(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានជួបសម្តែងការគួរសមជាមួយលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារ ជាពិសេសផ្តោតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើការងារកិច្ចការនារី។ ជំនូបនេះ ធ្វើឡើងនាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។
នៅក្នុងជំនួបនោះ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ លើកិច្ចសហការកន្លងមក រវាងក្រសួងកិច្ចការនារី និងចិន តាមរយៈកិច្ចសហ ប្រតិបត្តិការ ជាមួយសហព័ន្ធស្ត្រីទូទាំងប្រទេសចិន ក្នុងក្របខណ្ឌនៃការផ្លាស់ប្តូរមេរៀនបទពិសោធន៍ ការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ទាំងក្នុងរូបភាពទ្វេភាគី និងពហុភាគី។
ទន្ទឹមនោះ តាមរយៈមូលនិធិពិសេសមេគង្គឡានឆាង ក្រសួងកិច្ចការនារី ក៏បានដឹកនាំអនុវត្តគម្រោងថ្នាក់តំបន់ ក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ក្នុងយុគសម័យឌីជីថល និងការបញ្ជ្រាបយេនឌ័រ ក្នុងសកម្មភាពអាកាសធាតុ។
តាមរយៈទស្សនកិច្ចកាលពីពេលថ្មីៗនេះ របស់សហព័ន្ធស្រ្តីទូទាំងប្រទេសចិន ក្រសួងកិច្ចការនារី នឹងពិនិត្យលទ្ធភាព ក្នុងការរួមគ្នាអនុវត្តគម្រោងលើកកម្ពស់ការអប់រំស្រ្តីនិងក្មេងស្រី ក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។
លោក Wang Wenbin ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រសួងកិច្ចការនារី ដែលជាដៃគូសហការយ៉ាងជិតស្និទ្ធ ជាមួយសហព័ន្ធស្រ្តីទូទាំងប្រទេសចិន។
លោកបានគូសបញ្ជាក់ផងដែរថា ការងារលើកកម្ពស់តួនាទីស្រ្តី គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំង៦ នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ហើយលោកមានជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះ នឹងរួមចំណែកលើកកម្ពស់ស្ថានភាពស្រ្តី និងក្មេងស្រី នៅប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។
តាមរយៈជំនួបពិភាក្សានេះ លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនលោកស្រីកិត្តិបណ្ឌិតរដ្ឋមន្រ្តីថា ប្រទេសកម្ពុជាគឺជាប្រទេសទីមួយ ដែលត្រូវបានជ្រើសរើសជាដៃគូអនុវត្តគម្រោង «Chun Lei» ប្រែជាភាសាខ្មែរថា «ផ្ការីកនារដូវផ្ការីក» ដើម្បីលើកកម្ពស់ការអប់រំរបស់ក្មេងស្រី នៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ហើយក្រសួងកិច្ចការនារី គឺជាស្ថាប័នដឹកនាំអនុវត្តគម្រោងនេះ។
គម្រោង Chun Lei នេះ បានអនុវត្តអស់រយៈ៤៥ឆ្នាំកន្លងមកហើយ នៅក្នុងប្រទេសចិន និងត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ផងដែរ។
លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនដល់លោកឯកអគ្គរដ្ឋទូត សហព័ន្ធស្រ្តីទូទាំងប្រទេសចិន ព្រមទាំងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជ្រើសរើស ប្រទេសកម្ពុជាជាប្រទេសដំបូងគេ ដើម្បីអនុវត្តគម្រោងChun Lei ហើយលោកស្រី មានជំនឿថា គម្រោងនេះ នឹងរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ស្ថានភាពស្រ្តី និងក្មេងស្រី នៅក្នុងប្រទេសកម្ពុជា៕