(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងលោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងនគរបាលខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញបើកវគ្គបំប៉នជំនាញក្បួននីតិវិធីប្រតិបត្តិមន្ត្រីនគរបាលយុត្តិធម៌សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោកសម្រាប់អនុវត្តនៅមូលដ្ឋានដោយមានការចូលរួមពីកងកម្លាំងតាមប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីជំនាញប្រមាណជិត ២០០នាក់។
លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ បានថ្លែងអំណរអរគុណចំពោះលោកឧត្តមសេនីយ៍ទោ ឡុង ធូ និងក្រុមការងារនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈដែលចំណាយពេលដ៏មានតម្លៃ មកបើកវគ្គបំប៉នជំនាញ ដល់មន្ត្រីមូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
លោកក៏បានណែនាំដល់សិក្ខាកាមត្រូវយកចិត្តទុកដាក់ ស្ដាប់ សាកសួរ កត់ត្រា យកចំណេះដឹង បទពិសោធន៍ដែលផ្តល់ដោយគ្រូបង្គោលសម្រាប់ជាត្រីវិស័យបង្ហាញផ្លូវក្នុងការអនុវត្តតួនាទី ភារកិច្ច ជាប្រចាំថ្ងៃស្រមតាមគោលនយោបាយក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបម្រើសេវាប្រជាពលរដ្ឋឲ្យបានល្អ និងទទួលខុសត្រូវចំពោះការងារ។
នាឱកាសនោះដែរឧត្តមសេនីតយ៍ទោ ឡុង ធូ ក៏ថ្លែងអំណរគុណចំពោះកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលរយៈពេលកន្លងមកបានយកអស់កម្លាំងកាយចិត្ត ខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន អនុវត្តសម្រេចបានផ្លែផ្កាជាបន្តបន្ទាប់ ធានាថែរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនសង្គមជាតិ និងប្រជាពលរដ្ឋ។
លោកបានផ្ដាំផ្ញើដល់សិក្ខាកាម ពង្រឹងបទវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ, ពង្រឹងក្រមក្រមសីលធម៌ ទំនាក់ទំនង និងសហការល្អ, ពង្រឹង វិធានការជំនាញ ក្បួននីតិវិធីប្រតិបត្តិ របស់មន្ត្រីនគរបាលយុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោក, ដោយឡែកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៅពេលមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតមានឡើងត្រូវការពារទីកន្លែងកើតហេតុ រងចាំមន្ត្រីជំនាញបំពេញនីតិវិធី, បង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់មហាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីបញ្រ្ជាបចំណេះដឹង និងចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងលើប្រជាពលរដ្ឋ ថែរក្សាបាន អាយុ ជីវិតទ្រព្យសម្បត្តិ៕