(កំពង់ស្ពឺ)៖ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះរាជាគណៈកិត្តិយស ជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ និងជាព្រះចៅអធិការវត្តចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំពិធីជួបសំណេះសំណាល និងជូនទេយ្យទាន ដល់ជនមានពិការភាពចំនួន១០០នាក់ ដែលទទួលបានពីសប្បុរសជន។ ពិធីនេះមានការអញ្ជើញចូលរួមលោកស្រី ទៀង ស្រីតូច អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ស្ពឺ, លោកស្រី ស្រី លីនណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត។
រតនសោភ័ណ ម៉ន បឿន បានមានសង្ឃដីកាថា គ្រឿងឧបភោគ បរិភោគ និងសម្ភារ ដែលបានជូនទេយ្យទាន ដល់ជនមានពិការភាព ដែលបានមកពីការចូលរួមឧបត្ថម្ភគាំទ្រ ពីពុទ្ធបរិស័ទជិតឆ្ងាយជាច្រើន ដើម្បីយកមករក្សាត្រៀមទុក បន្តចែកជូនជនក្រីក្រងាយរងគ្រោះ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាស ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ពិសេសដើម្បីលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើងឱ្យកាន់តែមានភាពរីកចម្រើន លូតលាស់ទាំងវិស្ស័យពុទ្ធចក្រ និងអាណាចក្រ។
ប្រជាពលរដ្ឋដែលជាជនមានពិការភាព កោតសរសើរចំពោះរតនសោភ័ណ ម៉ន បឿន ព្រះរាជាគណៈកិត្តិយស ជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ និងជាព្រះចៅអធិការវត្តចំបក់ ឃុំវល្លិស រួមជាមួយនឹងសប្បុរសជន ដែលបានប្រឹងប្រែងយកព្រះទ័យ និងយកចិត្តទុកដាក់ចំពោះទុគតជន ជនមានពិការភាព ចាស់ជរា ចែករំលែកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ ទៅតាមលទ្ឋភាពដែលព្រះអង្គមាន នេះជាវប្បធម៌ចែករំលែក និងជាការស្គាល់ទុកធុរៈគ្នាទៅវិញទៅមកតាមលំអានដូនតាខ្មែរយើងធ្លាប់ធ្វើពីមុនមក។
គួរបញ្ជាក់ថា កត្តាសុខសន្តិភាព ធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រពិសេសតាមរយៈគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសកម្ពុជាទាំងមូលទទួលបាននូវការផ្សះផ្សារជាតិ សន្តិភាព ឯកភាពជាតិ ប្រជាធិបតេយ្យ សន្តិសុខ ស្ថិរភាពនយោបាយ និងពង្រឹងឡើងវិញលើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ ហើយបងប្អូនប្រជាពលរដ្ឋមានសិទ្ធិសេរីភាព និងអាចជួបជុំធ្វើបុណ្យទានបានគ្រប់ទីកន្លែងដោយពុំមានការភ័យខ្លាច៕