(ភ្នំពេញ)៖ លាតសន្ធឹងនៅតាមបណ្ដោយច្រាំង​ទន្លេពណ៌ខៀវ​​ល្វឹងល្វើយ​នៃ​ដងទន្លេមេគង្គផ្នែកខាង​លើដ៏ស្ងប់ស្ងាត់ ស្រុក​អូរស្វាយ គឺជាសហគមន៍ប្រជុំកោះ ដែលក្តោបនូវតម្លៃប្រវត្តិសាស្ត្រ​ជាសារវ័ន្ត និង​ទម្ងន់នៃ​ប្រវត្តិសាស្ត្រ​ដ៏ស្មុគស្មាញរបស់​កម្ពុជា។ ជាផ្នែកមួយនៃព្រះរាជចក្ខុវិស័យជានិមិត្តរូប​ក្នុងការអភិវឌ្ឍរបស់​អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ​ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ទីតាំងភូមិ​សាស្ត្រ​យ៉ាង​អំណោយ​ផល​របស់​ស្រុក​អូរស្វាយ គឺជា​ចំណុច​ប្រសព្វ​នៃការ​អភិវឌ្ឍយ៉ាងដុះដាល​ទៅលើ​ផ្នែក​វប្បធម៌និងសេដ្ឋកិច្ច។

ស្រុកអូរស្វាយ ស្ថិតនៅចំ​តំបន់​ទល់ដែន​រវាងប្រទេស​កម្ពុជា​និង​ប្រទេស​ឡាវ ដែល​ញ៉ាំងឱ្យ​ទីតាំងនេះ ​ក្លាយជា​ទីតាំង​យុទ្ធ​សាស្ត្រ​ក្នុងការ​រក្សា​នូវ​ដែនអធិបតេយ្យភាព​របស់​កម្ពុជា នៅក្នុង​ជម្លោះ​ដែនដី​ និង​ជំរុញនូវ​សន្ទុះ​នៃការរីកចម្រើន​របស់សហគមន៍។ ទោះបីជាយ៉ាង​ណាក្តី អនាគត​ដ៏​ត្រចះត្រចង់របស់ស្រុកអូរស្វាយ ត្រូវបាន​បន្ទច់បង្អាក់​យ៉ាង​ឃោរឃៅ​នៅក្នុង​ឆ្នាំ​១៩៧៥ ក្រោមការគ្រប់គ្រង​នៃរបបខ្មែរក្រហម។ របបនេះ បានបន្សល់នូវ​ភាពខ្ទេចខ្ទាំទៅលើ​សហគមន៍អូរស្វាយ ហើយ​សក្តានុពលភាព​​នៃ​ស្រុក​អូរស្វាយ​ ក៏ត្រូវបានលុបកប់​ដោយសារតែ​អំពើហិង្សា ការបំផ្លាស់ទី និង​ការបាត់បង់នានា​ ដែលអូសបន្លាយអស់រយៈ​កាលជាច្រើន​ឆ្នាំ។ បច្ចុប្បន្ន ស្រុកអូរស្វាយ (ដែលត្រូវស្គាល់ជាទូទៅថា ស្រុក​បុរីអូរស្វាយសែនជ័យ) រក្សាជំហរនឹងទ្រឹងក្នុងនាមជានិមិត្តរូប​នៃ​ភាពមិនងាយទ្រុឌទ្រោម និង​សេចក្តីសោកសង្រេង ពោលគឺជាទីប្រជុំ​ស្រុក​មួយដែល​បំផុស​ជាសំណួរ​មួយថា៖ តើស្រុកនេះ​ នឹងមាន​សភាព​យ៉ាង​ដូចម្តេច ​ប្រសិនបើ​ប្រវត្តិសាស្ត្រ​មាន​លំនាំមួយ​ផ្សេង?

នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ស្រុក​អូរស្វាយ គឺមិនមែនត្រឹមតែជា​ភូមិឋាន​ដាច់ស្រយាលមួយប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺជា​សំអាង​នៃ​ដែនអធិបតេយ្យភាពរបស់កម្ពុជា។ នៅក្នុង​ឆ្នាំ​១៩៦៤ សម្តេចព្រះ នរោត្តម សីហនុ បានយាង​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ស្រុកអូរស្វាយ និងយាង​ជួបសំណេះសំណាលប្រជានុរាស្ត្រ​នៅក្នុង​ភូមិឋាននេះ ក្នុង​នាម​ជានិមិត្តរូប​នៃ​សេចក្តី​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​រក្សាការពារ​ទល់ដែនរបស់ខ្លួន។ ក្រោមព្រះរាជត្រាស់​បង្គាប់​របស់​ព្រះអង្គ មន្ត្រីរាជការ​ចូល​និវត្តន៍ ដែល​រួមមាន​ ទាហាន​និង​ក្រុមគ្រួសារ ត្រូវបាន​បញ្ជូន​ឱ្យ​ទៅរស់នៅក្នុង​ភូមិនេះមិនតែប៉ុណ្ណោះ ហេដ្ឋារចនា​សម្ព័ន្ធក្នុង​តំបន់​ត្រូវបានរៀបចំកសាង ដោយ​បំផុសបាននូវ​ស្មារតីនៃមោទកភាព​ជាតិ​។ យោងតាមសមាជិក​ក្រុមប្រឹក្សា​ស្រុក ​លោក រ័ត្ន សុន ដែលមានវ័យ​៧៩ឆ្នាំ ព្រះរាជកិច្ច​ខិតខំប្រឹងប្រែង​របស់ព្រះបរមរតនកោដ្ឋ ក្នុងការ​បង្កើតជា​ទីប្រជុំ​ស្រុក​តាមបណ្តោយទល់ដែន​ ដែល​រំលេចនូវ​វប្បធម៌ខ្មែរយ៉ាង​លេចធ្លោនេះ គឺជា​ការបញ្ចៀស​ការវាតទីពីសំណាក់​ឡាវ។
“ព្រះរាជចក្ខុវិស័យរបស់​ព្រះអង្គ គឺ​បង្រួបបង្រួម និង​ផ្តល់អំណាច​ដល់​យើង​គ្រប់គ្នា”។ រ័ត្ន សុន បាន​លើកឡើងយ៉ាងដូច្នេះ​។ “ប្រសិនបើ​អំពើ​ប្រល័យ​ពូជសាសន៍ពុំ​បានកើតឡើងទេនោះ ស្រុក​អូរស្វាយ អាច​នឹង​ក្លាយជាគំរូ​ដ៏ត្រចះ​ត្រចង់​នៃភាព​មិនងាយទ្រុឌទ្រោមរបស់​កម្ពុជា ពោលគឺជាទីប្រជុំស្រុក​ ដែលរីកដុះដាល​ទាំងផ្នែកហេដ្ឋារចនា សម្ព័ន្ធ ការអប់រំ និង​វិស័យ​កសិកម្ម​ប្រកបដោយ​ភោគផល”។

ផ្ទុយទៅវិញ របបខ្មែរក្រហម​ដ៏ឃោរឃៅ បានបង្កជា​រលកនៃ​ការបំផ្លិចបំផ្លាញ​យ៉ាងគំហុកលើ​ប្រជាជាតិទាំងមូល ដែល​បាន​ប្តូរផ្លាស់​រូបរាងទាំងស្រុងនៃស្រុក​អូរស្វាយ។ គោលនយោបាយនៃការធ្វើពលកម្មដោយបង្ខំ​ និង​ការ​ផ្លាស់ទីប្រជាជនដោយបង្ខំ បាន​បំបែកបំបាក់​ក្រុមគ្រួសារ​ និង​រុញច្រាន​ឱ្យមានការ​សម្លាប់​រង្គាល​លើប្រជាជន​ស្លូតត្រង់​ជាច្រើន