(តាកែវ)៖ អភិបាលខេត្តតាកែវលោក វ៉ី សំណាង បានថ្លែងឲ្យដឹងថា ការប្រមូលផលបង្កងតាមផ្ទៃបឹងខេត្តតាកែវ នៅក្នុងឆ្នាំ២០២៤មានការកើនឡើងខ្ពស់ ពោលបានកើនឡើងពី១៨តោន នៅឆ្នាំ២០២៣ ឡើងដល់៥០តោននៅក្នុងឆ្នាំ២០២៤នេះ។

ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ អភិបាលខេត្តតាកែវ បានថ្លែងបន្តថា ក្រៅពីបង្កងធម្មជាតិចំនួន៥០តោន ដែលប្រមូលបានតាមផ្ទៃបឹង យើងក៏ប្រមូលផលបង្កងចញ្ចឹម «វារីវប្បកម្ម» នៅក្នុងខេត្តតាកែវចំនួន២៥តោន ថែមទៀតផងដែរ។

បើតាមលោក វ៉ី សំណាង, ទិន្នផលបង្កងដ៏ច្រើននេះបានជួយលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជានេសាទ ជាពិសេសបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយមកកម្សាន្តនៅក្នុងខេត្តតាកែវ កាន់តែច្រើនឡើងតាមរយៈការមកកម្សាន្តខេត្តតាកែវ និងមកភ្លក់រសជាតិបង្កងទឹកសាបខេត្តតាកែវដ៏មានរសជាតិ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ បានណែនាំមន្ទីរកសិកម្ម ត្រូវធ្វើយ៉ាងណាថែរក្សាអភិរក្សបង្កងធនធានបង្កងឲ្យកាន់តែច្រើនថែមទៀត និងត្រូវធ្វើការលើកទឹកចឹត្តប្រជានេសាទចិញ្ចឹម បង្កងឲ្យកាន់តែច្រើនឡើងផងដែរ។

គួបញ្ជាក់ថា បង្កងតាកែវ ត្រូវបានក្រសួងពាណិជ្ជកម្ម ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញកាលពីខែមេសា ឆ្នាំ២០២៣កន្លងទៅ។ ការចុះបញ្ជីនេះ គឺដើម្បីបង្ហាញពីសក្ដានុពលបង្កងទឹកសាបរបស់ខេត្តកែវ ពិសេសជួយពង្រឹងតម្លៃ និងទំនុកចិត្តដល់អ្នកទិញ៕