(ប៉េកាំង)៖ ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ខែធ្នូ កិច្ចប្រជុំអំពីការងារជនបទមជ្ឈិមចិនបានបើកធ្វើនៅក្រុងប៉េកាំង ដើម្បីអនុវត្តស្មារតី នៃកិច្ចប្រជុំអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិន និងរៀបចំការងា រ“កសិកម្ម ជនបទ និងកសិករ” នៅឆ្នាំ២០២៥។
លោក Xi Jinping ប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍សំខាន់ដោយបានលើកឡើងថា ឆ្នាំ២០២៤ ការផលិតស្បៀង របស់ប្រទេសចិនបានឡើងដល់កម្រិតថ្មី ប្រាក់ចំណូលរបស់កសិករ បានកើនឡើងជាលំដាប់ សង្គមជនបទមាន ភាពសុខដុមរមនានិងស្ថិរភាព។ ឆ្នាំ២០២៥ ត្រូវតែប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយរួមបញ្ចូលគ្នារវាងទីក្រុងនិងជនបទ ដើម្បីធ្វើឱ្យកំណែទម្រង់ ជនបទកាន់តែស៊ីជម្រៅ ពន្លឿនជំហានទំនើបកម្មកសិកម្មនិងជនបទ ជំរុញឱ្យមូលដ្ឋានកសិកម្មកាន់តែរឹងមាំ តំបន់ជនបទកាន់តែមានវិបុលភាព ជីវភាពរស់នៅរបស់កសិករកាន់តែល្អបវរ។
ឆ្នាំ២០២៤ វិស័យកសិកម្មចិនទទួលបានសមិទ្ធផលលេចធ្លោ។ បរិមាណផលិតស្បៀងទូទំាងប្រទេស កើនឡើងដល់ ៧ទ្រីលានគីឡូក្រាម ជាលើកដំបូងដែលបានកើនឡើង ២២១,៨ រយលានគីឡូក្រាម ដែលកើនឡើង១.៦%បើធៀបជាមួយ ឆ្នាំ២០២៣។ ឆ្នាំ២០២៤ផ្ទៃដីដាំដុះស្បៀងទូទាំងប្រទេសចិនមាន១,១៩រយលានហិកតា កើនឡើងជាង៣៥ម៉ឺនហិកតា ដែលបានបន្ត កើនឡើងក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា។ ស្បៀងបីយ៉ាងសំខាន់ៗគឺពោត ស្រូវសាលី និងស្រូវ សម្រេចបាន នូវយន្តូបនីយាកម្មជាទូទៅ គ្រឿងយន្តកសិកម្មទូទំាងប្រទេសចិន បានលើសពី២រយលានគ្រឿងអត្រាប្រើប្រាស់ម៉ាស៊ីន សម្រាប់ភ្ជួរដីដាំដុះនិងប្រមូលផលលើសពី៧៤%។
ប្រទេសចិនបានបង្កើតដីស្រែស្តង់ដាខ្ពស់ជាង៦៦៦ម៉ឺនហិចតា ដែលអាចធានាយ៉ាងនឹងនរនូវសមត្ថភាពផលិតស្បៀង ជាង៥០ប៊ីលានគីឡូក្រាម បានបង្កើតឡើងនូវប្រព័ន្ធគ្រប់គ្រង ដីស្រែឌីជីថល ដែលសម្រេចបាននូវ «ការគ្រប់គ្រងដីស្រែដោយទិន្នន័យ»។ បច្ចុប្បន្ននេះ កសិដ្ឋានជាលក្ខណៈគ្រួសារដែលត្រូវបានបញ្ចូលក្នុង ប្រព័ន្ធបញ្ជីឈ្មោះក្នុងទូទាំងប្រទេសចិន មានជិត៤លានគ្រួសារ សហករណ៍ដែលចុះបញ្ជីស្របច្បាប់កើនឡើងដល់ ២១៤ម៉ឺន៥ពាន់កន្លែង សហភាពសហករណ៍ជាង១ម៉ឺន៥ពាន់កន្លែង។ ប្រទេសចិនបានបង្កើតឡើង នូវប្រព័ន្ធសេវាកម្មសង្គមកសិកម្ម ប្រកបដោយសុក្រឹតភាពដែលបានដើរតួនាទី ក្នុងការដឹកនាំកសិករចូលផ្លូវអភិវឌ្ឍកសិកម្មទំនើប។
ចំណូលរបស់ប្រជាជនរស់នៅជនបទ បានកើនឡើងយ៉ាងឆាប់រហ័ស។ ចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី៣ក្នុងឆ្នាំនេះ ចំណូលគិតជាមធ្យមរបស់ប្រជាជនម្នាក់ៗ ទូទាំងប្រទេសគឺ ៣០៩៤១យាន់ប្រាក់ចិន (ស្មើ៤២០០ដុល្លារអាមេរិក)ដែលបានកើនឡើង៤.៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។
បីត្រីមាសដំបូងក្នុងឆ្នាំនេះចំណូល ដែលគិតជាមធ្យោមក្នុងប្រជាជនរស់នៅជនបទម្នាក់ៗ គឺ១៦៧៤០យាន់ប្រាក់ចិន (ស្មើ២៣០០ដុល្លារអាមេរិក)ដែលកើនឡើង៦.៣% បើប្រៀបធៀបជាមួយ រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ហើយខ្ពស់ជាង២.១%នៃល្បឿនកំណើននៃចំណូលរបស់ប្រជាជនរស់នៅ ទីក្រុងនិងទីប្រជុំជន។ ចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី៣ក្នុងឆ្នាំនេះ ចំណាយគិតជាមធ្យមនៃប្រជាជនរស់នៅ ក្នុងជនបទគឺ១៣៨៣៩យាន់ប្រាក់ចិន (ស្មើ១៨៩៦ដុល្លារអាមេរិក)ដែលបានកើនឡើងជាក់ស្តែង៦.២% បើប្រៀបធៀបជាមួយរយៈពេលដូចគ្នា នាឆ្នាំ២០២៣ខ្ពស់ជាង១.៤%នៃល្បឿនកំណើនចំណាយរបស់ប្រជាជនរស់នៅ ទីក្រុងនិងទីប្រជុំជន។
បរិស្ថានរស់នៅនៅជនបទបានត្រូវកែលម្អជាបន្តបន្ទាប់។ អត្រាប្រើប្រាស់បង្គន់អនាម័យក្នុងជនបទ បានឡើងដល់ប្រហែល៧៥%។អត្រានៃភូមិរដ្ឋបាល ដែលបានប្រមូលសំរាម លើសពី៩០%។ អត្រាគ្រប់គ្រងនិងចាត់ចែងទឹកកខ្វក់ នៅជនបទលើសពី៤៥% ស្ថានភាពដែលទឹកកខ្វក់ហូរគ្រប់ទីកន្លែង បានត្រូវកែប្រែយ៉ាងល្អប្រសើរ។ភូមិឃុំនិងភូមិ ដែលមានលក្ខណៈសម្បត្តិ សុទ្ធតែបានសាងសង់ផ្លូវធ្វើដំណើរទាំងអស់ ហើយអត្រាប្រើប្រាស់ទឹកស្អាតនៅទីជនបទ ក៏បានឈានដល់៩០%ផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន