(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ១,០០២ លានយ៉េន (ប្រមាណ៧.២លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» (គម្រោងលើវិស័យនគរូបនីយកម្ម) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។
ហិរញ្ញប្បទានឥតសំណងនេះ គូសបញ្ជាក់ពីការគាំទ្រឥតងាករេរបស់ជប៉ុន ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ជំនួយនេះក៏ នឹងរួមចំណែកក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