ព្រមទាំងបន្សល់ជា​ស្នាមរបួស​មុតជ្រៅ​រហូតមកទល់សព្វថ្ងៃ​។ ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ស្រុកអូរស្វាយ ដែលជា​សមិទ្ធផល​នៃព្រះរាជចក្ខុវិស័យរបស់សម្តេចព្រះបរមរតនកោដ្ឋ បានសាបសូន្យ​ដូច​ផេះផង់។ ខ្មែរក្រហម​បាន​ធ្វើឱ្យទីតាំងនេះក្លាយជាទីរហោស្ថាន ឬ​បង្កជាការខូចខាតទៅលើ​សំណង់​និមិត្តរូប​នៅក្នុង​អំឡុង​ពេលកាន់អំណាច​របស់​ខ្លួន។ ទន្ទឹម​នឹងនេះដែរ ខ្មែរក្រហម​បាន​បំផ្លាញ​ស្មារតីនៃ​ការអភិវឌ្ឍន៍ដែល​សំណង់ទាំង​អស់នេះតំណាងឱ្យ សេចក្តីសង្ឃឹមយ៉ាង​មុតមាំដែល​កំណត់​អត្តសញ្ញាណរបស់​​ស្រុក​អូរស្វាយ ក្នុង​នាមជា​ទីតាំង​ពោរពេញដោយសក្ដានុពលភាព​សម្រាប់​ជីវិត និង​ភាព​សម្បូររុងរឿង ត្រូវបាត់បង់​នៅក្នុង​អំពើ​ហិង្សាហួសវិស័យ និង​ភាពភិតភ័យ​ ដូចទៅនឹង​សហគមន៍​នៅទូទាំង​ប្រទេសកម្ពុជា​ ដោយសារតែការបោះបង់ចោល ឬបំផ្លិចបំផ្លាញ​នៅក្នុង​របប​ខ្មែរក្រហម។

ចំពោះអ្នកផងទាំងពួង ដែល​រួចរស់ជីវិតពីអំពើឃោរឃៅនៅក្នុង​អំឡុង​របប​ខ្មែរក្រហម ការចងចាំអំពី​ការបាត់បង់ទាំងនេះ គឺដូចទៅនឹង​ការស្រមើស្រមៃ​នូវ​​ស្ថានភាព​ផ្សេង​មួយបែបទៀត​​សម្រាប់​សហគមន៍របស់​ខ្លួន។ រឿងរ៉ាវជីវិត​របស់អ្នករស់រាន​មានជីវិត​ពីរបបខ្មែរក្រហម បាន​គូសវាសនូវ​ទិដ្ឋភាពនៃ​សហគមន៍មួយ ដែល​ត្រូវបំផ្លាញ​ដោយ​របបខ្មែរក្រហម។ ជីប ស៊ីម មានវ័យ​៧៨ឆ្នាំ បាន​រំឭកអំពី​ព្រះ​រាជកិច្ច​ខិតខំប្រឹងប្រែង​របស់​សម្តេចព្រះបរមរតនកោដ្ឋ​ ក្នុងការ​ស្ថាបនា​ផ្លូវ​និង​លំនៅឋាន។ “ប្រសិន​បើ​គ្មាន​វត្តមានរបស់​ខ្មែរក្រហម ស្រុកអូរស្វាយ​នឹង​មានភាពរុងរឿង​សម្បូរសប្បាយ អមជាមួយនឹង​វត្តមាន​នៃ​ផ្សារផ្សោ និង​ផ្លូវ​រលោងស្រិល។ ផ្ទុយទៅវិញ អំពើ​ប្រល័យពូជសាសន៍ បាន​ឆក់យក​ជីវិតក្រុមគ្រួសាររបស់ខ្ញុំ និង​អនាគតរបស់​​សហគមន៍នេះ”។
ជា ចាន់ថៃ បច្ចុប្បន្នមានវ័យ៧០ឆ្នាំ បាន​នឹករំពៃថា​ស្រុកអូរស្វាយ អាចជា​ទិសដៅទេសចរណ៍មួយដែល​មាន​ផ្សារនិង​សណ្ឋាគារ ដោយឆ្លុះ​បញ្ចាំងអំពីព្រះរាជ​ចក្ខុវិស័យរបស់​សម្តេចព្រះបរមរតនកោដ្ឋ។ ផ្ទុយស្រលះ ឪពុក​និង​ឪពុកមារបស់​គាត់ បែរជាក្លាយទៅជាជនរងគ្រោះនៃ​របបខ្មែរក្រហម​ទៅវិញ ដែល​បន្សល់ទុកឱ្យគាត់នូវ​ការព្រាត់ប្រាស និង​សេចក្តីលំបាកវេទនា។ “យើងអាច​មានសុភមង្គល ដោយ​រស់​នៅក្នុង​ជីវិត​ប្រសើរ​ជាងនេះ ជាមួយនឹង​ផ្លូវ និង​មន្ទីរពេទ្យល្អៗ ព្រមជាមួយនឹង​ឱកាសនានាសម្រាប់មនុស្សម្នាគ្រប់រូប”។

