(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤,២៥៣នាក់ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើបទបាឋកថាលើប្រធានបទ ការបង្កើនសមិទ្ធិផលការងារ (Performance) របស់បុគ្គល ក្រុមការងារក្នុងវិស័យសុខាភិបាល ដោយប្រើប្រាស់ព័ត៌មានត្រឡប់ ដើម្បីឱ្យបុគ្គលអាចកែប្រែ ឬអភិវឌ្ឍន៍ខ្លួនឱ្យទទួលបានលទ្ធផលពេញលេញ។ បន្ថែមពីលើនេះ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានលើកយកភាពខុសគ្នារវាង Mentoring (ចង្អុលបង្ហាញ) និង Coaching (បង្ហាត់បង្ហាញ)។
នាវេលាបណ្តុះបណ្តាលនេះ លោកសាស្រ្តាចារ្យ បានឆ្លៀតយកឱកាសមុនដំណាច់ឆ្នាំ២០២៤នេះ ប្រកាសទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាលទាំងអស់ ជាពិសេសក្នុងឆ្នាំ២០២៤ ដោយបានបង្ហាញនូវការឯកភាពក្នុងវិស័យ និងការចុះសម្រុងគ្នាក្នុងការខិតខំកែរលំអសេវាសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាជនក៍ដូចជាការលើកកំពស់តម្លៃរបស់វិជ្ជាជីវៈសុខាភិបាល។
សូមជម្រាបថា ជាង ១ឆ្នាំ ដើមអាណត្ដិទី៧ នៃរដ្ឋសភា ក្នុងនាមលោកសាស្ដ្រាចារ្យ ឈាង រ៉ា ដែលទទួលបាននូវសេចក្ដីទុកចិត្ដពីរាជរដ្ឋាភិបាលកម្ពុជា ជារដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យរូបនេះ បានអនុវត្ដការងារយ៉ាងសកម្មទៅលើយុទ្ធសាស្ដ្រអាទិភាព ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល រួមទាំងចំណុចអាទិភាពផ្សេងទៀតដែលលោកបានដាក់ជូនមន្ដ្រី ដើម្បីអនុវត្ដរួមគ្នា រួមទាំងធ្វើបទបាឋកថា ក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវាទជូនដល់មន្ដ្រីក្រោមឱវាទជារៀងរាល់ថ្ងៃអង្គារ វេលាម៉ោង ២រសៀល ដើម្បីកំណែទម្រង់វិស័យសុខាភិបាល សំដៅទៅសមត្ថភាពរបស់មន្ដ្រី ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ៕