(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានបង្ហាញនូវការយល់ឃើញ និងចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបានឡើយ ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម។
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទប្រជុំបូកសរុបសភាពការណ៍ សកម្មភាពលទ្ធផលការអនុវត្តតួនាទី ភាពរកិច្ច ការធ្វើកំណែទម្រង់ និងការងារកសាងអង្គភាពកងរាជអាវុធហត្ថឆ្នាំ២០២៥ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានស្ញប់ស្ញែង និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ និងស្នាដៃដែលអង្គភាពអាវុធហត្ថសម្រេចបាននាពេលកន្លងមក។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបន្ដទៀតថា កន្លងទៅកងរាជអាវុធហត្ថបានចូលរួមយ៉ាងសំខាន់ក្នុងការការពារបូរណភាពទឹកដី រក្សាសន្ដិភាព ការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ឥស្សរជនកំពូល ការពារព្រឹត្តិការណ៍ជាតិ អន្ដរជាតិ និងសហការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម បង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសធនធានធម្មជាតិ។
បើតាមការលើកឡើងរបស់លោកសន្ដិបណ្ឌិត នេត សាវឿន, ក្រៅពីការងារទាំងអស់នេះ អង្គភាពកងរាជអាវុធហត្ថ ក៏បានចូលរួមចំណែកក្នុងការងារមនុស្សធម៌ សាងសង់មន្ទីរពេទ្យ សាលារៀន វត្តអារាម និងសមិទ្ធផលនៅតំបន់ប្រវត្តិសាស្ដ្រកោះថ្មជាដើម។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានគាំទ្រដល់ទិសដៅដែលបានកំណត់ដោយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។
ជាមួយនឹងសមិទ្ធផលដែលសម្រេចបានកន្លងទៅនេះ លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំដល់អង្គភាពកងរាជអាវុធហត្ថ ត្រូវរួមចំណែកបន្ដរក្សាឲ្យបានជាដាច់ខាតនូវសន្ដិភាព ស្ថេរភាពនយោបាយ ប្រឆាំងរាល់គ្រប់ឧបាយកលជ្រុលនិយម និងសហតស៊ូបង្ក្រាបបទល្មើសគ្រប់ប្រភេទ។
លើសពីនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជំរុញដល់អង្គភាពកងរាជអាវុធហត្ថ ត្រូវបង្កើនសមត្ថភាពហ្វឹកហ្វឺន បំពាក់ឲ្យបានគ្រប់គ្រាន់នូវសម្ភារៈ បច្ចេកទេសបម្រើឲ្យប្រតិបត្តិការ ហើយជាពិសេសអាវុធហត្ថ ត្រូវយកភាពស្អាតស្អំជាគំរូក្នុងការអនុវត្តនូវបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏មិនភ្លេចនូវការណែនាំឲ្យមានការលើកសរសើរ ជូនរង្វាន់ ចំពោះមន្ដ្រីអាវុធហត្ថណាដែលមានស្នាដៃ ប៉ុន្ដែមានការអនុវត្តខុសត្រូវតែអប់រំ ដាក់ពិន័យ និងក្នុងករណីធ្ងន់ធ្ងរត្រូវតែអនុវត្តច្បាប់៕