សូម្បីតែអ្នករស់រានមានជីវិត​ពីរបបខ្មែរក្រហម​ ដែល​ស្ថិត​នៅក្នុងវ័យកុមារកាលពីជំនាន់នោះ ក៏មាន​ការសោកស្តាយជាខ្លាំងចំពោះអ្វីដែលបាត់បង់ទៅដែរ។ ស៊ាង សារ៉ង បច្ចុប្បន្នមានវ័យ៧០ឆ្នាំ បានចងចាំអំពីស្ថានភាពភូមិស្រុកនេះ ដែល​ពីដំបូងគឺជា​និមិត្តរូប​នៃដែនអធិបតេយ្យ​ភាពរបស់កម្ពុជា ហើយ​ត្រូវ​បំផ្លាញក្លាយជាផេះផង់។ “វិស័យ​ដាំដុះ អាចនឹងប្រកប​ដោយ​ភោគផលជាងនេះ ហើយ​ហេដ្ឋារចនា​សម្ព័ន្ធរបស់យើង អាច​នឹង​ប្រសើរជាងឥឡូវឆ្ងាយណាស់”។
រឿងរ៉ាវ​ផ្ទាល់ខ្លួន​ទាំងអស់នេះ គឺមិនត្រឹមតែរំលេចអំពី​សេចក្តីឈឺចាប់​ប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជា​សេចក្តីក្រើន​រំឭកអំពីភាពមិនងាយ​ទ្រុឌទ្រោម និង​ចក្ខុវិស័យដែល​ដក់ជាប់នៅយ៉ាងជ្រាលជ្រៅជាមួយនឹង​ប្រជាជន​ក្នុង​ស្រុក​អូរស្វាយថែមទៀតផង​។ រឿងរ៉ាវទាំងនេះ មិនត្រឹមតែបង្ហាញអំពី​អតីតកាល​ដ៏ជូរចត់ប៉ុណ្ណោះទេ ក៏ប៉ុន្តែបំផុសនូវ​សេចក្តី​សង្ឃឹម​ចំពោះអនាគត​ដ៏ត្រចះត្រចង់​ថែមទៀត​ផង។

ថ្វីត្បិត​តែ​ទទួល​រង​ការបំផ្លិច​បំផ្លាញយ៉ាងដំណំ​ក្នុង​របបខ្មែរក្រហម​យ៉ាង​ណាក្តី ស្រុក​អូរស្វាយ កំពុង​ស្តារនូវអត្តសញ្ញាណរបស់​ខ្លួន​បណ្តើរៗ ដោយមាន​ភាពមិនងាយទ្រុឌទ្រោមរបស់​ប្រជាជនជាកត្តាជំរុញចិត្ត​ ព្រមជាមួយនឹង​ការគាំពារ​ពីកិច្ច​ផ្តួចផ្តើម​បែបទំនើប។ នៅក្នុង​ឆ្នាំ​២០១៩ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល សព្វព្រះរាជហឫទ័យ​ប្រោសព្រះរាជទាន​ហិរញ្ញប្បទានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ដែលរួមបញ្ចូលនូវ​សាលារៀន, មន្ទីរពេទ្យ និង​អគារបម្រើមុខងារផ្សេងៗក្នុងតំបន់នេះ ក្នុង​ព្រះរាជគោល​បំណង​បណ្តុះ​សេចក្តី​សង្ឃឹម​របស់សហគមន៍មួយ ដែលហែលឆ្លង​អតីតកាល​ដ៏​សោកសង្រេង។ ព្រះរាជកាយវិការចូលរួមចំណែករបស់​ព្រះអង្គ គឺមិនត្រឹមតែទ្រទ្រង់ចំពោះ​ការសាងសង់ប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជា​ព្រះរាជនិមិត្តរូប​នៃ​កិច្ច​ខិតខំប្រឹងប្រែង​បែបទំនើប ក្នុង​ការ​ស្តារ​ឡើងវិញនូវ​ព្រះរាជចក្ខុវិស័យរបស់សម្តេចព្រះបរមរតនកោដ្ឋ និង​ជាសេចក្តីក្រើនរំឭកចំពោះ​ប្រជាជនក្នុង​ស្រុក​អូរស្វាយ អំពី​កម្លាំង​មិនរាថយ​និង​សក្តានុពលភាព​​នៃ​មាគ៌ាដ៏​ត្រចះត្រចង់​ឆ្ពោះទៅអនាគតថែមទៀតផង។​

ស្ថាប័ន​សង្គមស៊ីវិល ដូចជា ​មជ្ឈមណ្ឌលឯកសារ​កម្ពុជា ជាដើម បាន​ដើរតួនាទីយ៉ាង​សំខាន់​នៅក្នុង​ការស្តារ​ទីប្រជុំស្រុក​នេះឡើងវិញដែរ។ គម្រោង​របស់​មជ្ឈមណ្ឌលឯកសារ​កម្ពុជា ដែលរួមមាន​ការសាងសង់ផែ និង​ផ្គត់ផ្គង់ជាទូក​សម្រាប់​ប្រជាជនក្នុងតំបន់​ធ្វើដំណើរ ជំរុញឱ្យ​មធ្យោបាយធ្វើដំណើរ និង​ការផ្សាភ្ជាប់គ្នារវាងកោះទាំងប្រាំមួយនៅក្នុង​សហគមន៍ មានភាព​ប្រសើរឡើង។ កិច្ច​ខិតខំប្រឹងប្រែងទាំងអស់នេះ ចាប់ផ្តើមចេញពីគោលបំណងក្នុងការ​​ដោះស្រាយចំពោះបញ្ហា​ប្រឈម​ប្រចាំថ្ងៃរបស់​ប្រជាជនក្នុង​សហគមន៍ ដោយ​ផ្តល់ជា​ការទទួលបាននូវ​​ការអប់រំ​, ការថែទាំសុខភាព និង​ជំនួញក្នុង​តំបន់​ ឱ្យ​ប្រព្រឹត្តដោយងាយស្រួល​ជាងមុន។
ទោះបីជាយ៉ាងណាក្តី កិច្ចការងារនេះ ត្រូវ​បន្ត​ដំណើរវែង​ឆ្ងាយទៀត។ អ្នករស់រានមានជីវិតពីរបប​ប្រល័យពូជសាសន៍ ប៉ុល ពត ដូចជា សៀវ ជន បានសង្កត់ធ្ងន់អំពីតម្រូវការ​នៃការ​វិនិយោគបន្ថែមទៀត ជាពិសេស​ទៅលើវិស័យ​ទេសចរណ៍។ “ទីប្រជុំ​ស្រុក​របស់​យើង មាន​សក្ដានុពលភាពជាច្រើន ជាពិសេស​នៅតាម​បណ្តោយ​ដងទន្លេមេគង្គ។ ការអភិវឌ្ឍន៍វិស័យទេសចរណ៍ អាចកែប្រែសេដ្ឋកិច្ច និង​នាំមកនូវ​ឱកាស​នានា​សម្រាប់​ប្រជាជន”។ ចំណែកឯវិនិយោគទុន​ផ្សេងទៀត អាច​ប្រើប្រាស់​នៅក្នុងការពង្រីក​ទីផ្សារ និង​ពង្រឹង​បរិក្ខា​រអប់រំ ដើម្បី​ធ្វើឱ្យមូល​ដ្ឋានគ្រឹះ​របស់​ស្រុកកាន់​តែរឹងមាំ។

កិច្ច​ខិតខំ​ប្រឹងប្រែងនេះ ថ្វីត្បិត​តែសាមញ្ញ ប៉ុន្តែរំលេចអំពី​ចំណុចរបត់ដ៏សំខាន់​មួយ។ កិច្ច​ខិតខំប្រឹងប្រែងនេះ​ ឆ្លុះ​បញ្ចាំងអំពី​ការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ ដើម្បី​ផ្តល់​កិត្តិយស​ចំពោះប្រវត្តិសាវតារនៃស្រុក​អូរស្វាយ ស្របគ្នា​ជាមួយនឹង​ការកសាង​អនាគត​មួយ​អនុលោមទៅតាម​សេចក្តី​សន្យាកាលពីដើមដំបូង។ ខណៈដែល​សហគមន៍​នៅតែបន្ត​ស្តារ​ខ្លួន​ឡើងវិញ រឿងរ៉ាវ​របស់​សហគមន៍នេះ ក្លាយជា​ភាពមិនងាយ​ទ្រុឌទ្រោមមួយ ដែលជាទឡ្ហីករណ៍បង្ហាញថា​ថ្វីត្បិតតែ​ស្ថិតនៅដិតដាម​ជាមួយនឹង​ស្រមោលអន្ធការ​នៃរបបខ្មែរក្រហម​យ៉ាង​ណាក្ដី សេចក្តីសង្ឃឹម​នៅតែអាច​រះឡើង ជា​ពន្លឺបំភ្លឺនាំផ្លូវ​សម្រាប់​សង្គមក្រោយជម្លោះរបស់កម្ពុជាដដែល។

សំណួរ​ដែល​ចោទសួរ​ថាតើស្រុកអូរស្វាយអាចមាន​សភាពយ៉ាងណា​ ប្រសិន​បើគ្មាន​វត្តមានសង្គ្រាម និង​អំពើប្រល័យពូជសាសន៍ គឺមិនមែន​ត្រឹមតែជាការ​ឆ្លុះ​បញ្ចាំង​អំពីអតីតកាល​ប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺជា​ការជម្នះ​ឆ្ពោះទៅកាន់​អនាគតប្រសើរជាងមុន។ ទីប្រជុំ​ស្រុក ដែល​ពោរពេញដោយ​ប្រវត្តិសាស្ត្រ​ជ្រាលជ្រៅ និង​ភាពមិនងាយទ្រុឌទ្រោម ក្រសោបនូវ​សក្តានុពលភាព​មហាសាល ដែលអាច​សម្រេចបាន​សមិទ្ធផល​ជាផ្លែផ្កា​តាមរយៈកិច្ចខិតខំប្រឹងប្រែង​ឥតឈប់ឈរជាសមូហភាព។
ជំហាន​ដំបូង​ដ៏ចាំបាច់បំផុតគឺ ផ្តល់អាទិភាពជាចម្បងចំពោះការ​អភិរក្សប្រវត្តិសាស្ត្រ​នរបស់​ស្រុក​អូរស្វាយ។ រឿង​រ៉ាវរបស់​អ្នករស់រាន​មានជីវិត​ពីរបប​ខ្មែរក្រហម​, ព្រះរាជកេរដំណែល​របស់​សម្តេចព្រះបរមរតនកោដ្ឋ និង​ហេដ្ឋារចនា​សម្ព័ន្ធស្រុកពីមុនៗ​​ដែល​នៅសេសសល់​ សុទ្ធសឹង​ជា​បំណែក​ដ៏​ចាំបាច់​នៃ​អត្តសញ្ញាណវប្បធម៌របស់កម្ពុជា។ កិច្ច​ផ្តួចផ្តើម​លើវិស័យអប់រំ ដូចជា ការ​រួមបញ្ចូល​ប្រវត្តិសាស្ត្ររបស់​​ស្រុក​អូរស្វាយ ទៅក្នុង​កម្មវិធីសិក្សានៅ​តាម​សាលារៀន និង​ការគាំពារ​ដល់​សារមន្ទីរក្នុ​ងតំបន់ អាចធានា​ថា​មនុស្សជំនាន់ក្រោយ​អាច​យល់ដឹងអំពី​សារសំខាន់និង​ការខិតខំតស៊ូពុះពាររបស់​ទីប្រជុំស្រុកនេះ។ ដូចដែល​ រ័ត្ន សុន បាន​លើកឡើង៖ “ការអប់រំនាំមកនូវការ​អភិវឌ្ឍន៍។ យុវជន-យុវនារីរបស់​យើង ត្រូវដឹងអំពី​ដើមកំណើត​របស់ខ្លួន​ ដើម្បីកសាង​អនាគត​ប្រសើរមួយ”។

