(ភ្នំពេញ)៖ លោក ទុយ រិទ្ធ រដ្ឋលេខាធិកា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាតំណាង ដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់សហជីព ទាំងអស់នៅកម្ពុជា ត្រូវគោរពឆន្ទៈគ្នាទៅវិញទៅមក យកការពិភាក្សាគ្នាដោយរក្សាកត្តាសត្យានុម័ត ជាគោល មិនត្រូវមានការរើសអើង ឬចាត់ចំណាត់ថ្នាក់គ្នា តាមរយៈការប្រើប្រាស់ពាក្យសហជីព ឯករាជ្យ ឬមិនឯករាជ្យ ដែលតិច ឬច្រើននឹងនាំឱ្យមានការបែកបាក់រវាងសហជីព និងសហជីព។
ការអំពាវនាវបែបនេះរបស់ លោក ទុយ រិទ្ធ បានធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ នៅក្នុងពិធីសមាជសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) អាណត្តិទី៨ ឆ្នាំ២០២៤-២០២៧។ ដោយមានការចូលរួមពី លោកស្រី ទេព គឹមវណ្ណារី ប្រធាន CCTUអាណត្តិ៧ លោក ទុន សោភណ្ណ័ អ្នកសម្របសម្រួលថ្នាក់ជាតិអង្គការអន្តរជាតិ ខាងការងារប្រចាំប្រទេសកម្ពុជា (ILO) លោក ទេព សោភណ្ណ័ នាយកប្រតិបត្តិសហពន្ធ័និយោជក និងសមាគមពានិជ្ជកម្មកម្ពុជា(CAMFEBA) ព្រមទាំងសមាជិក សមាជិកាជាច្រើននាក់។
ក្នុងឱកាសនេះដែរ លោក ទុយ រិទ្ធ បានសម្តែងនូវការកោតសរសើរខ្ពស់ចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសហភាពសហជីព ដែលជាសមាជិករបស់ CCTU ដែលបានខិតខំបំពេញតួនាទីរបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និង ការប្តេជ្ញាចិត្តខ្ពស់ និងមានការចូលរួមពីដៃគូសង្គមនានា ដែលនេះបានសបញ្ជាក់ឱ្យឃើញនូវការរួបរួមយ៉ាងសកម្មពីសហភាពសហជីព សហព័ន្ធសហជីព និងដៃគូពាក់ព័ន្ធផ្សេងៗ ដើម្បីជំរុញការធានាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។ លោកក៏សូមលើកទឹកចិត្តថ្នាក់ ដឹកនាំសហភាពសហជីព សហព័ន្ធសហជីព និងដៃគូទាំងអស់ ខិតខំបន្តទៀតក្នុងកិច្ចសហការ និងការបង្រួបបង្រួមគ្នាឱ្យបានទ្រង់ទ្រាយកាន់តែធំ មានសមាជិកកាន់តែច្រើន មានកម្លាំងខ្លាំងពិត ប្រាកដ និងមានប្រសិទ្ធភាពខ្ពស់ក្នុងភាពជាតំណាងឱ្យឆន្ទៈជាក់ស្តែងរបស់បងប្អូនកម្មករនិយោជិត ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។
លោក ទុយ រិទ្ធ ក៏សូមអបអរសាទរចំពោះលោក លោកស្រី ដែលត្រូវបានអង្គសមាជ បោះឆ្នោតជ្រើសតាំង ជាថ្នាក់ដឹកនាំសហភាពសហព័ន្ធសហជីព ជាតិកម្ពុជា (CCTU) សម្រាប់អាណត្តិទី៨នេះ។ សូមបន្តកិច្ចខិតខំប្រឹងប្រែង សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីផ្តល់ការធានាដល់វិយោគិនជាតិ និងវិនិយោគិនផ្ទាល់ពីក្រៅប្រទេសដែលកម្ពុជាយើងពឹងផ្អែកជាគោលឱ្យមានទំនុកចិត្តកាន់តែមុតមាំ ដើម្បីសម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគថ្មី ឬការបន្ថែមទុនវិនិយោគលើគម្រោងដែលមានស្រាប់។ សកម្មភាពទាំងនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ការបង្កើន ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ព្រមទាំងអត្ថប្រយោជន៍ប្រយោលក្នុងការបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ហិរញ្ញវត្ថុសាធារណៈ និងពិពិធកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា។
លោករដ្ឋលេខាធិកា បានបញ្ជាក់ថា ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈ ដែលបានលើកឡើងនាពេលនេះ មិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ។ ផ្ទុយទៅវិញ នេះគឺជាការជំរុញឱ្យសហជីពទាំងអស់ខិតខំធ្វើឯកភាពកម្មរវាងគ្នា ដើម្បីពង្រឹងបាននូវសាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ ព្រមទាំងបង្កើននូវសមត្ថភាព និងប្រសិទ្ធភាពរបស់សហជីព ដែលជាអ្នកតំណាងសំឡេងនៃបងប្អូនកម្មករនិយោជិត និងរួមចំណែកកាន់តែសំខាន់បន្ថែមទៀត ជំរុញការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា និយាយជាទូទៅ និងក្នុងវិស័យកាត់ដេរ ស្បែកជើង កាបូប និងផលិតផលិតផលធ្វើដំណើរ និយាយដោយឡែក។
ជាមួយគ្នានេះ លោករដ្ឋលេខាធិកា បានបន្ថែមថា សហជីពទាំងអស់ ត្រូវអនុវត្តតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ គោរព តាមគោលការណ៍ត្រឹមត្រូវរបស់សហជីព ដោយបង្ហាញនូវតំណាងភាពដ៏ស្មោះត្រង់សម្រាប់ការពារ ផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត ចៀសវាងឱ្យបានពីការយករោងចក្រ សហគ្រាស ធ្វើជាទីលាននៃការប្រកួតប្រជែងដណ្តើមសមាជិកគ្នា ដែលនាំឱ្យប៉ះពាល់ដល់ ដំណើរការផលិតកម្មរបស់វិនិយោគិន និងជាពិសេសប៉ះពាល់ដល់ការងារ និងប្រាក់ចំណូលរបស់ បងប្អូនកម្មករនិយោជិតផ្ទាល់៕