(កំពង់ស្ពឺ)៖ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបង្ក្រាបករណីក្មេងទំនើងមួយក្រុម ចំនួន៨នាក់ ដែលប្រដាប់ដោយដាវសាម៉ូរ៉ៃ នៅចំណុចច្រកចូលភូមិក្រាំងពលទេព ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
មន្ដ្រីអាវុធហត្ថបានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះថា ប្រតិបត្តិការចាប់ខ្លួនក្មេងទំនើងនេះ ត្រូវបានធ្វើឡើងនៅវេលាទាបភ្លឺឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីយកមកធ្វើការសួរនាំ។
ក្មេងទំនើងទាំង៨នាក់នោះ រួមមាន ទី១៖ឈ្មោះ ជី លីង អាយុ១៥ឆ្នាំ, ទី២៖ឈ្មោះ ខន សុភ័ត្រ្ក អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ សៀន ឌឿប អាយុ២០ឆ្នាំ, ទី៤៖ឈ្មោះ ស៊ឹម ធាវិសិទ្ធ អាយុ១៧ឆ្នាំ, ទី៥៖ឈ្មោះ តុន មេត្តា អាយុ១៩ឆ្នាំ, ទី៦៖ឈ្មោះ សោភ័ណ្ឌ អាទី អាយុ២០ឆ្នាំ, ទី៧៖ឈ្មោះ លី ជីន អាយុ១៧ឆ្នាំ និងទី៨៖ឈ្មោះ បូ ឈី អាយុ១៥ឆ្នាំ។ ដោយដកហូតសម្ភារ ម៉ូតូចំនួន៣គ្រឿង,ទូរស័ព្ទចំនួន៨គ្រឿង និងដាវ១ដើម។ បច្ចុប្បន្នជនសង្ស័យចំនួន៨នាក់ បញ្ជូនមកបញ្ជាកាដ្ឋានកងរាជអាវុធខេត្តដើម្បីធ្វើបន្តនីតិវិធី។
ទាក់ទិនករណីក្មេងទំនើងនេះ លើវេទិកាសាធារណៈនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាជាថ្មីម្ដងទៀត ឲ្យបន្ដចាត់វិធានការច្បាប់ម៉ឺងម៉ាត់ដោយគ្មានការលើកលែង ចំពោះករណីក្មេងទំនើងដែលបង្កហិង្សាដាក់គ្នាទៅវិញទៅមក។
ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សជាង១ពាន់នាក់, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងយុត្តិធម៌ សិក្សាធ្វើវិសោធន៍កម្មដាក់ទោសឲ្យធ្ងន់លើក្រុមក្មេងទំនើងដែលបង្កអំពើហិង្សាដាក់គ្នា ក្រោយសម្ដេចយល់ថា បើសិនទោសបច្ចុប្បន្ននៅកម្រិតមួយស្រាល។
បន្ថែមពីនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំក្រសួងយុត្តិធម៌ពិនិត្យក្នុងការធ្វើវិសោធន៍កម្មច្បាប់ពាក់ព័ន្ធជាមួយទោសទណ្ឌនេះ ដោយត្រូវធ្វើយ៉ាងកម្រិតនៃការដាក់ទោសឲ្យកាន់តែខ្លាំង ដើម្បីឲ្យមានការរៀងចាលបញ្ឈប់សកម្មភាព៕