(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដំណាច់ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមករា ឆ្នាំ២០២៥ ដើម្បីត្រួតពិនិត្យ និងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, ការរៀបចំសោភ័ណភាពបរិស្ថាន ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ នៅឆ្នាំ២០២៦ខាងមុខ, ការពារឱ្យបានដាច់ខាត នូវសុខសន្តិភាព និងផ្សព្វផ្សាយគោលនយោបាយ ព្រមទាំងសមិទ្ធផលសម្រេចបាន របស់រាជរដ្ឋាភិបាល។

បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ស្នងការរងខេត្ត បានធ្វើសេចក្តីរាយការណ៍ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, បញ្ហាគ្រឿងញៀន, ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសភាពការសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ព្រមទាំងលទ្ធផលសម្រេចបាន និងបញ្ហាប្រឈម របស់រដ្ឋបាលក្រុង/ស្រុក នោះរួចមក, លោក ខូយ រីដា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរអង្គភាព ចំណុះឱ្យរដ្ឋបាលខេត្ត ដែលបានខិតខំបំពេញកិច្ចការងារ តាមតួនាទីភារកិច្ចរបស់ខ្លួន ដោយទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងជោគជ័យនេះដែរ យើងក៏នៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលត្រូវធ្វើការដោះស្រាយជាបន្តបន្ទាប់។

លោកអភិបាលខេត្តបន្តថា ថ្មីៗនេះបើពិនិត្យជារួម លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្ដៀង និងលោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ គឺមានភាពឈ្លាសវៃ ក្នុងការសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដែលរស់នៅលើដីសាធារណៈរបស់រដ្ឋ ដូចជាតាមមាត់ស្ទឹង តាមរបងវិទ្យាល័យពោធិ៍សាត់ និងការលក់ដូរតាមរបងមន្ទីរពេទ្យបង្អែកខេត្ត ដោយបានធ្វើឱ្យពួកគាត់យល់ព្រមចាកចេញទៅរកកន្លែងផ្សេង និងព្រមទទួលយកដីឡូត៍ ដែលរដ្ឋបាលខេត្តបានដោះស្រាយជូន។

លោក ខូយ រីដា បានសង្កត់ធ្ងន់ថា សម្រាមនាំឱ្យខូចបរិស្ថាន ខូចសោភ័ណភាព ប៉ះពាល់សុខភាព និងធ្វើឱ្យអ្នករស់នៅ គ្មានហុងស៊ុយ គ្មានសិរីសួស្ដី។ ជានិច្ចកាល លោកតែងតែលើកឡើងថា «បើមានអភិបាលក្រុង/ស្រុក ត្រូវអត់សម្រាម បើមានសម្រាម ត្រូវអត់អភិបាលក្រុង/ស្រុក, ហើយបើមានមេឃុំ/ចៅសង្កាត់ ត្រូវអត់សម្រាម បើមានសម្រាម ត្រូវអត់មេឃុំ/ចៅសង្កាត់» ត្រង់ចំណុចនេះត្រូវធ្វើឱ្យបានទាំងអស់គ្នា។

លោកសូមឱ្យមន្ទីរអង្គភាព និងរដ្ឋបាលក្រុង/ស្រុកទាំងអស់ ត្រូវរៀបចំដាក់តាំងរូបថតសម្ដេច ព្រមទាំងឥស្សរជនសំខាន់ៗ នៅតាមដងផ្លូវក្នុងទីប្រជុំជន និងនៅតាមរដ្ឋបាល មន្ទីរអង្គភាពរៀងៗខ្លួន ដើម្បីបង្ហាញថា ពួកគាត់ទាំងអស់នេះហើយ ដែលនាំមកនូវសន្តិភាព និងមានការអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃ។

ឆ្លៀតក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានដាក់ចេញនូវទិសដៅ សម្រាប់គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត/ក្រុង/ស្រុក យកទៅអនុវត្តបន្ត ចំនួន១១ចំណុចធំៗ រួមមាន៖
ទី១៖ ត្រូវប្តេជ្ញាការពារឱ្យបានដាច់ខាត នូវសន្តិភាព សន្តិសុខសណ្តាប់សាធារណៈ យើងមានសន្តិភាព យើងមានសន្តិសុខសណ្តាប់សាធារណៈ និងការអភិវឌ្ឍ
ទី២៖ ពង្រឹងការងារផ្សព្វផ្សាយគោលនយោបាយ របស់រាជរដ្ឋាភិបាល និងត្រូវបង្ហាញនូវសមិទ្ធផលផ្សេងៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន ឱ្យដល់មហាជន
ទី៣៖ ទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ និងការពារធនធានមច្ឆជាតិ ឱ្យបានដាច់ខាត បូករួមទាំងកិច្ចសហការគាំទ្រកងកម្លាំង ដែលចុះប្រតិបត្តិការ កុំឆ្លើយដាក់គ្នា
ទី៤៖ គ្រប់គ្រងប្រជាពលរដ្ឋចំណូលស្រុកឱ្យបាន ព្រោះអ្នកខ្លះចូលមកអាចជាឧក្រិដ្ឋជន ឬជាជនល្មើសមកពីខេត្តផ្សេងៗ ដែលចូលមកកាប់ព្រៃនៅខេត្តពោធិ៍សាត់ និងអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងនយោបាយ
ទី៥៖ បន្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងត្រូវពិនិត្យមើលដីអាស្រ័យផល ដែលប្រជាពលរដ្ឋមានការខ្វះខាតពិសេសទុរគតជនខ្វះមុខខ្វះក្រោយ ត្រូវរៀបចំលំនៅឋាន ឱ្យបានសមរម្យជូនពួកគាត់
ទី៦៖ ត្រូវយកចិត្តទុកដាក់ គាំទ្រឱ្យបានគ្រប់ជ្រុងជ្រោយ ចំពោះសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ទី៧៖ ត្រូវខិតខំលុបបំបាត់ភាពអសកម្មរបស់មន្ត្រីរាជការ និងត្រូវតាមដាន ព្រមទាំងប្រគល់ភារកិច្ចជូនពួកគាត់ ឱ្យត្រូវតាមឧបនិស្ស័យ
ទី៨៖ ធ្វើការឆ្លើយតប វាយបកឱ្យស្រុះគ្នា និងទាន់ពេលវេលា ចំពោះបណ្តាញសង្គម ដែលវាយប្រហារមកលើរាជរដ្ឋាភិបាល ហើយមន្ត្រីរដ្ឋបាលខេត្ត ត្រូវតាមដានផេករបស់សម្តេច និងបោះទៅអង្គភាពពាក់ព័ន្ធ ធ្វើការឆ្លើយតប
ទី៩៖ ត្រូវត្រៀមកម្លាំង ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា នៅតំបន់អន្ទង់អាំង
ទី១០៖ បន្តទំនាក់ទំនងចលនាការទូត ជាមួយប្រទេសជិតខាង ស្មើសិទ្ធិ ស្មើភាព
ទី១១៖ បណ្តាមន្ទីរអង្គភាព ដែលមានសម្ព័ន្ធមេត្រីភាព ជាមួយគ្រួសារអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ត្រូវបន្តចុះឱ្យបានទៀងទាត់ កុំឱ្យពួកគាត់ខ្វះភាពកក់ក្តៅ៕