(ព្រះវិហារ)៖ អំណោយលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងអំណោយសប្បុរសជនមួយចំនួនទៀត ត្រូវបានលោកស្រី ខូយ ប៊ុនថាន ប្រធានក្រុមចលនាស្ដ្រីខេត្ត ដឹកនាំក្រុមការងារយកទៅប្រគល់ជូនដល់ដៃស្ត្រី ដែលមានជីវភាពខ្វះខាត និងកំពុងឆ្លងទន្លេដោយវះកាត់ នៅមន្ទីរពេទ្យបង្អែក១៦មករា នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។

នៅក្នុងឱកាសនោះដែរ លោកស្រី ខូយ ប៊ុនថាន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ក្ដីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់ចំពោះគ្រួសារខាងលើ ពីសំណាក់លោក គីម រិទ្ធី និងបានចូលរួមអបអរសាទរដល់គ្រួសារខាងលើ ដែលប្រសូត្របានសមាជិកថ្មីជាទីស្រលាញ់។ លោកស្រី ខូយ ប៊ុនថាន ក៏បានផ្ដាំផ្ញើដល់ស្ដ្រីខាងលើ ត្រូវយកចិត្តទុកដាក់អំពីបញ្ហាសុខភាព ត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ពិសេសត្រូវអនុវត្តទៅតាមការណែនាំរបស់គ្រូពេទ្យ។

សូមបញ្ជាក់ថា ស្ដ្រីសម្រាលកូនដោយវះកាត់ខាងលើនេះមានឈ្មោះ រឿង ណែត អាយុ ២៣ឆ្នាំ មានប្ដីឈ្មោះ បុណ យៀប អាយុ ២៥ឆ្នាំ មានទីលំនៅនៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ បានមកសម្រាកនិងសម្រាលកូនដោយវះកាត់នៅមន្ទីរពេទ្យបង្អែក ១៦មករា កាលពីថ្ងៃទី២០​​ ខែធ្នូ ឆ្នាំ២០២៤ ដោយសារសុខភាពល្អទាំងម្ដាយ និងកូន គ្រូពេទ្យបានអនុញ្ញាតិឱ្យវិលត្រឡប់ទៅសម្រាកលំនៅដ្ឋានវិញ។

គួររំលឹកថា កាលពីកន្លងទៅថ្មីៗនេះ ដោយមើលឃើញពីជីវភាពទីទ័លក្រ និងជួបទុក្ខលំបាករបស់គ្រួសារលោកស្រី រឿង ណែត ក្រុមចលនាស្ដ្រី ដែលមានលោកស្រី ខូយ ប៊ុនថាន ជាប្រធាន ក៏បានចុះទៅជួយសម្របសម្រួលជាមួយអាជ្ញាធរឃុំ ដើម្បីសុំចេញបណ្ណសមធម៌ និងបានប្រគល់ជូនដល់គ្រួសារខាងលើរួចរាល់ផងដែរ៕