(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
លោកឧត្តមសេនីយ៍ឯក តុប នេត បានលើកឡើងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានបង្កើតឡើងនៅខែមេសា ឆ្នាំ២០១៤ ដែលមាននាយកដ្ឋានចំណុះចំនួន៧។ ការងារអត្តសញ្ញាណកម្ម ផ្តោតលើគោលការណ៍ចម្បងពីរគឺ ១៖ ការគ្រប់គ្រងអត្តសញ្ញាណប្រជាពលរដ្ឋ និង២៖ ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ឯកបណ្ឌិត បានបន្តថា ចក្ខុវិស័យលើការងារអត្តសញ្ញាណកម្ម សម្រាប់១០ឆ្នាំបច្ចុប្បន្ន (ក្នុងតំណាក់កាលទី១) និង១០ឆ្នាំ បន្ទាប់ (ក្នុងដំណាក់កាលទី២) មិនមានអ្វីខុសគ្នាច្រើនទេ ប៉ុន្តែយើងត្រូវធ្វើទំនើបកម្មរបៀបចុះបញ្ជីអត្តសញ្ញាណបុគ្គល និងរបៀបផ្តល់សេវាជូនពលរដ្ឋ។
ក្នុងន័យនេះ លោកបានបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានកំណត់ចក្ខុវិស័យចំនួន៣ធំៗ (ឬ២+១) លើការងារអត្តសញ្ញាណកម្មគឺ ទី១៖ បុគ្គលគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ, ទី២៖ បុគ្គលម្នាក់មានអត្តសញ្ញាណតែមួយ និងទី៣៖ ផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អ។
លោកបន្ថែមថា ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ ដោយអនុវត្តតាមការណែនាំលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា) អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិទាំង ២៥រាជធានី-ខេត្ត បានខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ និងសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន។
លោកឧត្តមសេនីយ៍ឯកបណ្ឌិត អគ្គនាយក ក៏បានលើកឡើងដែរថា ក្រោយពីច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានប្រកាសឲ្យប្រើអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានខិតខំប្រឹងប្រែងរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ដែលមានរហូតដល់ជាង២០។ ក្នុងនោះរួមមាន៖ ព្រះរាជក្រឹត្យចំនួន១ អនុក្រឹត្យចំនួន៦ ប្រកាសក្រសួងមហាផ្ទៃចំនួន៤ ប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធចំនួន៤ ប្រកាស ក្រសួងពាក់ព័ន្ធចំនួន៤ និងសេចក្តីណែនាំក្រសួងមហាផ្ទៃចំនួន២។
លោកសង្កត់ធ្ងន់ថា ត្រឹមមានតែលិខិតបទដ្ឋានគតិយុត្តិ គឺមិនគ្រប់គ្រាន់ទេ តែទាមទារនូវការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីដែលជាប្រតិបត្តិករដ៏សំខាន់ ដើម្បីជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ទាំងអស់ ឲ្យទទួលបានលទ្ធផលផ្លែផ្កា ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា។ ការគ្រប់គ្រងអត្តសញ្ញាណប្រជាពលរដ្ឋ គឺជាឆ្អឹងខ្នងនៃការគ្រប់គ្រងរដ្ឋបាលដែនដី ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