(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានចាប់ផ្តើមកំណែលើសន្លឹកកិច្ចការចំនួន ៤,៨៨៤ច្បាប់ របស់បេក្ខជនដែលចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីសុខាភិបាល ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប។

ដំណើរការកាត់កំណែវិញ្ញាសាបានធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការរៀបចំការប្រឡងប្រជែង ដោយមានការចូលរួមពី មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងអ្នកសារព័ត៌មានផងដែរ នៅសាលាភូមិន្ទរដ្ឋបាល។

រាល់ដំណើរការប្រឡង និងការកែសន្លឹកកិច្ចការបេក្ខជន ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តតាមគោលការច្បាប់នៃនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលបានកំណត់ថា បន្ទាប់ពីការប្រឡងចប់បានមួយថ្ងៃ ដំណើរការកែសន្លឹកកិច្ចនឹងចាប់ផ្តើមនៅថ្ងៃបន្ទាប់ ខណៈដែលការប្រកាសលទ្ធផលសម្រាប់ការប្រឡងនេះ គ្រោងធ្វើឡើងនៅក្នុងសប្ដាហ៍នេះ។

សូមជម្រាបថា កំណែសន្លឹកកិច្ចការ ចាប់ផ្តើមពីម៉ោង ៧:៣០នាទីព្រឹក តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ដោយមានការចូលរួមពីពីអ្នកសង្កេតការណ៍តំណាងសកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត៕