(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោក ង្វៀន ហ៊ុយតាំង (NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ដែលចប់អាណត្តិការងារ ចូលជួបសម្តែងការគួរសម និងជម្រាបលា។

នាឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាង​ស្មោះស្ម័គ្រ​ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានឆ្លៀតពេល​ដ៏មមា​ញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានជួបសម្តែងការគួរសម និង​ជម្រាប​លាក្នុងឱកាសនេះ។

លោកឯកអគ្គរដ្ឋទូត បានថ្លែងនូវសេចក្តីដឹងគុណចំពោះសម្តេចតេជោ ដែល​បានគាំទ្ររូបលោក ក្នុងរយៈពេល៤៤ឆ្នាំកន្លងមកនេះ និងជាពិសេស​ក្នុងរយៈ​ពេលរូបលោកបំពេញការងារជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ឱ្យ​ទទួល​​​បានជោគជ័យ។

ក្នុងនាមជាជនជាតិវៀតណាមម្នាក់ លោកឯកអគ្គរដ្ឋទូត មានសេចក្តី​សោម​នស្សរីករាយជាអតិបរមាដែលបានចូលរួមចំណែកផ្សាភ្ជាប់យ៉ាងជិតស្និទ្ធនូវទំនាក់ទំនងវៀតណាម-កម្ពុជា ក្នុងរយៈពេល ៤៤ឆ្នាំចុងក្រោយនេះ។ លោក បាន​វាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ដែល​ប្រជា​ជន​កម្ពុជាសម្រេចបានក្រោមព្រះរាជបូជនីយកិច្ច ប្រកបដោយ​សុភ​វិនិច្ឆ័យ​របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ និងព្រះករុណា ព្រះបាទ សម្តេច​ព្រះនរោ​ត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំដ៏ត្រឹម​ត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភា និងក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនជាស្នូល ​បាននាំ​មក​នូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសន្តិសុខ ព្រមទាំងបាន​ពង្រឹង និងពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានការរីកចម្រើនខ្លាំងក្លា។

លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ពីការរីកចម្រើននៃការទូត​របស់​កម្ពុជា​ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបើកទូលាយ ដែលបាននាំមកនូវកិត្យានុភាព និង​តួនាទីយ៉ាងសំខាន់របស់កម្ពុជាលើឆាកអន្តរជាតិ និងកាន់តែត្រូវបានលើក​កម្ពស់​ឥតឈប់ឈរ។

លោកឯកអគ្គរដ្ឋទូត បានបន្តជម្រាបជូនសម្តេចតេជោថា រូបលោក មានសេច​ក្តី​សប្បាយរីករាយ ដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៥៧​ឆ្នាំ គិតចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតរហូតមកដល់បច្ចុប្បន្ន មាន​ការ​រីកចម្រើនយ៉ាងល្អប្រសើរឥតឈប់ឈរលើគ្រប់វិស័យ រួមមាន វិស័យ​នយោ​បាយ ការទូត យោធា សន្តិសុខ អប់រំ ស្ថាប័ន ទំនាក់ទំនងសភា អាជ្ញា​ធរ​តាមបណ្តាខេត្ត និងការងារការទូតទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូតចប់អាណត្តិការងាររូបនេះ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សេន ជា​ប្រធាន និងគណបក្សកុម្មុយនិស្តវៀតណាម មានលោក តូ ឡឹម ជាប្រធាននោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើន​យ៉ាង​ខ្លាំងក្លាថែមទៀតនាពេលខាងមុខ។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេស​កម្ពុជានាពេល​កន្លង​មក ជាពិសេសកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ក្នុងព្រះរាជដំណើរ​ទស្សន​កិច្ចរបស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវៀត​ណាម ដំណើរទស្សនកិច្ចរបស់លោក តូ ឡឹម នៅកម្ពុជា គណៈប្រតិភូ​ជាន់​ខ្ពស់​កម្ពុជាចូលរួមកិច្ចប្រជុំកំពូលនៅវៀតណាម និងចូលរួមបុណ្យសពថ្នាក់​ដឹក​នាំវៀតណាម ព្រមទាំងគណៈប្រតិភូថ្នាក់ដឹកនាំវៀតណាម ចូលរួមក្នុង​មហា​សន្និបាត ICAPP លើកទី១២ និងសម័យប្រជុំពេញអង្គលើកទី១១ នៃ​សភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះទទួលបានជោគជ័យ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយដោយបានឃើញ​ទំនាក់ទំនង​សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានការកើនឡើង។ សម្តេចតេជោ បានលើកឡើងថា ជាកត្តាសត្យានុម័ត ប្រសិនបើគ្មានមាន​ការ​គាំទ្រពីទំនាក់ទំនង​សេដ្ឋកិច្ច​ទេ ទំនាក់ទំនយោបាយក៏មិនអាចរឹងមាំដែរ ដូច្នេះ​ទំនាក់ទំនងសេដ្ឋកិច្ចគាំទ្រដល់ទំនាក់ទំនងនយោបាយ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រទេសទាំងពីរគួរបន្តខិតខំប្រឹងប្រែង​ពង្រឹង​ពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរប្រជាជន និងប្រជាជន តាមរយៈ​វិស័យ​ទេសចរណ៍ ជាពិសេសការធ្វើដំណើរតាមផ្លូវគោក។

សម្តេច​តេជោ ​បានបន្ថែមថា ក្នុងរយៈពេល៥៧ឆ្នាំនៃទំនាក់ទំនង​ការទូត​កម្ពុជា-វៀតណាម គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងអស់៤៥ឆ្នាំ និង បានប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហ​ប្រតិ​បត្តិការ។

សូមបញ្ជាក់ថា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានបំពាក់គ្រឿង​ឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ក្នុងនាមព្រះករុណា ព្រះមហា​ក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកឯកអគ្គរដ្ឋទូតវៀតណាម បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រខ្មែរ ដែលបានប្រោសប្រទានគ្រឿងឥស្សរិយយស​ជូនរូបលោក ដែលជារង្វាន់​ដ៏មាន​តម្លៃ និងមិនអាចកាត់ថ្លៃបានសម្រាប់រូបលោក ក៏ដូចជាស្ថាន​ទូត​វៀតណាម៕