(ស្ទឹងត្រែង)៖ អគារសិក្សាចំនួន១ខ្នងមានចំនួន៥ បន្ទប់និង មាន បង្គន់អនាម័យស្តង់ដារ និង អណ្តូងទឹកស្អាតក្រោមជំនួយរបស់ លោក ចូសេហ្វ អ៊ូរី និងក្រុមគ្រួសារតាមរយៈអង្គការផ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) ត្រូវបានសម្ពោធដាក់ឲ្យប្រាស់ជាផ្លូវការ នៅថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង។

ការសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សាថ្មីចំនួន១ខ្នងមាន ៥បន្ទប់នេះ​ ធ្វើឡើងក្នុងបរិវេនសាលាបឋមសិក្សា បានប៊ុង ថ្មី ដោយមានការចូលរួមពីលោក យី គឹមថាន នាយករងអង្គការផ្លែនអន្តរជាតិប្រចាំប្រទេសកម្ពុជា លោក ចូសេហ្វ អ៊ូរី និងក្រុមគ្រួសារ ថ្នាក់ដឹកនាំអង្គការផ្លែនអន្តរជាតិប្រចាំខេត្តស្ទឹងត្រែង លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន និង លោកស្រីទី ធីតា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។

ក្រោយពីលោក ចូសេហ្វ អ៊ូរី ដែលជាម្ចាស់ជំនួយ បានមានមតិចាប់អារម្មណ៍រួចមក, លោក យី គឹមថាន នាយករងអង្គការផ្លែនអន្តរជាតិកម្ពុជាប្រចាំប្រទេសកម្ពុជា បានលើកឡើងថា អង្គការភ្លែនអន្តរជាតិ កម្ពុជា គឺជាអង្គការអភិវឌ្ឍន៍មួយដែលផ្តោតសំខាន់លើកុមារ ហើយទុកកុមារជាបេះដូង ដែលយើងធ្វើអ្វីៗគ្រប់យ៉ាង គឺ ដើម្បីឧត្តមប្រយោជន៍របស់ពួកគាត់ ។គ្រប់គម្រោងកម្មវិធីរបស់អង្គការភ្លែន គឺមានគោលបំណងធ្វើអោយមានការប្រសើឡើងនូវ ការរស់រានមាន ជីវិត ការការពារ ការអភិវឌ្ឍន៏ និង ការចូលរួមរបស់កុមារ។

លោកបានបន្តថា ការពង្រឹងគុណភាពអប់រំនៅក្នុងប្រទេសកម្ពុជា ពិសេសខេត្តស្ទឹងត្រែង មានប្រជាពលរដ្ឋជាបងប្អូនជនជាតិដើមភាគតិចរស់នៅ មានសារះសំខាន់ណាស់ ពីព្រោះនឹងអាចភ្ជាប់ទំនាក់ទំនងគ្នា រវាងការអប់រំនិងការអភិវឌ្ឍន៍ ពីព្រោះបើគ្មានការអប់រំនោះទេក៏គ្មានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនោះដែរ។

លោកស្រី កែវ សាវឿន តំណាងលោក សរ សុពុត្រា អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ តាមរយៈអង្គការផ្លែនកម្ពុជា ដែលបានផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធអប់រំដ៏រឹងមាំនាពេលនេះ ។

ក្នុងនោះ លោកស្រី បានវាយតម្លៃខ្ពស់ និងកោតសរសើដល់អង្គការផ្លែនអន្តរជាតិដែលបានតែងតែជួយគាំទ្រអភិវឌ្ឍន៍មូលដ្ឋាននានាក្នុងខេត្តស្ទឹងត្រែង ជាកស្តែងសមិទ្ធផលដែលទទួលបាននាពេលនេះបានបង្ហាញពីការខិតខំប្រឹងប្រែងចូលរួមគាំទ្រអភិវឌ្ឍន៍មូលដ្ឋានពីសំណាក់អង្គការផ្លែនអន្តរជាតិឲ្យមានភាពរីចំរើនខាងផ្នែកអប់រំឲ្យកាន់តែប្រសើរ។

លោកស្រីបានបន្ថែមថា អង្គការផ្លែនអន្តរជាតិជាអង្គការមួយដែលបានជួយអភិវឌ្ឍន៍មូលដ្ឋានបានច្រើនទាំងវិស័យអប់រំនិង វិស័យនានា ភូមិសាស្ត្រខេត្តស្ទឹងត្រែង។

លោកស្រី កែវ សាវឿន បានសង្កត់ធ្ងន់ថា កត្តាដែលអាចនាំឲ្យមានអង្គការក្រៅរដ្ឋាភិបាលឬអង្គការដៃគូអភិវឌ្ឍន៍បានចូករួមកសាងសមិទ្ធផលនិងចូលរួមអភោវឌ្ឍន៍សហគមមូលដ្ឋាននេះគឺមកពីកត្តាសន្តិភាពដែលយើងមិនអាចកាត់ថ្លៃបាន។ ប្រសិនបើគ្មានសន្តិភាពទេ យើងក៏មិនអាចអភិវឌ្ឍន៍សហគមន៍ ភូមិ/ឃុំ/ស្រុក និងប្រទេសជាតិឲ្យមានភាពរីកចំរើនបានដែរ ដូចនេះទោះក្នុងតម្លៃណាក៏ដោយយើងត្រូវរួមគ្នាការពារសន្តិភាពនេះឲ្យបាននៅគង់វង់ជានិរន្តន៍។

ជាមួយគ្នានេះ ក្នុងនាមរដ្ឋបាលខេត្តស្ទឹងត្រែង លោកស្រី កែវ សាវឿន បានថ្លែងអំណរអរគុណ លោក ចូសេហ្វ អ៊ូរី និងក្រុមគ្រួសារ ដែលម្ចាស់ជំនួយ ដែលកសាងសាលាបឋមសិក្សាថ្មី បានប៊ុង នេះ និងប្តេជ្ញាបន្តសហការជាមួយអង្គការផ្លែនអន្តរជាតិនិងអង្គការដៃគូអភិវឌ្ឍន៍នានាដើម្បីចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋានខេត្តស្ទឹងត្រែងឲ្យកាន់តែមានការអភិវឌ្ឍរីកចំរើនទៅមុខបន្តទៅទៀត៕