(កំពង់ស្ពឺ)៖ ដោយអនុវត្ដបទបញ្ជាលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាលខេត្ដកំពង់ស្ពឺ​ នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងគរបាលតាមប​ណ្ដាគោលដៅប៉ុស្ដិ៍នគ​របាលរដ្ឋបាល ​សហការជាមួយកម្លាំងនគរបាល អន្ត​រា​​គមន៍ ​នៃអធិការដ្ឋាននគ​របាលស្រុ​កបសេដ្ឋ​ បាន​ពួ​នស្ទាក់​ហើយឈានដល់ការឃាត់ខ្លួនក្មេងទំនើង​ចំនួន៣​ក្រុម​។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ក្រុមទី១ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន៣នាក់ និងដកហូតម៉ូតូ១គ្រឿង ​ដាវកែ​ច្នៃ១​ ​ទូរស័ព្ទ១​គ្រឿង នៅចំណុចផ្លូវកៅស៊ូស្ថិតក្នុងភូមិរកាកោង ឃុំកាតភ្លុក ស្រុកប​សេ​ដ្ឋ។

ក្មេងទំនើងទាំង៣នាក់រួមមាន៖

*ទី១៖ ឈ្មោះ សួង សាន អាយុ២១ឆ្នាំ
*ទី២៖ ឈ្មោះ និន សុខណា អាយុ១៧ឆ្នាំ
*ទី៣៖ ឈ្មោះ សឿន ភាក់ អាយុ២០ឆ្នាំ។ ក្មេងទំនើងទាំងនេះ បានសារភាពថា គោលបំណង​ដាក់អាវុធតាមខ្លួន គឺដើម្បីមើលគេរាំ និ​ងការ​ពារខ្លួនពីសត្រូវ។

ក្រុមទី២​ ត្រូវបានកម្លាំងនករបាលឃាត់ខ្លួន២នាក់ និងដកហូតម៉ូតូ១គ្រឿង កាំ​បិតផ្គាក់​​១​ ទូរស័ព្ទ១គ្រឿង​ ដោយឃាត់ក្នុងភូមិត្រពាំងអណ្តូង ឃុំនិទាន ស្រុកប​សេដ្ឋ។

ក្មេងទំនើងទាំង២នាក់រួមមាន៖

*ទី១៖ ឈ្មោះ សៀក បញ្ញា អាយុ១៨ឆ្នាំ
*ទី២៖ ឈ្មោះ លន ណែម អាយុ២១ឆ្នាំ។ ពួកគេសារភាពថា គោលបំណង​ដាក់អាវុធតាមខ្លួន ដោយសារធ្លាប់​មានជម្លោះជា​មួ​យភាគីក្មេងទំនើងដើរយប់ដូចគ្នា គឺ​ការពារខ្លួន និងត្រៀមប្រយុទ្ធ។

ក្រុមទី០៣ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន៣នាក់ និងដកហូតម៉ូតូ១គ្រឿង កាំបិតផ្គាក់​១​ដើម ដាវកែច្នៃ១ ដោយឃាត់លើផ្លូវកៅស៊ូ​ ស្ថិតក្នុងភូមិចំបក់ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ។

ក្មេងទំនើងទាំង៣នាក់ រួមមាន៖

*ទី១៖ ឈ្មោះ វ៉ិត សំណាង អាយុ១៨ឆ្នាំ
*ទី២៖ ឈ្មោះ ប៊ុន ដា អាយុ១៨ឆ្នាំ
*ទី៣៖ ឈ្មោះ យ៉ង រតនា ភេទប្រុស អាយុ១៩ឆ្នាំ។

