(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន HONDA CARS HAKATA CO., LTD បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី «គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត" ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក KOSHIRO MUTO នាយកប្រតិបត្តិនៃក្រុមហ៊ុន HONDA CARS HAKATA CO., LTD។
អនុស្សរណៈនៃការយោគយល់គ្នា ដែលត្រូវបានចុះហត្ថលេខារួមគ្នា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ មានសុពលភាពសម្រាប់រយៈពេល ៤ឆ្នាំ ដោយមានគោលបំណងបង្កើតនូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរលើការបណ្ដុះបណ្តាលជំនាញតោន និង បាញ់ថ្នាំស្របតាមស្ដង់ដារបស់ក្រុមហ៊ុន HONDA CARS HAKATA CO., LTD នៃប្រទេសជប៉ុន ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការបណ្ដុះបណ្តាលជំនាញឯកទេសជូនដល់សិស្ស និស្សិតរបស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)។
លោក ហេង សួរ បានថ្លែងបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺជាសក្ខីភាពក្នុងការផ្តល់អត្ថប្រយោជន៍សំខាន់ៗដល់ស្ថាប័នទាំងពីរ ពោលគឺសម្រាប់យុវជន យុវនារីកម្ពុជានឹងទទួលបានជំនាញ និងឱកាសបំពេញការងារក្នុងជំនាញតោន និងបាញ់ថ្នាំ ជាពិសេសជាងនេះទៀតនោះ គឺទទួលបានឱកាសក្នុងការស្វែងយល់ និងទទួលបានការបំផុសគំនិតនៃការរៀបចំអត្តចរិក និងការធ្វើការបែប «ភាពល្អឥតខ្ចោះ» របស់ជប៉ុន។ រីឯខាងក្រុមហ៊ុនវិញ ក៏នឹងទទួលបាននូវកម្លាំងពលកម្មវ័យក្មេងដែលមានសក្តានុពលខ្ពស់ មានជំនាញពិតប្រាកដ និងសមត្ថភាពពេញលេញ ដើម្បីបំពេញការងារនៅក្នុងក្រុមហ៊ុន នៅឯប្រទេសជប៉ុនផងដែរ។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺបានជួយរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយជ្រោមជ្រែង លើកកម្ពស់កម្មវិធី TVET ១,៥លាននាក់ តាមរយៈការចូលរួមបណ្តុះបណ្តាល ការបង្កើតកម្មវិធីសិក្សា ការផ្តល់សម្ភារៈ និងឧបករណ៍ចាំបាច់សម្រាប់ការបណ្តុះបណ្តាល ការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុក្នុងការបញ្ជូនអ្នកជំនាញតោន និងបាញ់ថ្នាំ ជូនដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ដែលស្ថិតក្រោមឱវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ តាមរយៈកិច្ចសហការនេះ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) មិនត្រឹមតែទទួលបានឧបករណ៍បណ្តុះបណ្តាលកម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍកម្មវិធីសិក្សាដ៏រឹងមាំ ដែលត្រូវបានរចនាឡើងស្របតាមស្តង់ដាឧត្តមភាពរបស់ប្រទេសជប៉ុន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងរួមចំណែកដោយផ្ទាល់ ក្នុងការលើកកម្ពស់ជំនាញរបស់សិក្ខាកាមរបស់យើង ដោយរៀបចំពួកគេសម្រាប់ទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស៕