(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) បានបញ្ជាក់ថា ដើមសតវត្សរ៍ទី២១នេះចរន្ត នៃការរស់នៅរបស់មនុស្សលើសកលលោក មានការផ្លាស់ប្តូរ ព្រមជាមួយ បច្ចេកវិទ្យា វិទ្យាសាស្ត្រដ៏ទំនើប និងវៃឆ្លាត ដើរតួជាអាវុធមុខពីរពន្លឿនការអភិវឌ្ឍដើម្បីសេចក្តីសុខរបស់មនុស្សផង និងបំផ្លាញ់ផង។
ការថ្លែងបែបនេះរបស់លោក សួន សុម៉ាលីន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០២៤ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល»។
ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមានការចូលរួមពីលោកស្រី ជុន បូរ៉ានី ជាភរិយារបស់លោកអភិបាលខេត្ត, លោកស្រី ឡុង គន្ធា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
អភិបាលខេត្តបានកោតសរសើរចំពោះគ្រប់កិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ព្រមទាំងវិស័យ ឯកជនទាំងឡាយ ដែលតែងបានប្រឹងប្រែងរួមគ្នាជម្នះដោះស្រាយ បញ្ហាចំពោះមុខ ដោយមិនខ្លាច នឿយហត់ ពុះពារប្រឆាំងដាច់ខាតទៅនឹងសកម្មភាពរបស់ឧក្រិដ្ឋជន ស្របទៅតាមទិសដៅនៃគោលនយោបាយជាតិ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។
អភិបាលខេត្តបានគូសបញ្ជាក់ថា ជាការពិតណាស់ ប្រសិនបើមិន មានការប្រឹងប្រែងទេនោះ អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ច រំលោភបំពាន នឹងកាន់តែសកម្ម កាន់តែឃោរឃៅ និងរីករាលដាល និងធ្វើឲ្យស្ថានភាពរឹតតែ អាក្រក់ជាងនេះទៅទៀត។ ពេលនោះ នឹងមានប្រជាពលរដ្ឋកាន់តែច្រើននឹងជួបគ្រោះមហន្តរាយហើយសង្គមជាតិ និងមិនមានសេចក្តីសុខ និងស្ថេរភាពបានឡើយ។ យើងមិនត្រូវអនុញ្ញាតឲ្យជនល្មើស ធ្វើសកម្មភាពតាមអំពើចិត្ត ដើម្បី តែផលប្រយោជន៍ខ្លួនបែបនេះឡើយ ហើយត្រូវតែអនុវត្តនីតិវិធី ផ្តន្ទាទោសតាមច្បាប់ដែលបាន កំណត់ឲ្យបានត្រឹមត្រូវ។
លោកបានបន្ថែមទៀតថា ការរៀបចំពិធីទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាយុទ្ធនាការដ៏ទូលំទូលាយ សម្រាប់ផ្សព្វផ្សាយការយល់ដឹងអំពើជួញដូរមនុស្ស ផលប៉ះពាល់ និងអំពីកិច្ចខិតខំប្រឹងប្រែង និង ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆ្នាំ ក៏ដូចជា វេទិកាអំពាវនាវដល់ជនរួមជាតិ និងសហគមន៍អន្តរជាតិឲ្យចូលរួមសហការគ្នា ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពមនុស្សជាតិពីអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់រូបភាព ទៅលើមនុស្ស ទាំងក្មេង ចាស់ បុរស ស្ត្រី និងកុមារ៕