(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី, លោកឧបនាយករដ្ឋមន្ត្រី ស សុខា, លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា, លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងឧបនាយករដ្ឋមន្ត្រីជាច្រើនទៀត នឹងក្លាយជាកីឡាករបាល់ទាត់របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។

នេះជាការបញ្ជាក់របស់លោក ខៀវ ភារិទ្ធិ សមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្តីពីកម្មវិធីការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា»

ការប្រកួតមាន ២គូ គឺគូទី១ ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក. ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ដោយគ្រោងអ្នកចូលរួម ៥ម៉ឺននាក់ ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្រាប់ការប្រកួតគូទី២ នៅវេលាម៉ោង ១៧៖០០នាទី។

ក្នុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ លោក ខៀវ ភារិទ្ធិ បានបញ្ជាក់យ៉ាងដូច្នេះថា «(ការប្រកួត) ដឹកនាំពីឯកឧត្តម ហ៊ុន ម៉ានី និងការចូលរួមពីសំណាក់ឯកឧត្តមអនុប្រធាន ក្នុងនោះ មានឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឯកឧត្តម ទៀ សីហា ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មួយចំនួនទៀត ក៏ដូចជាសមាជិកគណៈអចិន្ត្រៃយ៍ ព្រមទាំងអតីតកីឡាករជម្រើសជាតិ ... »។

សូមជម្រាបថា ការរៀបចំឡើងនូវព្រឹត្តិការណ៍បាល់ទាត់នេះ គឺដើម្បីអបអរសាទរខួប ២៦ឆ្នាំ ទិវាសន្តិភាពនៅកម្ពុជា អមដោយភាពគគ្រឹកគ្រេងជាមួយការប្រគំតន្ត្រី បុរាណ សម័យ ផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យកថ្ងៃទី២៩ ខែធ្នូ គឺជា «ទិវាសន្តិភាពនៅកម្ពុជា»៕