(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ជំរុញឲ្យគ្រប់គ្រឹះស្ថានអប់រំទាំងអស់ ចាប់ពីថ្នាក់ក្រោមដល់លើ ត្រូវធ្វើខ្លួនឲ្យក្លាយជាអ្នកល្បីល្បាញលើជំនាញខ្លាំងណាមួយ ដើម្បីប្រកួតប្រជែងគ្នាលើវិស័យអប់រំ ក្នុងគោលបំណងបណ្ដុះបណ្ដាលមនុស្សជំនាន់ក្រោយឲ្យ មានសមត្ថភាពពិតប្រាកដដើម្បីមកចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងមាតុភូមិឲ្យរីកចម្រើន រុងរឿង អភិវឌ្ឍន៍ទៅមុខជាលំដាប់។

លោកអភិបាលខេត្ត ជំរុញបែបនេះនៅក្នុងពិធីបើកបវេសនកាលសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នួល និងចែកម៉ូតូដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន២០នាក់ កាលពីចុងសប្ដាហ៍នេះ។ ពិធីនេះ ក៏មានការចូលរួមផងដែរពីសំណាក់លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គស្នួល។

អភិបាលខេត្តរូបនេះ បានថ្លែងលើកទឹកចិត្តដល់សមណនិស្សិត និងនិស្សិត ដែលកំពុងសិក្សានៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឲ្យខំរៀនដ្បិតថាមានកូនខ្មែរដែលបានខំរៀន ហើយបានការងារនៅបរទេសលើមុខជំនាញច្បាស់របស់ខ្លួននោះ អាចទទួលបានប្រាក់ខែខ្លះបាន២,៥០០០ដុល្លា ខ្លះបានដល់ទៅ២,៧០០០ដុល្លាឯណោះ ដែលនេះសបញ្ជាក់ឲ្យឃើញថា កូនខ្មែរមិនធម្មតាទេ ឲ្យតែខំរៀន រៀនឲ្យចេះ ប្រើចំណេះឲ្យត្រូវ ធ្វើឲ្យមានប្រយោជន៍ នោះភាពជោគជ័យប្រាកជារត់មកជាមិនខាន។

ជាមួយគ្នានេះ សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា ព្រះសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានថេរដីកាបន្តថា រយៈពេល៣ឆ្នាំមកនេះ សាកលវិទ្យាល័យទទួលបានសមណនិស្សិត និស្សិតមកសិក្សារៀនសូត្រដោយឥតគិតថ្លៃចំនួន២,០៧៨នាក់ ខណៈដែលការអប់រំប្រកបដោយគុណភាព ជាមួយនឹងការសហការគ្នាជាមួយបណ្ដាសាកលវិទ្យាល័យនានាជាច្រើននៅបរទេស រួមមាន៖ ប្រទេសកូរ៉េ ប្រទេសចិន ប្រទេសមាឡេស៊ី និងប្រទេសឥណ្ឌូណេស៊ី ដែលសមណនិស្សិត និស្សិតដែលរៀនពូកែចាប់ពីឆ្នាំទី៣ទៅ អាចមានឱកាសទៅសិក្សានៅតាមបណ្ដាសាកលវិទ្យាល័យខាងលើទៅតាមជំនាញរបស់ខ្លួនទៀតផង ដែលកត្តានេះ ជាឱកាសរបស់កូនខ្មែរទៅរៀននៅបរទេស ក្រេបជញ្ជក់ចំណេះដឹង ជំនាញ យកមកជួយកសាងប្រទេសជាតិឲ្យមានការអភិវឌ្ឍន៍ រីកលូតលាស់ទៅមុខជាលំដាប់។

សូមជម្រាបថា សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បង្កើតឡើងក្នុងបុព្វហេតុវិស័យអប់រំជាឧត្តមប្រយោជន៍ដល់កូនខ្មែរគ្រប់ជំនាន់តទៅ ដើម្បីផ្តល់ឱកាសឱ្យនិស្សិតកុលបុត្រខ្មែរគ្រប់រូប បានបន្តការសិក្សារៀនសូត្រថ្នាក់បរិញ្ញាបត្រដោយមិនតម្រូវឱ្យមានការបង់ថ្លៃសិក្សានោះទេ ពោលគឺសាកលវិទ្យាល័យបានផ្តល់ជូននិស្សិតនូវអាហារូបករណ៍សិក្សា១០០% ពីឆ្នាំទី១ រហូតដល់ឆ្នាំទី៤ ដែលជាឆ្នាំបញ្ចប់ការសិក្សា។

ក្នុងបេសកកម្មនៃការរបណ្តុះបណ្តាលនិស្សិតដោយមិនស្វែងរកប្រាក់ចំណេញនេះ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានធានានូវគុណភាពនៃការអប់រំ ក្នុងក្របខ័ណ្ឌនៃកិច្ចការដ៏ឧត្ដុង្គឧត្តមនេះ បញ្ញវន្តខ្មែរដែលជាសាស្ត្រាចារ្យ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានសច្ចាធានាឱ្យបាននូវគុណវុឌ្ឍវិទ្យាសាស្ត្រ និងគរុសភា ដែលជាកត្តាសារវន្តនៃការអប់រំ ការបណ្តុះបណ្តាល ការសិក្សា និងការស្រាវជ្រាវ ក្នុងថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីឱ្យនិស្សិតដែលបានសិក្សាចប់មានក្រមសីលធម៌ល្អ មានសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ពេញលេញ ហើយអាចទទួលបានជោគជ័យក្នុងពិភពការងារ។

បន្ថែមលើសនេះ សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបួរ គ្រី ក៏សហការជាមួយសាកលវិទ្យាល័យបរទេសជាច្រើនផងដែរ សំដៅដល់ការបញ្ជូននិស្សិតទៅសិក្សាឆ្នាំទី៣ នៅសាកលវិទ្យាល័យបរទេសណានោះឲ្យតែប្រឡងជាប់ ពិសេសគឺភាសាអង់គ្លេសជាចម្បង។

សូមបញ្ជាក់ជូនថា សាកលវិទ្យាល័យនេះ មានមហាវិទ្យាល័យចំនួន០៦រួមមាន៖ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម, មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម មហាវិទ្យាល័យសិក្សាអភិវឌ្ឍ និង ទេសចរណ៍ និងមហាវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ច និងធុរកិច្ច ដែលមានមុខជំនាញសរុប ៣២ជំនាញ៕