(ភ្នំពេញ)៖ លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្រគណបក្សអតីតគណបក្សសង្គ្រោះជាតិ (CNR)P) ប្រធានគណបក្សខ្មែរអភិរក្ស និងជាប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថាជានាយករដ្ឋមន្ត្រីវៃក្មេង ប្រកបដោយថាមពល មានចំណេះដឹង គុណធម៌ គតិបណ្ឌិត និងការទទួលខុសត្រូវខ្ពស់ដែលផ្តល់ទំនុកចិត្តជូនពលរដ្ឋទូទាំងប្រទេស។
លោក រៀល ខេមរិន្ទ្រ បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងនាមជាអ្នកនយោបាយមួយរូបខ្ញុំមិននឹកស្មានថាយើងមានថ្នាក់ដឹកនាំដ៏ល្អប្រពៃនេះទេ មានទាំងតម្រិះវិជ្ជា វ័យក្មេង ការដឹកនាំប្រកបដោយគុណធម៌ គតិបណ្ឌិត, ការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺពិតជាសេចក្តីសង្ឃឹម កក់ក្តៅដែលធ្វើឱ្យខ្ញុំមានទំនុកចិត្ត ការដឹកនាំប្រកបដោយគតិបណ្ឌិត ទទួលខុសត្រូវ ដែលគេហៅថា ជាការដឹកនាំបែបប្រជាធិបតេយ្យពិតប្រាកដ»។
លោក រៀល ខេមរិន្ទ្រ បានថ្លែងថា រយៈពេលជាង១ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តកាច់ចង្កូតនាវាកម្ពុជា ឱ្យកាន់តែមានការអភិវឌ្ឍទៅមុខជាលំដាប់។ ជាក់ស្តែង សម្រាប់រឿងនយោបាយក្នុងប្រទេសវិញ គឺមានការរួមសាមគ្គីគ្នារវាងគណបក្សនយោបាយក្រៅរដ្ឋាភិបាល ដែលបានចងសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាចជាង ២៨គណបក្សនយោបាយ។
ចំពោះការវាយតម្លៃថា រាជរដ្ឋាភិបាលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជារដ្ឋាភិបាលក្មេងខ្ចី ឬជារដ្ឋាភិបាលហាត់ការនោះ, ត្រូវបានលោក រៀល ខេមរិន្ទ្រ បានអះអាងថា ជារឿងបំពុល បំប៉ោង ញុះញង់ ដើម្បីធ្វើឱ្យសាធារណៈមតិមានការភ័ន្តច្រឡំ ខណៈដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងតែទទួលបានផលប្រយោជន៍ជាច្រើនក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
លោក រៀល ខេមរិន្ទ្រ បានគូសបញ្ជាក់ថា ការវាយតម្លៃបែបរវើរវាយរបស់ក្រុមប្រឆាំងក្រៅប្រទេស ត្រូវបានបាក់មុខភ្លាមៗ ដោយសារតែការបំប៉ោងព័ត៌មានរបស់ក្រុមប្រឆាំងនេះមិនមែនជាការពិត ពីព្រោះប្រជាពលរដ្ឋបានមើលឃើញយ៉ាងច្បាស់ពីស្ថានភាពជាក់ស្តែង ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈការពង្រឹងសាមគ្គីជាតិខ្មែរ ការអភិវឌ្ឍជាតិជាដើម៕