(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្រេចឧបត្ថម្ភវចនានុក្រមភាសាខ្មែរចំនួន១០០០ក្បាល ដល់រាជបណ្ឌិត្យសភាកម្ពុជា។
ការឱ្យដឹងបែបនេះរបស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិតអញ្ជើញថ្លែងក្នុងពិធី «បើកបវេសនកាលថ្មីសម្រាប់ថ្នាក់បរិញ្ញាបត្រ» នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ។
លោកបណ្ឌិត សុខ ទូច បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំបានសូមអរគុណ យប់មិញនេះ ខ្ញុំបានទទួលការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន នូវចនានុក្រមចំនួន ១០០០ក្បាល […] យប់មិញនេះហើយខ្ញុំក៏គេងមិនលក់ដែរ»។
ជាមួយគ្នានេះលោកបណ្ឌិត សុខ ទូច បានថ្លែងថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋណាចង់បានសៀវភៅវចនានុក្រម ក៏អាចូលរួមបោះពុម្ពវចនានុក្រមនេះឱ្យបានច្រើន ពីព្រោះកាលណាបោះពុម្ពកាន់តែច្រើនតម្លៃនៃការបោះពុម្ពមានតម្លៃថោក ខណៈបោះត្រឹម ១០០ក្បាល ឬ២០០ក្បាល ក្នុងវចនានុក្រម ១ក្បាល មានតម្លៃចន្លោះ ៥០ ទៅ៦០ដុល្លារ។ ចំណែកបើសិនបោះពុម្ពច្រើនក្បាលអាចមានតម្លៃចន្លោះ ២០ ទៅ៣០ដុល្លារ។
លោកបណ្ឌិត សុខ ទូច ក៏បានអំពាវនាវដល់សប្បុរសជននានាដែលមានធនធានមានបំណងចង់ចូលបោះពុម្ព សូមអញ្ជើញចូលរួមតាមលទ្ធភាព ដើម្បីធ្វើយ៉ាងណាបោះពុម្ពវចនានុក្រមភាសាខ្មែរនេះឱ្យបានកាន់តែច្រើន សម្រាប់ផ្តល់ភាពងាយស្រួលចែកចាយផងដែរ។
«វចនានុក្រមខ្មែរ» បានរួមបញ្ចូលនូវមេពាក្យ និងពាក្យដែលមានស្រាប់នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពឆ្នាំ១៩៦៧, ១៩៦៨ បូកបន្ថែមជាមួយមេពាក្យ និងពាក្យថ្មីបន្ថែម រហូតមានពាក្យសរុបចំនួន ៤៤,៦៩៧ ក្នុងនោះមានមេពាក្យចំនួន ៣១,០៣៧។
ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបោះពុម្ពផ្សាយសៀវភៅនេជាង ៧០០ក្បាល និងបានចែកជូនដល់ក្រសួងស្ថាប័នរដ្ឋ ថ្នាក់ដឹកនាំ និងឥស្សរជនមួយចំនួន។ សូមបញ្ជាក់ថាប្រជាពលរដ្ឋដែលមានបំណងចង់ប្រើប្រាស់វចនានុក្រមខ្មែរ ឆ្នាំ២០២២ តែដោយហេតុផលលទ្ធភាពនៃការបោះពុម្ពមានកម្រិត បងប្អូនប្រជាពលរដ្ឋអាចចូលទៅទាញយករកកម្មវិធីសម្រាប់ប្រើប្រាស់ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២។
សូមបញ្ជាក់ថា «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ បានរៀបចំឡើងជាពីរទម្រង់សម្រាប់សម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋខ្មែរ គឺការបោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល ដែលអាចប្រើប្រាស់បាននៅលើទូរសព្ទ និងកុំព្យូទ័រ៕