(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍភាពការងារ ដើម្បីប្រារព្ធខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨-២៩ធ្នូ ២០២៤។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមកពីសាម៉ីក្រសួង អង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនរូប​ទៀត នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំទីស្តីការក្រសួងការពារជាតិ។

តាមរយៈការរៀបចំយ៉ាងយកចិត្តទុកពីអនុគណៈកម្មការរៀបចំទាំង៧ ដើម្បីប្រារព្ធខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» ឆ្នាំ២០២៤​ នៅថ្ងៃទី២៩ ខែធ្នូខាងមុខនឹងមានការប្រារព្ធមីទ្ទិញដ៏ធំ ព្រមទាំងព្រឹត្តិការណ៍អម​ដទៃទៀតក្នុងនោះមានការបាញ់កាំជ្រួចក្នុងពេលរាត្រីរយៈពេលបីថ្ងៃ និងការប្រកួត​បាល​ទាត់នៅ​ក្នុងវិមានកីឡដ្ឋាន​ជាតិមរតកតេជោ។

សម្រាប់កិច្ចនេះប្រជុំត្រួតពិនិត្យ​វឌ្ឍនភាពការងាររបស់ អនុគណៈ​កម្មការរៀបចំទាំង៧ របស់ខ្លួនលើក​ចុងក្រោយ ទាំងទីតាំងសម្រាប់ការប្រារព្ធមីទិ្ទញ និងផ្នែកពិព័រណ៍​រូបភាព រចនាបទ វត្ថុតាងដែលពាក់ព័ន្ធដល់ប្រវត្តិសាស្ត្រនៃនយោ​បាយឈ្នះ ឈ្នះ និងសកម្មភាពនានា តាមរយៈរូបភាព សម្រាប់ការដាក់​តាំងពិព័រណ៍ និងការងារជាច្រើនទៀតរបស់អនុគណៈកម្មការដែល​ពាក់ព័ន្ធ ដើម្បីពិនិត្យវាយតម្លៃលទ្ធផល​ការងារលើក​ចុង​ក្រោយ និងជំរុញពន្លឿនការងាររបស់ខ្លួនឱ្យទទួលបានលទ្ធផលជោគជ័យតាមការកំណត់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា ឆ្នាំនេះ​គឺជាឆ្នាំខួបលើក​ទី២៦ នៃទិវា «សន្តិភាពនៅកម្ពុជា ២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤។ នៅសល់ពេលតែ ៤ថ្ងៃទៀត​ប៉ុណ្ណោះ និងដល់ថ្ងៃនៃប្រារព្ធពិធីនេះ​ហើយ ហើយក៏បន្ទាប់គ្នាចំថ្ងៃឆ្លងចូលឆ្នាំសកលផងដែរ។ ដូច្នេះគ្រប់​អនុគណៈ​កម្មការជំនាញទាំងអស់ រួមនិងក្រុមការងារត្រូវពន្លឿនការងារ​នេះឱ្យបានទាន់ពេលវេលា ទាំងការរៀបចំទីតាំងមីទិ្ទញ ការត្រៀមរៀប​ចំផែនឈរសម្រាប់មិទិ្ទញ ការរៀបចំស្តង់ពិព័រណ៍ និងគ្រប់រចនាបទខ្លឹម​សារសម្រាប់ពិធីនេះផងដែរ។

តាមរយៈកិច្ចប្រជុំដើម្បីពិនិត្យមើល​វឌ្ឍនភាពការងារ អនុគណៈកម្មការ​ជំនាញ​ទាំងអស់ នាលើកចុងក្រោយនេះ នាយឧត្តម​សេនីយ៍ ឥត សារ៉ាត់ សង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធមីទិ្ទញនៃទិវា «សន្តិភាពនៅ​កម្ពុជា» នាឆ្នាំនេះនិងប្រព្រឹត្តទៅ​ដោយភាពរលូន និងជោគជ័យ ។

សូមបញ្ជាក់ថា ការរៀបចំខួបលើកទី ២៦ នៃទិវា «សន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤ ) ជាទិវានយោ​បាយឈ្នះឈ្នះ របស់​សម្ដេចតេជោ ហ៊ុន សែន ត្រូវបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា«។ ដោយឡែកនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានកំណត់យក «ទិវាសន្ដិភាព​នៅកម្ពុជា» ២៩ ធ្នូ ជាថ្ងៃបុណ្យ​ជាតិផ្លូវការមួយនៅព្រះរាជាណា​ចក្រកម្ពុជា។

ការកំណត់ជាថ្ងៃបុណ្យជាតិ ជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិ​សិដ្ឋ​របស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់​ខ្ពើមសង្គ្រាម ។ ទិវានេះ ក៍ជាការរំលឹកដល់ការសម្រេចបាននូវការ​បញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវ​សន្តិភាព និងឯកភាព​ជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

រដ្ឋាភិបាល បានកំណត់យកថ្ងៃទី «២៩ ធ្នូ» ទៅជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការ ជារៀងរាល់ឆ្នាំ។ នេះបើតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ដែលបានចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។

ក្នុងអនុក្រឹត្យបានលើកយកហេតុផលថា ការកំណត់យកថ្ងៃទី២៩ ធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» នេះដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ដែលស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។ ជាពិសេសរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញនៅកម្ពុជា ដោយសារនយោបាយឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

«ជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងស់មរភូមិការទូត ទាំងសមរភូមិនយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស នៅព្រះរាជាណាចក្រកម្ពុជា»។ នេះបើតាមអនុក្រឹត្យដដែល។

អនុក្រឹត្យដែលចុះហត្ថលេខាដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា «ទិវាសន្តិភាពនៅកម្ពុជា» នេះ ក៏ជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនគ្រប់ជំនាន់ ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាក ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ។

ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ក្នុងអនុក្រឹត្យ ដូច្នេះ៖ «ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគតឱ្យយល់ដឹងច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយរួមគ្នាលើកកម្ពស់ «វប្បធម៌សន្តិភាព» នៅកម្ពុជា ពិសេសការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាប្រកបដោយចីរភាព និងភិយ្យោភាព»។

ទិវាសន្តិភាពនៅកម្ពុជានេះ ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ។ ចំណែកគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួមបំផុសស្មារតីប្រជាជនកម្ពុជាឱ្យយល់ដឹងអំពីគុណតម្លៃនៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សាការពារសន្តិភាពនៅកម្ពុជា ឱ្យបានគង់វង្ស។ នេះបើតាមអនុក្រឹត្យដដែល៕