(កំពង់ឆ្នាំង)៖ ដោយសារតែក្រុមជនខិលខូចមួយចំនួន នៅតែបន្តលួចធ្វើសកម្មភាពប្រព្រឹត្តបទល្មើសនេសាទខុស ច្បាប់កម្លាំងសមត្ថកិច្ចជំនាញ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ក៏នៅតែបន្តចុះបង្ក្រាបជាបន្តបន្ទាប់ ដោយគ្មានការលើកលែងនោះឡើយ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំ ពីលោកអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក្នុងនោះមានកម្លាំងរបស់ផ្នែករដ្ឋបាល ជលផលកំពង់ប្រាសាទដឹកនាំដោយលោក នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ និងសង្កាត់រដ្ឋបាលជលផលជលជលគិរី សហការជាមួយអាជ្ញាធរ ឃុំពាមឆ្កោក សហគមន៍នេសាទ ភូមិកោះធំ, ភូមិថ្មី, ភូមិភ្លងសែនជ័យ, ភូមិអន្លង់មេត្រីសែនជ័យ, ភូមិកៀនតាម៉ា។
ក្នុងប្រតិតបត្តិការនេះបានធ្វើកម្លាំងចូលរួមសរុបចំនួន១៤នាក់ និងមធ្យោបាយធ្វើដំណើរម៉ូតូ ៦គ្រឿង និងរឺម៉កម៉ូតូ ១គ្រឿងបានចុះបង្ក្រាបបទល្មើសនេសាទ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិភ្លង ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលក្រុមជនខិលខូចបានធ្វើសកម្មភាពនេសាទដោយប្រើឧបករណ៍ លូរួមផ្សំរបាំងស្បៃមុង ដាក់ភ្ជិតព្រែកមួយកន្លែងឈ្មោះ(ព្រែកភ្លង)ស្ថិតក្នុងភូមិ-ឃុំខាងលើ ក្នុងនោះសមត្ថកិច្ចចម្រុះបានធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ទាំងអស់នោះនៅនិងកន្លែង។
លោក លី ឡា បានបញ្ជាក់ឲ្យដឹងទៀតថា ដោយឡែកកម្លាំងមួយផ្នែកទៀត ដែលដឹកនាំដោយលោក អ៊ូ សុភ័ណ នាយរងខណ្ឌសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែងដែលមានកម្លាំងសរុបចំនួន ១៩នាក់ និងមធ្យោបាយកាណូតបាឡាស្មាច់ចំនួន ៤គ្រឿង បានចុះប្រតិបត្តិការ ចាប់ពីចំណុចដើមព្រែកក្រម៉ាល រហូតទៅដល់ចុងព្រែក ស្ថិតក្នុងឃុំប្រឡាយមាស និងឃុំផ្លូទូក ស្រុកកំពង់ លែង ក្រុមការងារបានធ្វើសកម្មភាពរុះរើ និងកាប់តម្រឹមរបាំងសាច់អួនដែលដាក់វែងៗខុសនិងច្បាប់ស្តីពីជលផល ជាមួយគ្នានោះក្រុមចម្រុះក៏បានបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងផងដែរ។
ទាំងពីរទីតាំងខាងលើនេះជាលទ្ធផលកម្លាំងចម្រុះបានរើរុះ និងបំផ្លាញចោលរបាំងសាច់អួនចំនួន១ករណី ស្មើនឹង ៥កន្លែង ប្រវែង ៧៥០ម៉ែត្រ, បង្គោល ៤០០ដើម, លបលូ៨មាត់ ,និងចាក់លែងត្រីចម្រុះចូលដែននេសាទវិញចំនួន៥០គីឡូក្រាម។ បំផ្លាញចោលរបាំងស្បៃមុងចំនួន ១ករណី ស្មើនឹង ៦កន្លែងប្រវែង ៣០០ម៉ែត្រ លូស្បៃមុងចំនួន ៦គ្រឿង បង្គោល ១០០ដើម និងចាក់លែងត្រីចំរុះចូលដែននេសាទវិញចំនួន ២០គីឡូក្រាម។
លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់បន្ថែមទៀតថា ចំពោះបទល្មើសនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ក្នុងខេត្តកំពង់ឆ្នាំងចាប់ពីពេលនេះទៅលោកនិងអនុវត្តឱ្យបានតឹងរឹងជាទីបំផុត ស្របតាមបទបញ្ជារបស់លោកអភិបាលខេត្ត និងជាប្រធានគណៈបញ្ជា ការឯកភាពរដ្ឋបាលខេត្ត ដែលលោកតែងបានប្រជុំដាក់ចេ ញនូវវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះបទល្មើសនេសាទខា ងលើនេះជាញឹកញាប់ផងដែរ៕