លោកវរសេនីយ៍ឯក​ ចន​ សុភីត​ អធិការ​នគរបា​លស្រុ​កបសេ​ដ្ឋ​ បានបញ្ជាក់ថា ​ក្រុមក្មេងទំនើងទាំ​ង៣ក្រុម​នេះ សុទ្ធតែជាមុខសញ្ញាគ្រ​ប់គ្រងរបស់មូលដ្ឋាន និងធ្លាប់​មា​នស​កម្មភាព​ ប៉ុន្ដែ​ជាក់ស្ដែង​យប់នេះគឺពួកគេមិនអាចគ្មានឱកា​សគេចឆ្លងដែ​នទៅប្រព្រឹត្ដបទល្មើស​បាននោះ​ទេ​ ដោយអនុវត្ដបទបញ្ជាដ៏ម៉ឺង​ម៉ាត់​ និងការចង្អុលដឹកនាំផ្ទាល់ពី​លោ​ក​ស្នងការ​នគរបាល​ខេត្ត។

​លោកវរសេនីយ៍ឯក ចន សុភីត បានបន្តទៀតថា កម្លាំង​របស់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ​ បានត្រៀមកម្លាំងអនុវត្ដតាមផែនការ​២៤​ម៉ោ​ងលើ​២៤ ​ដោយបង្កើន​កា​រប្រមូលផ្ដុំព័ត៌មាន​ប្រើប្រាស់​វិធា​ន​កា​រ​ស្រាវជ្រាវស៊ើបបញ្ជាក់ករ​ណី​​នីមួយៗ​ ធ្វើ​យ៉ាងណា​មិនឲ្យក្រុមនេះ អាចឈានទៅបង្កជាបក្ខពួ​ក និងកា​រគំរា​ម​កំហែង​ដល់សន្ដិសុខ​សុវត្ថិភាព​សង្គម​ក្នុងមូលដ្ឋាន​ស្រុក​បសេដ្ឋ​បានឡើយ​ ពិសេស​សហ​កា​រ​ជា​មួ​យស្រុកជាប់ព្រំប្រទល់ផ្លាស់ប្ដូរព័ត៌មាន និងមុខស​ញ្ញា​។

បច្ចុប្បន្ន​ក្រុមក្មេងទំនើង​ទាំង៣ក្រុមរួមជាមួយ​វត្ថុតាង​ សមត្ថកិច្ច​កំពុង​អ​នុវត្ត​នីតិវិធី​ និងកសាងសំណុំរឿង​ប​ញ្ជូនទៅ​ការិ​យាល័យ​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​កំពង់ស្ពឺ​ ចំណាត់ការ​នីតិវិធី​បន្ដ​។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាជាថ្មីម្ដងទៀត ឲ្យបន្ដចាត់វិធានការច្បាប់ម៉ឺងម៉ាត់ដោយគ្មានការលើកលែង ចំពោះករណីក្មេងទំនើងដែលបង្កហិង្សាដាក់គ្នាទៅវិញទៅមក។

សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានណែនាំក្រសួងយុត្តិធម៌ពិនិត្យក្នុងការធ្វើវិសោធន៍កម្មច្បាប់ពាក់ព័ន្ធជាមួយទោសទណ្ឌនេះ ដោយត្រូវធ្វើយ៉ាងកម្រិតនៃការដាក់ទោសឲ្យកាន់តែខ្លាំង ដើម្បីឲ្យមានការរៀងចាលបញ្ឈប់សកម្មភាព។

ផ្តើមចេញពីបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រសួងយុត្តិធម៌ ក៏បានដាក់ចេញជាចំណាត់ការ និងបានណែនាំទៅកាន់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអនុវត្តន៍ច្បាប់ឲ្យម៉ឹងម៉ាត់ពាក់ព័ន្ធនឹងករណីក្មេងទំនើង ដោយគ្មានការលើកលែង ហើយក៏បានធ្វើការពិភាក្សាពាក់ព័ន្ធបញ្ហាក្មេងទំនើងនៅក្នុងមហាសន្និបាតវិស័យយុត្តិធម៌ រយៈពេល៣ថ្ងៃផងដែរ៕