(កណ្តាល)៖ រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មានរៀបចំពិធីដាក់ឱ្យដំណើរការ បណ្ណាល័យមេគង្គ-ឡានឆាង ដែលជាអំណោយរបស់ មូលនិធិសប្បុរសធម៌សុខភាពសាធារណៈបេកាំង និង មជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយ សៀវភៅទៅកាន់បរទេស ក្រោមអធិបតីភាពរបស់ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ូ ឈាន់ពីង (Wu Chuanbing) ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ឡាវ វ៉ាន់ បានលើកទឹកចិត្តដល់សិស្សានុសិស្សនៅក្នុងឃុំខ្ពបនិយាយរួម នៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹងនិយាយដោយឡែក ក្នុងការលើកកម្ពស់អំណានរបស់ខ្លួន។ ឯកឧត្តមបានថ្លែងនូវអំណរគុណដល់ ស្ថានទូតចិនប្រចាំកម្ពុជា និងអង្គពាក់ព័ន្ធនានា ជាពិសេសម្ចាស់អំណោយដែលបានជួយកែលម្អបណ្ណាល័យមេគង្គ-ឡានឆាង នៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ដែលបណ្ណាល័យនេះនឹងក្លាយជារតនសម្បត្តិ៤យ៉ាងជូនដល់សិស្សានុសិស្ស នោះគឺ ១-ដោយរាប់បញ្ចូលផងដែរនូវតំណភ្ជាប់ ដ៏សំខាន់ជាមួយបណ្តាប្រជាជាតិតាមដងទន្លេមេគង្គ-ឡានឆាង នោះបណ្ណាល័យនេះជាផ្នែកដ៏សំខាន់នៃការតភ្ជាប់ដួងចិត្តរវាងប្រជាជនកម្ពុជានិងប្រជាជនចិន ដែលអាចនឹងក្លាយជា ដែកឆក់ដ៏សំខាន់ នៅក្នុងការទាក់ទាញទេសចរជនជាតិចិនកាន់តែច្រើនមកកម្ពុជា។ ២-វាជាផ្នែកមួយសំខាន់បម្រើដល់វិស័យអប់រំ ដោយលើកទឹកចិត្តសិស្សានុសិស្សបង្កើន ការសិក្សាស្រាវជ្រាវតាំងពីថ្នាក់បឋមសិក្សា។ ៣-ជាមួយនឹងការគាំទ្រពីមិត្តចិន បណ្ណាល័យនេះនឹងត្រៀមខ្លួនតភ្ជាប់បញ្ចូលជាមួយ និងបណ្ណាល័យអេឡិចត្រូនិក ដោយពង្រីកវិសាលភាពនៃការអាន ព្រមទាំងបង្កើននវានុវត្តភាពពុទ្ធិផងដែរ។ ៤-ការចូលរួមក្នុងសកម្មភាពនៅបណ្ណាល័យ គឺជាទម្លាប់ល្អមួយក្នុង ការលើកកម្ពស់ការអប់រំ និងការអភិវឌ្ឍជំនាញសង្គមក្លាយជា មូលធនមនុស្សដ៏មានសក្តានុពល រួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គមជាតិសំដៅ ក្លាយជាអ្នកបន្តវេនដ៏រឹងមាំរបស់ប្រទេសជាតិ។
លោក អ៊ូ ឈាន់ពីង (Wu Chuanbing) ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានគាំទ្រដល់ប្រសាសន៍របស់លោកស្រី អ៊ីន ជា (Yin Jie) នាយករងនិពន្ធនាយក នៃមជ្ឈមណ្ឌលប្រទេសចិន សម្រាប់បោះពុម្ព និងចែកផ្សាយសៀវភៅទៅកាន់បរទេស ដែលបានអះអាងថា កម្មវិធីសប្បុរសធម៌កម្ពុជា «វប្បធម៌អំណានមេគង្គ-ឡានឆាង» ឆ្នាំ២០២៤ បានជំរុញឱ្យ«បណ្ណាល័យមេគង្គ-ឡានឆាង»បើកទំព័រថ្មីរបស់ខ្លួននៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ដែលមិនត្រឹមនាំមកនូវចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងមានការយកចិត្តទុកដាក់ និងក្តីសង្ឃឹមក្នុងនាមជាដៃគូ របស់សិស្សានុសិស្ស ក្នុងការស្វែងរកពុទ្ធិតាមរយៈអំណានសៀវភៅ ដែលរួមចណែកផ្តល់ពន្លឺរស្មីអនាគតដល់កុមារកម្ពុជា។
