(កំពង់ស្ពឺ)៖ អតីតបេក្ខជនក្រុមប្រឹក្សាសង្កាត់ទាំង៥ ក្នុងក្រុងច្បាមន ខេត្ត​កំពង់​ស្ពឺ របស់គណបក្ស​ភ្លើងទៀន បានចេញវីដេអូអបអរសាទរទិវាសន្តិភាព​នៅកម្ពុជា ដោយប្រកាសចងចាំជានិច្ច មិនអាចបំភ្លេចនូវគុណូបការ: និង​គោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាប​និក​សន្តិភាពនៅកម្ពុជា។

ក្នុងវីដេអូនេះពួកគេ បានប្តេជ្ញាគាំទ្រនូវរាជរដ្ឋាភិបាលអណត្តិទី៧ នៃរដ្ឋសភា ដែលកើតចេញពីការបោះឆ្នោតដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការដឹកនាំជាតិកម្ពុជា តាមបែបប្រជាធិប តេយ្យ សេរីពហុបក្ស ដើម្បីគាំទ្រការពារនូវសុខសន្តិភាព និងការរីកចម្រើន​នៃសង្គមជាតិ ដើម្បីសេចក្តីសុខសាន្ត និងសុភមង្គលរបស់ប្រជាពល​រដ្ឋ​កម្ពុជា​។

អតីតថ្នាក់ដឹកនាំ និងសមាជិកបក្សប្រឆាំងនៅកម្ពុជា ប្រកាសថ្កោលទោស​ជា​ដាច់ខាត ចំពោះក្រុមអ្នកនយោបាយជ្រុលនិយម ជាពិសេសទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិតជំនាន់ ដែលបានប្រកាសចេញនូវគោល​នយោ​បាយ​ផ្ការីកតាមបែបបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញសុខសន្តិភាព ស្ថេរភាព​នយោ​បាយ​និងឈានទៅដល់ការបង្ករចលាចលនៅក្នុងសង្គមជាតិ។

ពួកគេបានប្តេជ្ញារួមសាមគ្គីគ្នា ទប់ស្កាត់នូវនយោបាយជ្រុលនិយម តាមបែប​បដិវត្តន៍ពណ៌របស់ជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដើម្បីការពារនូវសុខ​សន្តិ​ភាពជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាប្រមុខដឹកនាំ។

សូមបញ្ជាក់ថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ជាខួប២៦ឆ្នាំហើយ ដែលកម្ពុជា​បិទបញ្ចប់ទាំងស្រុងនូវភ្លើងសង្គ្រាម និងការបែកបាក់ជាតិ ទទួលបានសុខ​សន្តិ​ភាពពេញលេញ ការបង្រួបបង្រួម​ និងឯកភាពជាតិជាធ្លុងក្រោមនយោ​បាយ​ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចយកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាព​នៅ​កម្ពុជា»។

ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាព​នៅ​កម្ពុជា» ក្នុងបំណង​សំខាន់ៗដូចខាងក្រោម៖

* ជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការ​ស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។

* ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការ​កសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ ឭនៅព្រះរាជា​ណាចក្រ​កម្ពុជា ដោយនយោបាយឈ្នះ-ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

* ជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និង​ការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហា​ជាតិ​​របស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់​សមរ​ភូមិ ទាំងសមរភូមិសង្គ្រាម ទាំងសមរភូមិការទូត ទាំងសមរភូមិនយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេច​បាន​នូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជន​កម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស នៅព្រះរាជាណាចក្រកម្ពុជា។

* ជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេល​បច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យចងចាំជានិច្ចអំពីមហាវិនាស​កម្មរបស់​ជាតិ និងទុក្ខលំបាកយ៉ាងវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាក​នានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងបំផុស​ស្មារតី​ដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យស្អប់ខ្ពើមនូវសង្គ្រាម។

* ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគតឱ្យយល់ដឹងច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយរួមគ្នាលើកកម្ពស់ «វប្បធម៌សន្តិភាព» នៅកម្ពុជា ពិសេសការ​ចូលរួម​ការ​ពារ និងថែរក្សាឱ្យបានដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិត​របស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និង​ភាពសុខសាន្តរបស់ប្រជាជនកម្ពុជាប្រកបដោយចីរភាព និងភិយ្យោភាព។

«ទិវាសន្តិភាពនៅកម្ពុជា» ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ។ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួមបំផុសស្មារតីប្រជាជនកម្ពុជា​ឱ្យយល់ដឹងអំពី​គុណ​តម្លៃនៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សាការពា​រ​សន្តិភាពនៅកម្ពុជា ឱ្យបានគង់វង្ស៕