(​​ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំទៅកាន់ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យរៀបចំ​បណ្ណាល័យតម្កល់ស្នាដៃស្រាវជ្រាវ ឬនិក្ខេបបទរបស់និស្សិតជំនាន់មុនដែលបានបញ្ចប់ការសិក្សា ដើម្បីទុកជាទិន្នន័យស្រាវជ្រាវសម្រាប់និស្សិតជំនាន់ក្រោយ ដែលអាចជាមូលដ្ឋានសម្រាប់របកគំហើញថ្មីៗទៀត។

ការណែនាំបែបនេះរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រ​ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តខ្ពស់ដល់គ្រប់សាស្ត្រាចារ្យ, សូមបន្តអភិវឌ្ឍសមត្ថភាព និងបង្កើនការសិក្សាស្រាវជ្រាវ​បែបវិទ្យា​សាស្ត្រតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព​ក្នុងការបង្រៀន និងផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និងឧត្តមានុវត្តន៍ជាក់​ស្តែង។ ការសិក្សាស្រាវជ្រាវនឹងជួយរួមចំណែកដល់ការប្រែក្លាយទ្រឹស្តីដែលបានសិក្សានៅក្នុងថ្នាក់រៀន ទៅជាការអនុវត្តជាក់ស្តែងនៅកន្លែងការងារ ទាំងវិស័យសាធារណៈ និងឯកជន។ លទ្ធផលនៃការសិក្សាស្រាវជ្រាវ អាចជាធាតុចូលដ៏សំខាន់សម្រាប់គោលនយោបាយសង្គម-សេដ្ឋកិច្ច ហើយលទ្ធផលទាំងនេះត្រូវបានលើកទឹកចិត្តឱ្យបោះពុម្ពក្នុងទស្សនាវដ្តីវិទ្យាសាស្រ្ត ជាពិសេសទស្សនាវដ្តីវិទ្យាសាស្រ្តក្នុងតំបន់ និងអន្តរជាតិ។

សម្ដេចបវរធិបតីបានបន្តថា សិស្សជ័យលាភីទាំងអស់ត្រូវខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវបន្ថែមទៀត ទាំងចំណេះដឹង ជំនាញ បទពិសោធន៍ សីលធម៌ និងការទទួលខុសត្រូវ ដែលជាសសរស្ដម្ភដ៏រឹងមាំសម្រាប់អនាគតដ៏រុងរឿងរបស់ខ្លួន។ សិស្សជ័យលាភីទាំងអស់គួរចាំថា ចំណេះដឹងដែលទទួលបានក្នុងការសិក្សាមិនទាន់គ្រប់គ្រាន់នោះទេ គឺចាំបាច់រួមផ្សំជាមួយបទពិសោធន៍ការងារជាក់ស្ដែងនៅក្នុងគំនិតច្នៃប្រឌិតនវានុវត្តន៍ទៅតាមស្ថានភាព និងកាលៈទេសៈថែមទៀត ទើបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលក្លាយជាបុគ្គលដ៏មានតម្លៃសម្រាប់ការងារក្នុងស្ថាប័ន និងមានប្រយោជន៍ដល់សង្គមជាតិ។

សម្ដេចថ្លែងយ៉ាងដូច្នេះថា «ចំណុចទាក់ទងនឹងទស្សនាវដ្តីនេះ ខ្ញុំសូមឱ្យលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យមើលលទ្ធភាពនេះ។ ដូច្នេះគួរសិក្សាបង្កើតបណ្ណាល័យណាមួយដែលអាចទុកដាក់បាន អ៉ីចឹងនិស្សិតជំនាន់ក្រោយដែលគាត់ស្រាវជ្រាវពីប្រធានបទណាមួយ គាត់អាចចូលទៅឃើញស្នាដៃរបស់និស្សិតជំនាន់មុនទាំងអស់»

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្តណែនាំឱ្យក្រសួងអប់រំអាចបង្កើតជាយន្តការថ្នាក់ជាតិ ហើយអាចពិភាក្សាជាមួយសាកលវិទ្យាល័យនានា ក្នុងការបង្កើតមជ្ឈមណ្ឌលព័ត៌មានមួយសម្រាប់ស្រាវជ្រាវនិក្ខេបបទ ព្រោះនិស្សិតសិក្សាអ្វីក៏ដោយ គឺត្រូវការទិន្នន័យ ដូច្នេះនិក្ខេបបទរបស់និស្សិតមុនៗក៏ជាទិន្នន័យសម្រាប់និស្សិតជំនាន់ក្រោយស្រាវជ្រាវផងដែរ។

សម្ដេចបវរធិបតីមានសុទិដ្ឋិនិយមថា «ការស្រាវជ្រាវ ឬរបកគំហើញរបស់លោកអ្នក អាចជាមូលដ្ឋានបន្តការស្រាវជ្រាវរបស់អ្នកដទៃទៀត»