(កំពង់ចាម)៖ ក្នុងឱកាសបិទវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា គណនេយ្យភាពសង្គម គឺជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកអភិបាលខេត្ត បានបន្តថា ជាការពិតណាស់ គណនេយ្យភាពសង្គមក្នុងកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺមានគោលបំណងផ្តល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ជាពិសេសក្រុមដែលតំណាងឱ្យផលប្រយោជន៍របស់ស្រី្ត យុវវ័យ និងក្រុមជនងាយរងគ្រោះនានាក្នុងការចូលរួមពង្រឹងការចាត់ចែងការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

បន្ថែមលើនេះ លោក អ៊ុន ចាន់ដា បានបន្ថែមថា គណនេយ្យភាពសង្គម គឺជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយក៏ជាមធ្យោបាយមួយដែលបន្សំគ្នារវាង គោលការណ៍ទាំងឡាយ នៃអភិបាលកិច្ច ដែលក្នុងនោះរាល់ការធ្វើសេចក្តីសម្រេចចិត្ត និងការអនុវត្តសកម្មភាពជាសាធារណៈនានា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានប្រកាន់យកតាមកិច្ចដំណើរការនេះ។ ព្រោះថាជាទូទៅ កិច្ចដំណើរការនេះ រាល់សកម្មភាពទាំងឡាយណាដែលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ និងតំណាងរបស់ខ្លួនអាចការពារនូវផលប្រយោជន៍របស់ខ្លួន និងពិនិត្យតាមដានលើការបំពេញការងាររបស់ក្រុមប្រឹក្សា មន្ត្រីរដ្ឋបាល និងអ្នកផ្តល់សេវាកម្មនានា ដែលជាអ្នកអនុវត្តសេចក្តីសម្រេចចិត្តទាំងឡាយពាក់ព័ន្ធនឹងសិទ្ធិ បទបញ្ញត្តិ ធនធាន និងការផ្តល់សេវាកម្មនៅមូលដ្ឋាន។

លោកបានថ្លែងថា ដូចនេះគណនេយ្យភាពសង្គមតម្រូវឱ្យមានការរៀបចំនូវយន្តការនានា នៃការប្រាស្រ័យទាក់ទងដ៏ច្បាស់លាស់ និងមានប្រសិទ្ធភាពរវាងតួអង្គចំនួនពីរក្រុម ពោលគឺក្រុមប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវឆ្លើយតប និងមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។

ម្យ៉ាងវិញទៀត វេទិកានេះបានបង្ហាញឱ្យឃើញអំពីសារៈប្រយោជន៍ដ៏សំខាន់ នៃការអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការងារគណនេយ្យភាពសង្គម ដែលក្នុងនោះ គឺត្រូវបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងដំណើរការកែលម្អសេវា សាធារណៈ ជំរុញការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវា និងជំរុញឱ្យមានការផ្លាស់ប្ដូរឥរិយាបថរបស់អ្នកផ្តល់សេវាទាំងបី ក្នុងការកាត់បន្ថយគម្លាតរវាងប្រជាពលរដ្ឋនិងអ្នកផ្តល់សេវាជាពិសេសគឺការប្តេជ្ញាចិត្ត ខ្ពស់របស់អ្នកផ្តល់សេវាទាំងបីក្នុងការកែលម្អសេវារបស់ខ្លួនជូនប្រជាពលរដ្ឋ នៅមូលដ្ឋានឲ្យរឹតតែមានភាពប្រសើរឡើង៕