មវិធីនេះត្រូវបានប្រគល់លិខិតថ្លែងអំណរគុណដល់អ្នកជំនាញ និងគ្រូបង្វឹកបរទេសចំនួន១៤រូប រួមមាន៖ មន្ត្រីជំនាញមកពីប្រទេសអង់គ្លេស ១រូប, គ្រូបង្គោលមកពីប្រទេសស្លូវ៉ាគី ៣រូប, អ្នកជំនាញមកពីប្រទេសហ្វីលីពីន ២រូប, អ្នកជំនាញមកពីប្រទេសបារាំង ១រូប, អ្នកជំនាញមកពីប្រទេសស៊ុយអែត ២រូប
, អ្នកជំនាញមកពីប្រទេសប៉ូឡូញ ១រូប, អ្នកជំនាញមកពីប្រទេសសិង្ហបុរី ១រូប, អ្នកជំនាញមកពីប្រទេសប៊ែលហ្សិក ៣រូប និងវិញ្ញាបនបត្រស្តង់ដារ NATO/EU ពិសេស ជូនដល់កម្លាំងឆ្លើយតប CBRN នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី ចំនួន២០រូបផងដែរ៕