ការអភិវឌ្ឍន៍សេដ្ឋកិច្ច គឺជា​ជំហានដ៏សំខាន់។ ការវិនិយោគទៅលើវិស័យ​ទេសចរណ៍ ដូចជា​ការធ្វើឱ្យបរិក្ខារ​នៅតាមបណ្តោយដងទន្លេមេគង្គ មានភាពប្រសើរឡើង អាច​ប្រែក្លាយ​ស្រុក​អូរស្វាយ​ទៅជា​ទិសដៅ​នៃ​អេកូទេសចរណ៍​និង​ទេសចរណ៍បែប​វប្បធម៌។ តំបន់នេះគឺជា​ផ្នែកមួយ​នៃ​ដែនដីស្ថិតនៅក្នុង​តំបន់​​អភិរក្ស អនុម័ត​ដោយ​ អនុសញ្ញា​រ៉ាមសារ ឬអនុសញ្ញាស្តីអំពីតំបន់ដីសើម មានសារសំខាន់ជាអន្តរជាតិ (ពិសេសជាទីជម្រកសត្វស្លាបទឹក)។ ការពង្រីកទីផ្សារ និង​ពង្រឹង​ឧស្សាហកម្ម​ក្នុង​តំបន់ ដូចជាផ្នែក​ដាំដុះ​និង​នេសាទ បន្ថែមពីលើតំបន់អេកូទេសចរណ៍នេះ គឺមិន​ត្រឹមតែ​អាច​បង្កើន​សន្ទុះសេដ្ឋកិច្ច​ក្នុង​តំបន់ប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំង​ផ្តល់​ជា​ជីវភាព​រស់នៅប្រកបដោយ​និរន្តរភាព​សម្រាប់​ប្រជាជនក្នុង​តំបន់ថែមទៀតផង។ កិច្ច​ខិតខំប្រឹងប្រែង​ទាំងអស់នេះ ទាមទារឱ្យមានការសហការរួមគ្នា​រវាងសហគមន៍ក្នុង​តំបន់ រាជរដ្ឋាភិបាល និង​ស្ថាប័នអន្តរជាតិ ដើម្បី​បង្កើតបានជាការរីកចម្រើន​រយៈពេល​យូរអង្វែង។

សរុបមក មនុស្សជំនាន់ក្រោយ គឺជា​តួអង្គយ៉ាងសំខាន់​ក្នុងការ​សម្រេចសេចក្តីសង្ឃឹមនិង​ការអភិវឌ្ឍន៍ទាំងនេះ។ អ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហម នៅតែសង្កត់ធ្ងន់​អំពី​សារសំខាន់នៃការអប់រំ និង​កិច្ច​ខិតខំប្រឹងប្រែង​ក្នុងការ​កសាងអនាគតដ៏ប្រសើរមួយ។ ស៊ាង សារ៉ង កសិករ​មួយរូបដែល​រស់រានមានជីវិត​ពីរបប​ខ្មែរក្រហម បានលើកឡើង​៖ “យើងចង់​ឱ្យ​កូនចៅរបស់យើង​មាន​មហិច្ឆិតា និងហ៊ានស្រមើស្រមៃថាតើ​ស្រុកអូរស្វាយ​គួរតែមាន​រូបរាង​បែបណា”។

ដំណើរ​ឆ្ពោះទៅមុខបន្តទៀត ​អាចនឹង​ពើបប្រទះជាមួយ​បញ្ហា​ប្រឈមផ្សេងៗ ក៏ប៉ុន្តែ​ស្មារតីរបស់​ប្រជាជន​ក្នុង​ស្រុកអូរស្វាយ នៅតែ​មុតមាំជានិច្ច។ តាមរយៈការថែរក្សា​ប្រវត្តិសាស្ត្រ បង្កើត​ឱកាស​សេដ្ឋកិច្ច និង​ផ្តល់​អំណាច​ដល់​យុវជន-យុវនារីក្នុងតំបន់ ទីប្រជុំ​ស្រុក​នេះ អាច​ស្តារ​ឡើងវិញ​នូវកេរដំណែល​របស់ខ្លួន និង​វិវត្តខ្លួន​ទៅជា​និមិត្តរូបនៃ​ភាពមិនងាយ​ទ្រុឌទ្រោម និង​ការកកើត​ឡើងវិញ។ បច្ចុប្បន្ន គឺជា​ពេលវេលាដ៏សក្តិសមបំផុត ​ក្នុងការ​ចាប់​ផ្តើម​ប្រតិបត្តិការ​ ដើម្បី​ធ្វើឱ្យ​ការគិតរំពៃថា “តើអាចមានសភាព​ដូចម្តច” ទៅជាការពិត​ថា “នឹងវិវត្តទៅយ៉ាងដូចម្តេច”៕