(ព្រៃវែង)៖ លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងថា ក្នុងរយៈពេល ១២ខែ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាខេត្ត និងអនុសាខាក្រុង ស្រុក បាននាំយក អំណោយមនុស្សធម៌ ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ចំនួន ៨៥៦គ្រួសារ ស្មើនឹង៣៦៦លើក និងបានប្រគល់ផ្ទះចំនួន២៩ខ្នងផ្ទះ បង្គន់អនាម័យ ចំនួន២៣ កន្លែងលាងដៃចំនួន៥ និងអណ្តូងទឹកចំនួន២។

ការថ្លែងបែបនេះរបស់លោក សួន សុម៉ាលីន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលសកម្មភាពការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ និងពិធីប្រគល់-ទទួលថវិកាវិភាគទាន សមាជិកភាព និងហិបសង្គ្រោះប្រចាំឆ្នាំ២០២៤ តាមមន្ទីរ អង្គភាព និងអនុសាខាក្រុង-ស្រុក ទាំង ១៣ នៅសាលប្រជុំសាខា កក្រក ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។

លោកបានបន្តថា ក្នុងនាមគណៈកម្មាធិការសាខា និងក្នុងនាមលោកផ្ទាល់សូមនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខ ពីសំណាក់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា ពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សមាជិក សមាជិកា នៃអង្គប្រជុំដែលមានវត្តមានចូលរួមក្នុងកម្មវិធីនេះផងដែរ។

លោក សួន សុម៉ាលីន បានកោតសរសើរដល់គណៈកម្មាធិការ សាខា ក្រុមប្រតិបត្តិសាខា លោក លោកស្រីក្រុមកាកបាទក្រហម តាមមន្ទីរ អង្គភាព ប្រធាន អនុ ប្រធាន អនុសាខាក្រុង-ស្រុកទាំង១៣ និងមន្ត្រីប្រចាំការ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលយ៉ាងល្អប្រសើរនៅគ្រប់មូលដ្ឋាន និងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងសហការី និងគណៈកម្មាធិការអនុសាខាស្រុក ព្រមទាំងសប្បុរសជនទាំងអស់ ដែលចូលរួមជាថវិកាសមាជិកភាព នាឱកាសនេះដើម្បីឱ្យសាខាខេត្ត មានលទ្ធភាពបំពេញការងារមនុស្សធម៌បន្តទៀត លើវិស័យអាទិភាពទាំង៤ ពិសេសជួយដល់ គ្រួសារងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ។

បន្ថែមលើសពីនេះ លោក សួន សុម៉ាលីន បានផ្តល់អនុសាសន៍ចំនួន៧ចំណុច ដល់អនុសាខាក្រុង-ស្រុករួមមាន៖

*១៖ រៀបចំកសាងផែនការសកម្មភាព និងហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៥ និងប្រជុំអនុម័តផែនការ និង រៀបចំធ្វើផែនការសកម្មភាពប្រចាំខែ
*២៖ បង្កើនកិច្ចសហការឱ្យបានជិតស្និតជាមួយសាខាខេត្ត
*៣៖ ត្រូវមានកិច្ចប្រជុំប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំជាទៀងទាត់ ពិសេសប្រធានគណៈកម្មាធិការអនុសាខា ត្រូវដឹកនាំរៀបចំក្រុមការងារបំពេញការងារជាប្រចាំ និងអនុវត្តការធ្វើរបាយការណ៍ សកម្មភាព និងហិរញ្ញវត្ថុ និងតាមការណែនាំរបស់សាខា អនុវត្តតាមនិតិវិធីលក្ខខ័ណ្ឌការងារកាកបាទក្រហមកម្ពុជា
*៤៖ ឆ្នាំ២០២៥ សាខាខេត្តបានផ្តល់ឱកាសឱ្យអនុសាខាជ្រើសរើសបុគ្គលិកកិច្ចសន្យា ចំនួន ២នាក់ ក្នុង ១អនុសាខា ដើម្បីជួយការងារ
*៥៖ ឆ្នាំ២០២៥ សាខាខេត្ត បន្តក្នុងការសាងសង់ផ្ទះ និងបង្គន់អនាម័យ សូមអនុសាខាក្រុង-ស្រុក មេត្តាពិនិត្យ និងមានលក្ខណៈវិនិច្ឆ័យឱ្យបានច្បាស់លាស់ចំពោះគ្រួសារ ត្រូវទទួលផ្ទះ និងបង្គន់ អនាម័យ សម្រាប់ផែនការឆ្នាំ២០១៥ ឱ្យមានភាពច្បាស់លាស់ និងគោរពតាមគោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហមកម្ពុជា
*៦៖ មេត្តាពិនិត្យមើលតារាងពិន្ទុ ដែលក្រុមការងារបានចុះ និងកែសម្រួលនូវរាល់ចំណុចខ្វះខាត និងមុខការដែលសាខាខេត្តបានណែនាំ
*៧៖ អនុវត្តយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា ២០២១-២០៣០ ត្រូវពង្រឹង និងពង្រីកបណ្តាញអ្នកស្ម័គ្រចិត្ត និងពង្រឹងលើការគ្រប់គ្រងទិន្នន័យអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា តាមវិទ្យាល័យឱ្យបានល្អ និងរក្សាទិន្នន័យឱ្យបានត្រឹមត្រូវ តាមឆ្នាំនីមួយៗ។

សូមបញ្ជាក់ថា អនុសាខា ដែលបានជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៥ ទទួលបានរង្វាន់លើកទឹកដូចខាងក្រោម៖ លេខ១ ទទួលបានម៉ូតូ ១គ្រឿង (Honda Dream C125 ឆ្នាំ២០២៥ និងថវិកាចំនួន៤,០០០,០០០រៀល, លេខ២ ទទួលបានម៉ូតូ ១គ្រឿង (Honda Dream C125 ឆ្នាំ២០២៥) និងថវិកាចំនួន៣,០០០,០០០រៀល, លេខ៣៖ ទទួលបានម៉ូតូ ១គ្រឿង (Honda Dream C125 ឆ្នាំ២០២៥) និងថវិកាចំនួន២,០០០,០០០រៀល, លេខ៤ ទទួលបាន Computer ១គ្រឿង (Dell Laptop) Printer ១គ្រឿង និងថវិកាចំនួន១,៥០០,០០០រៀល និងលេខ៥ ទទួលបាន Computer ១គ្រឿង (Dell Laptop) Printer ១គ្រឿង និងថវិកាចំនួន ១,០០០,០០០រៀល៕