(ភ្នំពេញ)៖ លោក ទេព នីថា អគ្គលេខាធិការធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា បញ្ជីបោះឆ្នោតបច្ចុប្បន្នដែលត្រូវបានរៀបចំតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតាំងពីឆ្នាំ២០១៦ បើគិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នឹងមានអាយុកាល ១០ឆ្នាំហើយ។ ក្នុងចន្លោះពេលនេះ ភិនភាគពិតរបស់អ្នកបោះឆ្នោតម្នាក់ៗក៏បានប្រែប្រួលដែលនាំឱ្យខុសពីទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោតផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំលោកបានគូសបញ្ជាក់ថា៖ ហេតុនេះ គ.ជ.ប ចាំបាច់ត្រូវបន្ថែមការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) របស់អ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតហើយយ៉ាងតិច ១០ឆ្នាំ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ»។
លោកបានបន្តថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរយោបល់ជាមួយភាគីពាក់ព័ន្ធដែលបានផ្ញើយោបល់លើសេចក្តីព្រាង ប.ន.ព.ច ត្រឡប់មក គ.ជ.ប វិញ និងប្រមូលយោបល់បន្ថែមទៀត ដើម្បីកែលម្អបទបញ្ជា និងនីតិវិធីនេះឱ្យកាន់តែមានលក្ខណៈពេញលេញ ងាយយល់ និងងាយអនុវត្ត ឆ្លើយតបទៅនឹងបរិបទ និងការវិវឌ្ឍថ្មីៗ ព្រមទាំងមានអនុលោមភាពតាមច្បាប់ជាធរមាន មុននឹងដាក់ជូន គ.ជ.ប ពិនិត្យ សម្រេចអនុម័តឱ្យប្រើជាផ្លូវការនាឆ្នាំ២០២៥ ខាងមុខ។
ទន្ទឹមនឹងនេះដែរ លោក ទេព នីថា បានបញ្ជាក់ថា ការរៀបចំ ប.ន.ព.ច ថ្មីនេះ មានគោលបំណងធ្វើឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀតទាំងទម្រង់ ទាំងខ្លឹមសារ ដើម្បីឆ្លើយតបទៅនឹងបរិបទ និងការវិវឌ្ឍនៃស្ថានភាពសង្គម សេដ្ឋកិច្ច ព្រមទាំងគំរូទម្រង់ស្តង់ដា នៃការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីធានាបាននូវសង្គតិភាព និងមានលក្ខណៈពេញលេញ។
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា អគ្គលេខាធិការ គ.ជ.ប បានគូសបញ្ជាក់ថា បើទោះបីជារាល់មតិយោបល់ដែលភាគីពាក់ព័ន្ធបានលើកឡើង ត្រូវបានគណៈកម្មការសម្របសម្រួលធ្វើការបំភ្លឺ ពន្យល់ ឬ/ និងបកស្រាយជូនក្នុងកម្រិតសមត្ថកិច្ចរបស់ខ្លួនរួចហើយយ៉ាងណាក្ដី អគ្គលេខាធិការដ្ឋាន គ.ជ.ប នឹងធ្វើការបូកសរុបរាល់មតិយោបល់ទាំងយោបល់ជាលាយលក្ខណ៍អក្សរ ទាំងយោបល់ដែលបានលើកឡើងបន្ថែមនាកិច្ចប្រជុំព្រឹកនេះដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេចចុងក្រោយក្នុងពេលដ៏ឆាប់ខាងមុខ។
សូមជម្រាបជូនថា កិច្ចប្រជុំពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពីមន្រ្តី គ.ជ.ប និងតំណាងភាគីពាក់ព័ន្ធនឹងការបោះឆ្នោត រួមមាន៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការ-ដ្ឋានព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រសួងព័ត៌មាន ក្រសួងយុត្តិធម៌ គណបក្សនយោបាយ ចំនួន៩ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន១៧ និងអ្នកសារព័ត៌មាន ដែលមានអ្នកចូលរួមសរុបប្រមាណ ៨៤នាក់៕