(កំពង់ធំ)៖ កម្លាំងស្នងការនគរបាលខេត្តកំពង់ធំ បានចាប់ខ្លួនក្មេងទំនើងបាន៥នាក់ និងបន្តតាមចាប់បក្សពួក ៥នាក់ទៀត ដែលកំពុងរត់គេចខ្លួននៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បន្ទាប់ពីដេញកាប់គេ។
នេះគឺជាការអនុវត្តតាមបទបញ្ជាក្តៅ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានឲ្យដឹងថា វេលាម៉ោង១៦៖៣០នាទី នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មានក្រុមក្មេងទំនើងចំនួន១០នាក់ បានមានទំនាស់ពាក្យសម្តីគ្នាជាមួយឈ្មោះ ហេង ទ្រី ភេទប្រុស អាយុ ១៤ ឆ្នាំ នៅភូមិបាក់ស្នាក្រោម ឃុំបាក់ស្នា ស្រុកបារាយណ៍ នៅកន្លែងតារាងបាល់ទះ ឯសាលារៀនបាក់ស្នា។
បន្ទាប់មានទំនាស់រួចមក ឈ្មោះ ហេង ទ្រី បានជិះម៉ូតូរត់ ចំណែកក្រុមក្មេងទំនើងទាំង ១០នាក់ បានជិះម៉ូតូតាមដោយមានអាវុធ (កាំបិតបាំងតោ និងដាវ ដេញកាប់ ឈ្មោះ ហេង ទ្រី ដែលជិះម៉ូតូម៉ាក ស្កុបពី ម្នាក់ឯង។ លុះដេញមកដល់កន្លែងកើតហេតុ ឈ្មោះ ហេង ទ្រី បានជិះម៉ូតូគេចចូលក្នុងរបងផ្ទះសំណាក់ ដែលឪពុកខ្លួនជួលគេ ហើយក៏ផ្តួលម៉ូតូរត់ចូលបិទទ្វាសម្ងំក្នុងផ្ទះ ចំណែកក្រុមក្មេងទំនើង១០នាក់ បានកាប់ម៉ូតូនោះ បណ្តាលឲ្យខូចខាត ជាច្រើនកន្លែង។
ក្រោយពីធ្វើសកម្មភាពរួចហើយ ក្រុមក្មេងទំនើងទាំង ១០នាក់នោះ នាំគ្នាជិះម៉ូតូព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ច តាមឃាត់ខ្លួនបានចំនួន ៥ នាក់ ម៉ូតូ ៣គ្រឿង និង រត់រួច ៥ នាក់ ម៉ូតូ ២គ្រឿង។
មុខសញ្ញា ៥ នាក់ មានកាំបិត១ និង ម៉ូតូ ៣ គ្រឿង ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីចាត់ការតាមនីតិវិធី និងបន្តតាមចាប់បក្សពួក ៥នាក់ទៀត។
ក្រុមក្មេងទំនើងចំនួន ៥ នាក់ បានឃាត់ខ្លួនមាន៖
* ១. ឈ្មោះ សឿន តាំង ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិអូរធំ ឃុំបឹងល្វា ស្រុកសន្ទុក (អ្នកបើកម៉តូ)
* ២. ឈ្មោះ ឈួន សេងហួ ភេទប្រុស អាយុ ១៥ឆ្នាំ ភូមិអូរគគី ឃុំបឹងល្វា ស្រុកសន្ទុក (អ្នកបើកម៉ូតូ)
* ៣. ឈ្មោះ អេង ដានុត ភេទប្រុស អាយុ ១៣ឆ្នាំនៅ ភូមិអូរធំ ឃុំបឹងល្វា ស្រុកសន្ទុក (អ្នកកាប់ម៉ូតូ)
* ៤. ឈ្មោះ បឿន ប៉េងហៀង ភេទប្រុស អាយុ ១២ឆ្នាំ នៅភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុក(កាន់តាំងតោ)
* ៥. ឈ្មោះ សំ តារាវង្ស ភេទប្រុស អាយុ ១៦ឆ្នាំ នៅ ភូមិអូរគគី ឃុំបឹងល្វា ស្រុកសន្ទុក (អ្នកកាប់ម៉ូតូ)។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងយុត្តិធម៌ ធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទោសឱ្យធ្ងន់ទៅលើក្រុមក្មេងទំនើង ដែលតែងតែបង្ករឿងកាប់ចាក់គ្នា។ សម្តេចមហាបវរធិបតី បានដាក់ចេញបទបញ្ជាឱ្យចាត់វិធានការក្តៅលើក្រុមក្មេងទំនើង ដោយគ្មានការលើកលែង៕