លោកបានបន្ថែមថា ឆ្នាំនេះគឺជាខួបលើកទី១០ នៃគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ហើយក៏ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន» ផងដែរ។ ប្រទេសចិននឹងអនុវត្តយ៉ាងសកម្ម នូវគោលគំនិតនៃសហគមន៍ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ និងគោលគំនិតនៃទំនាក់ទំនងការទូតផ្តោតលើមិត្តភាព ភក្តីភាព ផ្តល់ផលប្រយោជន៍ឱ្យគ្នា ទៅវិញទៅមក និងបរិយាប័ន្ន ដែលបានដាក់ចេញដោយលោក Xi Jinping ប្រធានរដ្ឋចិន ហើយនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសនានា ក្នុងបណ្តោយដងទន្លេមេគង្គ ដែលក្នុងនោះរួមមានទាំង ប្រទេសកម្ពុជាផងដែរ និងធ្វើការរួមគ្នាដើម្បីកសាង តំបន់បន្ស៊ីជាមួយនិង «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ»ប្រកបដោយគុណភាពខ្ពស់ ការអភិវឌ្ឍតំបន់ពេញលេញជាសាធារណៈនៃ «គំនិតផ្តួចផ្តើមអភិវឌ្ឍសកល» ការបំពេញបទពិសោធន៍ តំបន់ដោយថាមពលវិជ្ជមាននៃ «គំនិតផ្តួចផ្តើមសន្តិសុខសកល» និង ការពន្លាតតំបន់ប្រកបដោយគុណតម្លៃនៃ «គំនិតផ្តួចផ្តើមអរិយធម៌សកល» ដើម្បីជំរុញតំបន់ក្នុងកិច្ចកសាងយ៉ាងស៊ីជម្រៅ និងជាក់ស្តែងនៃសហគមន៍ជាមួយអនាគតរួមគ្នា ដល់បណ្តាប្រទេសមេគង្គ-ឡានឆាង។
ក្រៅពីទទួលបានបណ្ណាល័យមេគង្គ-ឡានឆាង តាមប្រសាសន៍របស់លោក ស៊ុ លេខ មេឃុំខ្ពប បានបញ្ជាក់ថា សិស្សានុសិស្សសរុបចំនួន២៣៣០នាក់ នៅក្នុងឃុំខ្ពបក៏បានទទួលផងដែរ នូវកាតាបនិងសម្ភារៈសិក្សាដែលជាអំណោយ របស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី ហើយក្នុងនាមរដ្ឋបាលឃុំខ្ពប លោកបានវាយតម្លៃខ្ពស់ចំពោះគុណតម្លៃ របស់បណ្ណាល័យមេគង្គ-ឡានឆាង គឺជាវេទិកាដ៏មានតម្លៃសម្រាប់ការអប់រំ របស់សិស្សានុសិស្ស និងការរួមចំណែកដល់កិច្ចអភិវឌ្ឍឃុំ។
លោកគ្រូអ្នកគ្រូ អាណាព្យបាលសិស្ស និងសិស្សានុសិស្សបានបង្ហាញនូវក្តីសប្បាយរីករាយ និងអរគុណដល់ មូលនិធិសប្បុរសធម៌ សុខភាពសាធារណៈបេកាំង និងមជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ព និងចែកផ្សាយសៀវភៅទៅកាន់ បរទេសដែលបានបង្កើតបណ្ណាល័យមេគង្គ-ឡានឆាងនេះ ដើម្បីជាប្រយោជន៍រួម ជាពិសេសជំរុញដល់ការសិក្សារៀនសូត្រ របស់សិស្សទាំងអស់។
គួរបញ្ជាក់ផងដែរថា តាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន នេះជាបណ្ណាល័យមេគង្គ-ឡានឆាង ទី២ដែលមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ដោយបណ្ណាល័យមេគង្គ-ឡានឆាង ទី១ ស្ថិតនៅក្នុងសាលាបឋមសិក្សាព្រហារ ស្រុកមេសាង ខេត្តព្រៃវែង៕
វិទ្យុមិត្តភាពកម្ពុជាចិន