(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកឡើងថា អង្គភាពប្រឆាំងអំពើពុករលួយ មានសិទ្ធិមិនឆ្លើយតបចំពោះការចោទសួរថា «តើ ACU គួរស៉ើបអង្កេត ឬមិនស៉ើបអង្កេតលើករណីណាមួយ» ពិសេសនៅពេលមានផ្សាយតាមបណ្ដាញសង្គម ព្រោះការឆ្លើយតបបែបនេះ ធ្វើឲ្យប៉ះពាល់កិត្តិយសបុគ្គល និងការងារជំនាញ។

ក្នុងឱកាសអញ្ជើញជាសហធិបតីជាមួយនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ដល់មន្ដ្រីនគរបាលជាតិ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានអះអាងថា បើទោះបីអង្គភាពប្រឆាំងអំពើពុករលួយ កំពុងធ្វើការស៉ើបអង្កេតក៏ដោយ គឺមិនអាចបញ្ជាក់ប្រាប់បានឡើយ ព្រោះខុសគោលការណ៍ច្បាប់កំណត់។

លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានថ្លែងយ៉ាងដូច្នេះថា «នៅពេលកាសែតសួរថា អង្គភាព ACU ស៉ើបអង្កេតរឿងនេះអត់ រឿងនោះអត់ ជាគោលការណ៍ច្បាប់យើងមិនអាចឆ្លើយថា ស៉ើបអង្កេត ឬមិនស៉ើបអង្កេតនោះទេ។ យើងខ្ញុំមិនអាចអត្ថាធិប្បាយបានទេ ទើបបីយើងកំពុងស៉ើបអង្កេតហើយក៏ដោយ ព្រោះខុសគោលការណ៍ច្បាប់»។

ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានពន្យល់ទៀតថា សមិទ្ធផលសំខាន់របស់អង្គភាពប្រឆាំងអំពើពុករលួយ មិនជាការចាប់ឃាត់ខ្លួនអ្នកប្រព្រឹត្តបញ្ជូនទៅកាន់តុលាការតែមួយមុខនោះទេ ពោលសមិទ្ធធំៗរបស់អង្គភាពប្រឆាំងអំពើពុករលួយ មានបីសំខាន់ៗ រួមមាន៖ ទី១៖ ការផ្សព្វផ្សាយអប់រំ, ទី២៖ ការបង្ការ ទប់ស្កាត់ និងទី៣៖ ការបង្ក្រាប ហើយបញ្ជូនសំណុំរឿងទៅកាន់ស្ថាប័នតុលាការ ដើម្បីធ្វើឲ្យរៀងចាល។

ជាមួយគ្នានេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនេះ ក៏បានផ្ដាំផ្ញើទៅកាន់មន្ដ្រីរាជការសាធារណៈទាំងអស់ ក្នុងនោះមានទាំងមន្ដ្រីនគរបាលជាតិផងដែរ ត្រូវតែគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ។ លោកបានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ មានប្រភពគ្រប់គ្រាន់ក្នុងការស៉ើបអង្កេតលើករណីណាមួយដែលមានការសង្ស័យ ដោយមិនចាំបាច់សុំគោលការណ៍ពីស្ថាប័នតុលាការនោះទេ។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានគូសបញ្ជាក់ដែរថា ការរៀបចំពិធីដ៏មានសារៈសំខាន់ថ្ងៃនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមអនុវត្ត ចំណុចស្នូល និងមុំទី៣នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានផ្ដោតសំខាន់លើការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ព្រមទាំងធ្វើទំនើបកម្ម រដ្ឋបាលសាធារណៈឲ្យមានសមត្ថភាពខ្ពស់ ខ្លាំង ឆ្លាតវៃ និងស្អាតស្អំ ដើម្បីបម្រើផល ប្រយោជន៍ជូនប្រទេសជាតិ និងប្រជាប្រជាពលរដ្ឋ។

ក្នុងន័យនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអង្គភាពប្រឆាំងអំពើ ពុករលួយរៀបចំ «កម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ដែលមានសមាស ភាពចូលរួមចាប់ពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត រហូតដល់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ដែលមានចំនួនសរុបចំនួន៥៩៧រូប។

នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា តាមរយៈបទអត្ថាធិប្បាយរបស់ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង នៅថ្ងៃនេះ លោកមានជំនឿ និងសង្ឈឹមថា ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិដែលបានចូលរួមក្នុងពិធីនេះ ពិតជាបានយល់ដឹងឲ្យកាន់តែច្បាស់លាស់ និងស៊ីជម្រៅបន្ថែមទៀតអំពីបទប្បញ្ញត្តិច្បាប់ នីតិវិធី យុទ្ធនាការ និងផែនការ នានាទាក់ទងនឹងការប្រឆាំងអំពើពុករលួយ ព្រមទាំងបន្តយកទៅធ្វើការផ្សព្វផ្សាយបប្រៀប ដល់កងកម្លាំងនគរបាលក្រោមឱវាទនៅគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក រួមទាំងកងកម្លាំង នគរបាលនៅមូលដ្ឋាន សំដៅលើកម្ពស់អភិបាលកិច្ចល្អនិងភាពស្អាតស្អំ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន បម្រើសង្គមជាតិ និងប្រជាពលរដ្ឋ៕