(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងយានរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានបើកសិក្ខាសាលាស្តីពីការ លើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនជូនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពីរាជធានីខេត្តនៅសរុបចំនួន ៧០រូប។
លោក អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា បានជម្រាបជូនពីគោលបំណងលើកកម្ពស់សមត្ថភាពចំណេះដឹងអំពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទទាំងអស់អាចយកចំណេះដឹងទាំងនេះទៅធ្វើការអប់រំនិងផ្សព្វផ្សាយបន្ត ជូនដល់បរិស័ទនិងប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងខ្លួន។
ក្នុងនាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ហ៊ុន សូរិទ្ធី អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានថ្លែងដោយបានលើកឡើងពីលទ្ធផលក៏ដូចជា បទពិសោធន៍នានាពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងថាពាំនាំនូវការកោតសរសើរ អរគុណពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំពោះក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទកម្ពុជា ដែលបានចូលរួមចំណែកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យសាសនា ពិសេសទៅលើការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន ដើម្បីចូលរួមធ្វើឲ្យសម្រេចបាននូវឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ការងារជាប្រឆាំងគ្រឿងញៀនជាការងារអាទិភាព៕