(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​លើកទឹកចិត្តឱ្យសមាគមសិល្បករខ្មែរ និងបណ្ដា​អង្គ​ការ-សហព័ន្ធ និង​ក្លឹប​កីឡា បន្តផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងប្រពៃណីជាតិខ្មែរ។

ការលើកទឹកចិត្តរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល បានធ្វើឡើងក្នុងជំនួបជា​មួយ​ថ្នាក់ដឹកនាំ និងសមាជិកសមាគមសិល្បករខ្មែរ និងបណ្ដា​អង្គការ-សហ​ព័ន្ធ និងក្លឹបកីឡា នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនោះ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និង​ថ្លែង​អំណរគុណចំពោះសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និង​​ក្លឹបកីឡា ដែលបានចូលរួម​បរិច្ចាគថវិកាក្នុង​មូលនិធិកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ព្រំដែន​ ដោយ​ផ្តោតលេី​ការកសាងផ្លូវក្រវាត់ព្រំដែន​នាពេល​កន្លង​មក​ និង​បានចូលរួមផ្សព្វផ្សាយអំពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ តាមរយៈ​ប្រព័ន្ធផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍តន្ត្រី និងកីឡានានា។

សម្ដេចមហាបវរធិបតី បានលើកទឹកចិត្តសមាគមសិល្បករខ្មែរ និងបណ្ដា​អង្គ​ការ-សហព័ន្ធ និងក្លឹបកីឡា បន្ដចូលរួមផ្សព្វផ្សាយឱ្យកាន់តែផុលផុស​ថែម​ទៀត តាមគ្រប់រូបភាពក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីវប្បធម៌, អរិយ​ធម៌ និងប្រពៃណីជាតិខ្មែរ ព្រមទាំងចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិត​របស់​ប្រទេស​ជាតិ ក្នុងចំណោមសាធារណជនទូទៅ ក៏ដូចជាភ្ញៀវទេសចរជាតិ និង​អន្តរជាតិ។

បន្ថែមលើសនោះ សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ថា ការកសាង និង​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន​ ដោយ​ផ្តោតលេីផ្លូវក្រវាត់ព្រំដែន​ មិន​ត្រឹម​តែជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងជាខឿនការ​ពារ​ជាតិ, អធិបតេយ្យភាព, បូរណភាពទឹកដី, ជំរុញការអភិវឌ្ឍតំបន់​ភូមិភាគ​ឦ​សាន, និងអនុញ្ញាតឱ្យកូនខ្មែរគ្រប់ជំនាន់បានធ្វើដំណើរដល់​ព្រំដែនដែល​មិន​ធ្លាប់បានធ្វើដំណើរទៅដល់ពីមុន។

សម្ដេចមហាបវរធិបតី បានបន្តទៀតថា រាជរដ្ឋាភិបាលបានដាក់ទិសដៅ​ដើម្បី​ប្រែក្លាយ និងអភិវឌ្ឍតំបន់ព្រំដែននៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស​និយាយ​ជា​រួម និងតំបន់ព្រំដែនភូមិភាគឦសាននិយាយដោយឡែកទៅជាព្រំដែន​ ប្រកប​​ដោយសក្ដានុពលសេដ្ឋកិច្ច ដោយផ្តោតលេីវិស័យកសិ-ឧស្សាហកម្ម​ និង​​ដាក់​ចេញ​នូវ «កម្មវិធី​ផ្តល់ដី​ ការពារ​ព្រៃ​ ដេីម្បី​រួមគ្នា​អភិវឌ្ឍ​ដោយចីរភាព»​ដេីម្បី​ផ្តល់ដីសម្បាទាន​សង្គមកិច្ចដល់​ប្រជាពល​រដ្ឋ​ ដែលខ្វះ​ដី​ពិត​ប្រាកដ​ សម្រាប់​កសាង​លំនៅដ្ឋាន​។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោត​សរ​សើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារកសាង និងអភិវឌ្ឍហេដ្ឋានរចនា​សម្ព័ន្ធ​​​តាម​​ព្រំដែន​ ដោយផ្តោតលេីការកសាងផ្លូវ​ក្រវាត់ព្រំដែន​ ដែលបានពុះ​ពារ​រាល់​ឧប​សគ្គ និងការលំបាកនានា ជាមួយការប្តេជ្ញាចិត្តក្នុងការសម្រេច​ឱ្យបានតាម​ផែន​​ការដែលបានគ្រោងទុក៕