(ព្រះវិហារ)៖ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីរាជការចំណុះមន្ទីរព័ត៌មានខេត្ត និងក្រុមចលនាស្ត្រីខេត្តព្រះវិហារ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ ដែលកំពុងតម្រូវការឈាមជាចំបាច់ ក្នុងការជួយសង្រ្គោះអាយុជីវិតអ្នកជំងឺ។
លោកស្រី ហែម សុគុណពិសី បានឱ្យដឹងថា ដោយអនុវត្តតាមការអំពាវនាវរបស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក៏ដូចជាមន្ទីរពេទ្យបង្អែក១៦មករា ដែលកំពុងមានតម្រូវការឈាមជាបន្ទាន់សម្រាប់ធ្វេីការសង្គ្រោះអាយុជីវិតអ្នកជំងឺនោះនៅរសៀលថ្ងៃនេះលោកស្រីបានដឹកនាំមន្រ្ដីរនៃមន្ទីរព័ត៌មានខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាស្ម័គ្រចិត្តចូលរួមផ្ដល់ឈាមជូនមន្ទីរពេទ្យបង្អែក១៦មករា។
លោកស្រីប្រធានមន្ទីរបានថ្លែងថា ការផ្តល់ឈាមដោយស្ម័គ្រចិត្ត ជាប្រភពឈាមតែមួយគត់ដែលអាចផ្តល់ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្តព្រះវិហារ ក្នុងការយកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះទូទៅ ដែលបណ្តាលមកពីកត្តាផ្សេងៗជាច្រើនដែលពួកគាត់មានតម្រូវការឈាមជាចាំបាច់។
លោកស្រីបានបញ្ជាក់ថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តដើម្បីសង្រ្គោះអាយុជីវិតអ្នកជំងឺនៅពេលនេះ បានធ្វើឱ្យយើងទាំងអស់គ្នាពិតជាមានមោទនភាពខ្លាំងណាស់ ហើយការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ក៏ជាបង្កើតទម្លាប់ និងវប្បធម៌ ដើម្បីបំផុសដល់ស្រទាប់យុវជន និងប្រជាជនទូទៅឱ្យចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ដែលកំពុងត្រូវការឈាមនៅគ្រប់ មន្ទីរពេទ្យទាំងអស់ដោយគ្មានការរើសអើង និងផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម ហើយអ្នកបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ត្រូវបានគេចាត់ទុកជាវីរៈជនដ៏អស្ចារ្យថែមទៀតផង៕