(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានចូលរួមជាអធិបតីពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន០២ភូមិ គឺភូមិព្រែកសំរោងទី១ និងភូមិព្រែកសំរោងទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ដែលមានចំនួន១២២៩ក្បាលដី នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

រដ្ឋមន្ត្រីក្រសួង និងជាប្រធានក្រុមការងារ បានថ្លែងថា ក្រោមដំបូលនៃសុខសន្តិភាព, រាជរដ្ឋាភិបាលមានឱកាសក្នុងការវាស់វែងដីធ្លី និងផ្តល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិអចលនទ្រព្យជូនប្រជាពលរដ្ឋ ហើយបណ្ណកម្មសិទ្ធិនេះ បានធ្វើឱ្យពលរដ្ឋមានសុវត្ថិភាពទាំងផ្លូវចិត្ត និងសុវត្ថិភាពផ្លូវច្បាប់ ក្នុងការកាន់កាប់និងគ្រប់គ្រងដីធ្លី កាត់បន្ថយនិងលុបបំបាត់ ទំនាស់ដីធ្លីនៅកម្ពុជជាពិសេសលុបបំបាត់ទំនាស់ព្រំដី ធ្វើឱ្យការគ្រប់គ្រងដីមានភាពច្បាស់លាស់ បញ្ចប់ទំនាស់ និងអនុញ្ញាតឱ្យមានការកសាងផែនការអភិវឌ្ឍន៍មានភូមិឃុំស្រុកក្រុងខេត្តមានភាពងាយស្រួល។ លោកបានថ្លែងថា បងប្អូនប្រជាពលរដ្ឋពិតជាសប្បាយរីករាយដែល បានទទួលបណ្ណកម្មសិទ្ធិលើដីធ្លីរបស់ខ្លួនកាន់កាប់ និងប្រើប្រាស់។

រដ្ឋមន្ត្រីបានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានគិតគូរយកចិត្តទុកដាក់ និងដាក់ចុះគោលនយោបាយដីធ្លី វាស់វែងដីធ្លីនិងផ្តល់បណ្ណកម្មសិទ្ធិដល់ពលរដ្ឋ និងបញ្ជាក់ថារាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជារាជរដ្ឋាភិបាលដឹកនាំគិតពី ប្រយោជន៍របស់ប្រជាពលរដ្ឋ កសាង និងអភិវឌ្ឍន៍ដើម្បីប្រជាពលរដ្ឋ និងសូមបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។

យោងតាមលោក អ៊ូ សុបុណ្ណាកា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ, ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តក្រចេះរហូតដល់ខែមករា ឆ្នាំ២០២៤ រួមមានបានប្រកាស តំបន់វិនិច្ឆ័យ បានចំនួន ២៦១ភូមិ ស្មើនឹង ៤៥ឃុំ/សង្កាត់ ក្នុង ៧ក្រុង/ស្រុករបស់ខេត្តក្រចេះ, បានវាស់វែងសរុបបានចំនួន១៧៥ ៩៣២ក្បាលដី និងបានចេញបណ្ណកម្មសិទ្ធិរួចចំនួន ៨៤ ៨២២ក្បាលដី ក្នុងនោះ តាមបទបញ្ជាលេខ០១បប ចំនួន ៣៩ ៣០៤ ក្បាលដី និងតាមកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ចំនួន ៤៥ ៥១៨ ក្បាលដី។

លោកបានថ្លែងថា អនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូមនីយកម្ម និងសំណង់ បានដាក់ចេញនូវផែនការ បញ្ចប់ការវាស់វែងចុះបញ្ជីដីទូទាំងប្រទេសលើក្បាលដីនៅសល់ប្រមាណ ៥លានក្បាលដី ក្នុងនោះខេត្តក្រចេះ ក៏បានដាក់ចេញនូវផែន ការបញ្ចប់ការវាស់វែង ជូនប្រជាពលរដ្ឋក្នុងដំណាច់ ឆ្នាំ២០២៥ លើក្បាល ដីប៉ាន់ស្មានក្នុងខេត្ត មានប្រមាណ ១១៨ ០០០ ក្បាលដី ក្នុងភូមិចំនួន ២៥៥ភូមិ នៃឃុំចំនួន ៣៨ ឃុំ។

ជាមួយក្រុមវាស់វែងដីធ្លីថ្មី ចំនូន ០៧ក្រុម ចាប់វាស់វែងចាប់ពីខែកុម្ភៈ ដល់ ខែធ្នូ ឆ្នាំ២០២៤ ទទួលលទ្ធផលដូចតទៅ ប្រកាសតំបន់វិនិច្ឆ័យ ចំនួន ១៤៥ ភូមិ (៥៧%) វាស់វែងបាន ចំនួន ៨០ ៧៧០ ក្បាលដី (៦៩%) គូសក្បាលដី ចំនួន ៨០ ២០២ ក្បាលដី (៦៨%) វិនិច្ឆ័យចំនួន ៦១ ៧៦០ ក្បាលដី (៥២%) និងបានចេញបណ្ណកម្មសិទ្ធិរួច ចំនួន ១៣ ៤៨៨ប័ណ្ណ ស្មើនឹង ៨ ០០៣ គ្រួសារ (១១%) បានបញ្ចប់ការបិទផ្សាយ ចំនួន ១៥ ៤៧០ ក្បាលដី ស្មើនឹង ១០ ៦២៦គ្រួសារ (១៣%)។

ដោយឡែក ស្រុកឆ្លូងមានផែនការចុះបញ្ជីចំនួន ១៧ ៣៣១ ក្បាលដី ដោយមានក្រុមវាស់វែងចំនួន ០១ ក្រុម មានសមាជិក ២៥ នាក់ ស្រី ១០នាក់ ក្នុងនោះ អ្នកស្ម័គ្រចិត្តចំនួន ១៧ នាក់ ស្រី ០៧ នាក់។ ការចុះបញ្ជីដីក្នុងស្រុកឆ្លូង តាំងពីចាប់ផ្តើម ដល់ខែធ្នូ ឆ្នាំ២០២៤ ទទួលលទ្ធផលដូចតទៅ៖ ប្រកាសតំបន់វិនិច្ឆ័យ បានចំនួន ៤៣ ភូមិ (ចេញបណ្ណចំនួន ១៥ ភូមិ, វាស់វែងចប់ចំនួន ១៧ ភូមិ និងកំពុងដំណើរការវាស់វែង ចំនួន ០៧ ភូមិ ក្នុងឃុំដំរីផុង)។ វាស់វែងសរុប ចំនួន ៣៨ ៧១២ ក្បាលដី, ចែកបណ្ណសរុបចំនួន ២០ ២៧៣ ក្បាលដី ស្មើនឹង ១៣ ៣៦៨ គ្រួសារ ស្មើនឹង ៣៣ ៧២៥ ហិកតា ក្នុងនោះ៖ បទបញ្ជា ០១ បប ចំនួន ១១ ២១១ ក្បាលដី ស្មើនឹង៧ ១៦៣ គ្រួសារ និងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ចំនួន ៩ ០៦១ ក្បាលដីស្មើនឹង៦ ២០៥ គ្រួសារ៕