(ភ្នំពេញ)៖ លោក ហេង នរៈកក្កដា តំណាងក្រុមបាល់ទាត់តារាកម្ពុជា បានដាក់ក្តីរំពឹងថា ក្រុមខ្លួននឹងបន្តធ្វើបានល្អជាលើកទី៣ ពេលប៉ះក្រុមគុនខ្មែរ ក្នុងការប្រកួតមិត្តភាព អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។
លោកថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីកម្មវិធីការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ការប្រកួតនោះមាន ២គូ គឺគូទី១ ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា និងគូទី២ ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ដោយគ្រោងអ្នកចូលរួម ៥ម៉ឺននាក់ ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្រាប់ការប្រកួតគូទី២ នៅវេលាម៉ោង ១៧៖០០នាទី។
បើតាមលោក ហេង នរៈកក្កដា ក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមគុនខ្មែរ ប្រកួតគ្នាបាន ២លើកហើយ លើកទី១ ក្រុមតារាកម្ពុជា ឈ្នះក្រុមគុនខ្មែរ ២ទល់នឹង០ និងលើកទី២ ក្រុមតារាកម្ពុជា ឈ្នះក្រុមគុនខ្មែរ ៦ទល់នឹង២។
សូមជម្រាបថា ការរៀបចំឡើងនូវព្រឹត្តិការណ៍បាល់ទាត់នេះ គឺដើម្បីអបអរសាទរខួប ២៦ឆ្នាំ ទិវាសន្តិភាពនៅកម្ពុជា អមដោយភាពគគ្រឹកគ្រេងជាមួយការប្រគំតន្ត្រី បុរាណ សម័យ ផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យកថ្ងៃទី២៩ ខែធ្នូ គឺជា «ទិវាសន្តិភាពនៅកម្ពុជា»៕