(ភ្នំពេញ)៖ តាមរយៈសារលិខិតថ្លែងអំណរគុណផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, លោក លឿង គឿង ប្រមុខរដ្ឋវៀតណាម បានប្រកាសធ្វើការជិតស្និទ្ធជាមួយសម្តេចតេជោ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។

លោក លឿង គឿង នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ បានធ្វើលិខិតផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធិសភាកម្ពុជា ដើម្បីថ្លែងអំណរគុណចំពោះសារអបអរសាទររបស់សម្តេចតេជោ ក្នុងឱកាសលោកត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋវៀតណាមក្នុងសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ។

ក្នុងសារលិខិតនេះ លោក លឿង គឿង ប្រកាសទន្ទឹងរង់ចាំសហការយ៉ាងជិតស្និទ្ធជាមួយសម្ដេចតេជោប្រធាន ដើម្បីបន្ត ពូនជ្រុំទំនាក់ទំនង ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ថិតថេរ យូរអង្វែង រវាងវៀតណាម និងកម្ពុជា ដើម្បីជាផលប្រយោជន៍របស់ប្រជាជាតិទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងនៅលើពិភពលោក៕